28.4 C
Phnom Penh

អតីតសណ្ឋាគារផ្កាយប្រាំ មុនគេនៅកម្ពុជា ក្លាយជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលប្រកាសជាផ្លូវការ ដោយយកសណ្ឋាគារអាំងទែកុងទីណង់តាល់ ដែលបានប្តូរឈ្មោះមកជាសណ្ឋាគារ The Great DUKE Phnom Penh ក្នុងរាជធានីភ្នំពេញ ធ្វើជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ឬកូរ៉ូណា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃ១៧ ខែមីនា បានឱ្យដឹងថា ក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ បានសម្រេចយកអតីតសណ្ឋាគារលំដាប់ផ្កាយ៥ដំបូងគេនៅកម្ពុជាមួយនេះ  ធ្វើជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩  បន្ទាប់ពីមានការសម្រេចពីប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន។ 

ក្រៅពីសម្រេចបែបនេះ ក្រសួងសុខាភិបាលក៏បានប្រកាសសហការជាមួយកងកម្លាំងសុខាភិបាលរបស់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ   ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ ព្រមទាំងរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណានេះឱ្យមានប្រសិទ្ធភាពខ្ពស់។

សណ្ឋាគារផ្កាយប្រាំអាំងទែរកុងទីណង់តាល់ ត្រូវបានប្ដូរឈ្មោះជាសណ្ឋាគារ ដឹហ្រ្កេតឌ្យូកភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៨ ។ សណ្ឋាគារនេះបានបើកដំណើរការនៅក្នុងឆ្នាំ១៩៩៦ ហើយបាន ប្រកាសបិទទ្វារកាលពីចុងឆ្នាំ២០១៩ ដោយបញ្ហាសេដ្ឋកិច្ច។ សណ្ឋាគារនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលមានលោកឧកញ៉ា ខូវ សម្បត្តិ ជាម្ចាស់សណ្ឋាគារ។

ការប្រកាសយកអតីតសណ្ឋាគារលំដាប់ផ្កាយ៥ដំបូងគេ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូរ៉ូណានេះ ក្រោយពេលកម្ពុជារកឃើញអ្នកផ្ទុកមេរោគនេះជាបន្តបន្ទាប់ ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងនៅស្រុកចិនកាលពីចុងឆ្នាំមុន។

គិតមកត្រឹមថ្ងៃទី១៧ ខែមីនា កម្ពុជារកឃើញអ្នកផ្ទុកកូរ៉ូណា ចំនួន ២៤ករណីហើយ ដោយក្នុងនោះមានពលរដ្ឋខ្មែរ និងខ្មែរឥស្លាមចំនួន១៦ករណី និងបរទេសចំនួន៨ករណី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស