29.3 C
Phnom Penh

Global Witness ទាមទារឱ្យបញ្ចប់ការយាយីតាមផ្លូវតុលាការលើលោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៣រូបទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការអន្តរជាតិ Global Witness បានទាមទារឱ្យរដ្ឋាភិបាល និងតុលាការកម្ពុជា បញ្ចប់ការយាយីដល់សកម្មជនការពារបរិស្ថាន លោក អ៊ូច ឡេង និងបណ្តាញស្នូលការពារព្រៃឡង់៣ រូបទៀត ព្រោះពួកគេមិនមែនជាជនល្មើស តែជាក្រុមអ្នកការពារផលប្រយោជន៍រួមរបស់ជាតិ និងពិភពលោកប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលពិភពលោក Global Witness ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទ បានសាទរចំពោះការដោះលែងសកម្មជនការពារបរិស្ថានទាំង៤រូប ឱ្យផុតពីការឃុំឃាំងរបស់ប៉ូលិស ប៉ុន្តែអង្គការអន្តរជាតិមួយនេះ បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់រាល់ការស៊ើបអង្កេតលើសកម្មភាពរបស់ពួកគេបន្តទៀត។

កាលម្សិលមិញ ម្ចាស់ពានរង្វាន់វីរជនបរិស្ថានអន្តរជាតិឬហៅថា Goldman Environmental Prize និងសកម្មជនការពារព្រៃឡង់៣រូបទៀត រួមមានលោក លោក ខេម សុឃី លោក ស្រី ថី និងលោក មេន ម៉ាត់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីសន្តិសុខក្រុមហ៊ុន ស៊ីងបាយអូតិក (Think Biotech) នៅខេត្តក្រចេះ ចាប់ខ្លួនពួកគេកាលពីថ្ងៃទី១៣ ខែមីនា ហើយបញ្ជូនមកឱ្យសមត្ថកិច្ច និងបានបញ្ជូនមកសាកសួរនៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ត្បិតតែពួកគេទាំង៤នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ប៉ុន្តែពួកគេត្រូវស្ថិតនៅក្រោមការតាមដានឬ ក្រោមលក្ខខណ្ឌរបស់តុលាការនៅឡើយ។

ប្រធានយុទ្ធនាការអ្នកការពារដីធ្លី និងបរិស្ថាននៃអង្គការ Global Witness លោក Man-Kwun Chan បានហៅការដោះលែងសកម្មជនការពារបរិស្ថានទាំង៤រូបថាបានធ្វើស្ថានការណ៍ធូរស្រាលមួយកម្រិត ប៉ុន្តែលោកថាការដាក់ពួកគេក្រោមការស៊ើបអង្កេត ក្នុងឋានៈជាជនសង្ស័យនជ គឺជាការគំរាមកំហែងប្រឆាំងនឹងពួកគេព្រមទាំងជាសារគំរាមកំហែងទៅលើអ្នកការពារបរិស្ថានដទៃទៀត។

លោកថា ជារួមគឺអាជ្ញាធរកម្ពុជាបន្តការធ្វើទុក្ខបុកម្នេញសកម្មជនព្រៃឈើដែលធ្វើការងារដើម្បីការពារបេតិកភណ្ឌធម្មជាតិ ដ៏មានតម្លៃបំផុតរបស់ប្រទេសរបស់ពួកគេ ដោយរដ្ឋាភិបាលមិនបានការពារនិងគាំទ្រការងារដ៏សំខាន់របស់ពួកគេនោះទេ។ លោកថា រាល់នីតិវិធីតុលាការប្រឆាំង លោក អ៊ូច ឡេង និងសហសេវិករបស់គាត់ផ្សេងទៀត ត្រូវតែបញ្ចប់ដោយគ្មានល័ក្ខខ័ណ្ឌនិងដោយគ្មានការពន្យាពេលទៀតនោះឡើយ។

ប្រភពដដែលឲ្យដឹងទៀតថា ក្រុមសង្គមស៊ីវិលកម្ពុជារាយការណ៍ថា លោក មេន ម៉ាត់ ត្រូវបានវាយធ្វើបាបលើរាងកាយ ដោយកម្មករក្រុមហ៊ុន ស៊ីងបាយអូតិច (Think Biotech) ។ ករណីនេះធ្វើឱ្យគេនឹកឃើញដល់ ដល់ការឃុបឃិតគ្នារវាងសន្តិសុខក្រុមហ៊ុនឯកជន និងកងកម្លាំងរបស់រដ្ឋក្នុងអំពើឃាតកម្មដ៏សាហាវមួយ ទៅលើអ្នកការពារបរិស្ថាន គឺអតីតប្រធានអង្គការការពារធនធានធម្មជាតិ លោកឈុត វុទ្ធី កាលពីឆ្នាំ ២០១២ ។

អង្គការ Global Witness  ឱ្យដឹងថា កាលពីខែតុលាឆ្នាំមុន ការិយាល័យសហភាពអឺរ៉ុប និងទីភ្នាក់ងារ USAID នៅកម្ពុជា បានបញ្ជូនរបាយការណ៍នៃការកាប់ឈើខុសច្បាប់ពីសំណាក់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច Think Biotech ដែលជាសម្ព័ន្ធមិត្តជាមួយក្រុមហ៊ុនកែច្នៃឈើមួយឈ្មោះ Angkor Plywood ទៅក្រសួងបរិស្ថានដើម្បីធ្វើការស៊ើបអង្កេត។

Global Witness ថា អ្នកជំនួញជនជាតិតៃវ៉ាន់ឈ្មោះលូ ជូចាង (Lu Chu Chang) ដែលជានាយកក្រុមហ៊ុនទាំងពីរមានទំនាក់ទំនងយូរមកហើយជាមួយនឹងការកាប់ឈើខុសច្បាប់ ព្រមទាំងការរំលោភសិទ្ធិពលរដ្ឋកម្ពុជា។ កាលពីឆ្នាំ ២០០១ ការស៊ើបអង្កេតរបស់ Global Witness បានបង្ហាញថាក្រុមហ៊ុនដែលលោកបើកដំណើរការនោះមានឈ្មោះ Cherndar Plywood បានកាប់ដើមច្បោះជ័ររបស់អ្នកភូមិដោយខុសច្បាប់នៅខេត្តព្រះវិហារ ស្ថិតនៅក្បែរក្រុមហ៊ុនរបស់ខ្លួន។

អង្គការអន្តរជាតិមួយនេះ បានបកអាក្រាតម្តងហើយម្តទៀត ជុំវិញអំពើពុករលួយរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ពាក់ព័ន្ធការកាប់បំផ្លាញឈើខុសច្បាប់ពេលនោះ ក្រោយមកក៏មានការចាត់វិធានការចំពោះក្រុមហ៊ុនខុសច្បាប់ខ្លះដែរ។

ទោះបីជាយ៉ាងនេះក្តី លោក Man-Kwun Chan បានមានប្រសាសន៍ថា“ ការឃុំខ្លួននិងការស៊ើបអង្កេតលើលោកអ៊ូច ឡេង និងសហការីរបស់គាត់បានចោទជាសំណួរ តើថាហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាកំពុងការពារផលប្រយោជន៍របស់ក្រុមហ៊ុនដែលប្រឈមនឹងការចោទប្រកាន់ជុំវិញការកាប់ឈើខុសច្បាប់ និងជាក្រុមហ៊ុនមានទំនាក់ទំនងជាមួយការកាប់បំផ្លាញព្រៃឈើយ៉ាងយូរនៅក្នុងប្រទេសកម្ពុជានោះ?

មន្ត្រីអង្គការអន្តរជាតិមួយនេះយល់ថា អាជ្ញាធរគួរតែផ្តោតលើការស៊ើបអង្កេតចំពោះការកាប់ឈើខុសច្បាប់ដោយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច Think Biotech និងស្រាវជ្រាវជុំវិញការរារាំងសកម្មជនបរិស្ថានក្នុងគោលបំណងការពារព្រៃឈើរបស់ប្រទេស ពីសំណាក់កម្លាំងសន្តិសុខក្រុមហ៊ុនឯកជនមួយនេះប្រសើរជាជាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស