28 C
Phnom Penh

អ្នកវិភាគថា វិធានការទប់ស្កាត់ជំងឺកូរ៉ូណា របស់រដ្ឋាភិបាល ជាវិធានការដែលចាំតែស្តាប់ខ្យល់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលនិយាយថា វិធានការទប់ស្កាត់ការរីករាលដាលជំងឺCovid-19 ឬ ជំងឺកូរ៉ូណា របស់រដ្ឋាភិបាល គឺជាវិធានការដែលខ្វះវិជ្ជសាស្ត្រ ឬ បច្ចេកទេស ពោលគឺជាវិធានការដែលចាំតែស្តាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។

អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងថា របៀបទប់ស្កាត់ជំងឺកូរ៉ូណារបស់ក្រសួងសុខាភិបាលកម្ពុជា គឺជាវិធានការដែលគ្មានស្មារតីសុខាភិបាលច្បាស់លាស់ ប៉ុន្តែជាវិធានការដែលចាំតែស្តាប់ខ្យល់របស់លោក ហ៊ុន សែន ដែលមិនមែនជាមន្ត្រីវេជ្ជសាស្ត្រសោះ នោះ។

លោកបន្តថា វិធានការរបស់រដ្ឋាភិបាល មិនស្របតាមវិធានការជាក់ស្តែងរបស់ប្រទេសនៅលើពិភពលោក ដែលគេកំពុងធ្វើយ៉ាងប្រយ័ត្នប្រយែងបំផុត ព្រោះប្រទេសជាច្រើនបានបិទជើងយន្តហោះពីតំបន់ដែលមានផ្ទុះជំងឺនេះខ្លាំង គឺប្រទេសចិនតែម្តង ប៉ុន្តែសម្រាប់កម្ពុជាវិញមិនហ៊ានបិទជើងយន្តហោះពីប្រទេសមហាមិត្តរបស់ខ្លួននោះទេ។

ជាងនេះទៀត លោកថា ប្រព័ន្ធសុខាភិបាលកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលរបស់លោកហ៊ុន សែននោះ មិនបានណែនាំពលរដ្ឋទៅតាមលក្ខខណ្ឌវេជ្ជសាស្ត្រឡើយ ដូចជាការហាមពលរដ្ឋមិនឱ្យជួបជុំគ្នាច្រើន ខ្លាចឆ្លងរីករាលដាលជំងឺនេះបន្ថែមទៀត ប៉ុន្តែសម្រាប់លោក ហ៊ុន សែន វិញ បានប្រកាសគៀងគរពលរដ្ឋឱ្យជួបជុំគ្នាក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងទៅវិញ។

អ្នកវិភាគរូបនេះ មើលឃើញថាវិធានការទប់ស្កាត់និងបង្ការជំងឺកូរ៉ូណានេះ របស់រដ្ឋជាវិធានការ ដែលមានតែនៅលើបបូរមាត់លើថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំក្រសួងប៉ុណ្ណោះ ពោលគឺខ្វះខាតទាំងថវិកា និងសម្ភារៈបច្ចេកជាដើម។ វិធានការទាំងនោះ លោកថា នឹងធ្វើឱ្យការទប់ស្កាត់មិនមានប្រសិទ្ធភាពនោះឡើយ។

ដោយឡែកចំណុចខ្សោយមួយទៀត របស់រដ្ឋអំណាច គឺ ខ្វះការលើកទឹកចិត្តពលរដ្ឋ ឱ្យសហការគ្នា ដើម្បីចូលរួមទៅពិនិត្យសុខភាពផ្ទាល់ខ្លួនគ្រប់ៗគ្នា ដែលធ្វើឱ្យពលរដ្ឋខ្លះមិនយល់ ខ្លាចរអាល ក្នុងការទៅពិនិត្យសុខភាពនៅពេលមានការសង្ស័យពីអាការៈសុខភាពរបស់ខ្លួន។

ការលើកឡើងនេះ ក្រោយពេល រដ្ឋាភិបាល បានចេញសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩កាលពីថ្ងៃម្សិលមិញ ដើម្បីឆ្លើយតបទៅនឹង ស្ថានភាពជំងឺកូវីដ-១៩ បច្ចុប្បន្ន កំពុងរាតត្បាតជាសកល ពិសេសនៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៤ចំណុចដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ រួមមានប្រាប់ពលរដ្ឋខ្មែរទាំងអស់មិនត្រូវធ្វើដំណើរទៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើពុំមានការចាំបាច់ដែលខានពុំបាន។ រដ្ឋាភិបាលក៏បានស្នើឱ្យមន្ត្រីរាជការ និងពលរដ្ឋកម្ពុជាដែលទើបវិលត្រឡប់មកពីបណ្ដាប្រទេសទាំងនេះ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់កម្ពុជាវិញ។

ជាងនេះទៀត រដ្ឋាភិបាល ក៏បានបញ្ជាទៅគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ មិនត្រូវអនុញ្ញាតឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំគ្រប់ប្រភេទនៅបណ្ដាប្រទេសទាំងនោះឡើយ។

ដោយឡែក ក្នុងករណីចាំបាច់ខានមិនបានដែលតម្រូវឱ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំ ក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំឱ្យចូលរួមជំនួស។

កាលពីពេលកន្លងមក រដ្ឋាភិបាលប្រកាសត្រៀមថវិកាប្រមាណ៣០លានដុល្លារដើម្បីរួមចំណែកទប់ស្កាត់ និងបង្ហារការរីករាលដាលជំងឺនេះនៅកម្ពុជា។

កាលពីខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសបែបអំនួតថា ទាល់តែយូរទើបកម្ពុជាមានពលរដ្ឋខ្មែរកើតជំងឺកូរ៉ូណា ឬ ថាទាល់តែថ្ងៃទី ៣១ កុម្ភៈ ទើបខ្មែរមានអ្នកឆ្លងជំងឺនេះ។

ប៉ុន្មានថ្ងៃក្រោយមក លោក ហ៊ុន សែន បានប្តូរឥរិយាបថរបស់ខ្លួន ដោយប្រកាសដាក់ចេញវិធានការជាអាទិភាពបំផុតនោះ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាទៅវិញ។

មកដល់ពេលថ្ងៃច័ន្ទនេះ កម្ពុជាមានអ្នកផ្ទុកជំងឺនេះកើតឡើង ១២ ករណីហើយ ដោយមាន៤នាក់ជាខ្មែរ និងខ្មែរឥស្លាម ហើយ៨នាក់ទៀត ជាបរទេសអឺរ៉ុប និងម្នាក់ជាជនជាតិចិន ប៉ុន្តែត្រូវបានព្យាបាលឱ្យជាសះស្បើយកាលពីខែមុន។

អ្នកឆ្លងជំងឺនេះ១១នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យដាច់ដោយឡែកនៅរាជធានីភ្នំពេញ សៀមរាប ខេត្តកំពង់ចាម និងខេត្តព្រះវិហារ។

ដោយឡែក មានជាច្រើននាក់ទៀតត្រូវបានក្រសួងសុខាភិបាលដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព ក្រោយពេលរកឃើញថាពួកគេបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយមនុស្ស១១នាក់ ដែលផ្ទុកជំងឺនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស