ក្រសួងសុខាភិបាលបានអះអាងថា ខ្លួនបានរកឃើញអ្នកផ្ទុកជំងឺ Covid-19 ឬ កូរ៉ូណា ចំនួន១២ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នករកឃើញផ្ទុកជំងឺនេះកើនឡើងដល់២៤ ករណីហើយ។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានឱ្យដឹងមានពលរដ្ឋកម្ពុជាចំនួន១២នាក់បន្ថែមទៀតបានឆ្លងជំងឺកូរ៉ូណា ដោយក្នុងនោះ ១១ករណីជាពលរដ្ឋខ្មែរឥស្លាម ដែលទើបត្រលប់មកពីចូលរួមក្នុងពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងពលរដ្ឋខ្មែរម្នាក់ទៀតទើបមកពីប្រទេសថៃ។
ក្រសួងបញ្ជាក់ថា បុរសខ្មែរឥស្លាមទាំង១១នាក់នោះ គឺស្ថិតនៅក្នុងចំណោមមនុស្ស ៧៩នាក់ដែលទៅចូលរួមពិធីសាសនាឥស្លាមនៅប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈ ហើយទើបត្រឡប់មកកម្ពុជាកាលពីដើមខែមីនា។
ប្រភពដដែលឱ្យដឹងទៀតថា ២ករណីត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ២ករណីទៀតរកឃើញនៅខេត្តបន្ទាយមានជ័យ។ ដោយឡែក ២ករណីនៅខេត្តកំពង់ឆ្នាំង ៤ករណីទៀតរកឃើញនៅខេត្តបាត់ដំបង ហើយ១ករណីនៅខេត្តកំពត និងមួយករណីទៀតរកឃើញនៅខេត្តត្បូងឃ្មុំ។
ក្រសួងអះអាងថា បច្ចុប្បន្ន អ្នកទាំង១២នាក់ត្រូវដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យខេត្តកែប និងមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។
យ៉ាងនេះក្តី ក្រសួងសុខាភិបាល អះអាងថា ខ្លួនកំពុងតាមដានអ្នកប៉ះពាល់ជាមួយពលរដ្ឋទាំង១២នាក់នេះ និងបន្តស្វែងរកក្រុមខ្មែរឥស្លាមដែលទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនោះផងដែរ។
ក្រោយការប្រកាសនេះ រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលដដែល បានផ្ញើលិខិតជូនទៅក្រសួងធម្មការ និងសាសនា ព្រមទាំងអភិបាលខេត្ត រាជធានីទាំងអស់ ស្តីពីការបិទជាផ្លូវការនូរពិធីជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដកំពុងរីករាលដាលជាសកល និងដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺនេះបន្ថែមទៀត។ លិខិតដដែល បញ្ជាក់ថា នឹងចាប់អនុវត្តពីថ្ងៃអង្គារ៍ទី១៧ មីនា នេះតទៅ រហូតដល់ស្ថានភាពជំងឺកូរ៉ូណាមានភាពធូរស្រាលឡើងវិញ។
ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចបិទកន្លែងកម្សាន្ត ខារ៉ាអូខេ និងរោងភាពយន្តទូទាំងប្រទេសផងដែរ ដោយការអនុវត្តន៍ពីថ្ងៃ១៧ មីនា ដូចគ្នាដែរ។
ដោយឡែកកាលពីថ្ងៃម្សិលមិញ វិបត្តិជំងឺកូរ៉ូណាក៏បានធ្វើឱ្យក្រសួងអប់រំសម្រេចឱ្យគ្រប់គ្រឹះស្ថានសិក្សា និងសាលារៀនទាំងអស់ទូទាំងប្រទេសចូលវិស្សមកាលតូតឬវាកងតូច តែម្តងដើម្បីបង្ការឬការពារជំងឺនេះ រហូតដល់ពេលមានសេចក្តីជូនដំណឹងថ្មី។
គិតត្រឹមថ្ងៃទី១៧ ខែមីនានេះ ក្រសួងសុខាភិបាលអះអាងថា បានរកឃើញអ្នកផ្ទុកជំងឺកូរ៉ូណា សរុបចំនួន២៤ករណី ដែលរួមមានជនជាតិខ្មែរ និងខ្មែរឥស្លាមចំនួន១៦នាក់ និងជនបរទេសចំនួន៨នាក់ ដោយក្នុងនោះ ជនជាតិចិនម្នាក់ត្រូវបានព្យាបាលជាសះស្បើយ និងបានបញ្ជូនទៅប្រទេសកំណើតគេវិញកាលពីខែកុម្ភៈ៕