មន្ត្រីរដ្ឋាភិបាលបានអះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិន ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនពលរដ្ឋ។
ការអះអាងនេះ ក្រោយពេលមានសារព័ត៌មានបរទេសបានចុះផ្សាយនៅថ្ងៃនេះថា រដ្ឋាភិបាលចិនបានរកឃើញថ្នាំការពារឬ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ឬកូរ៉ូណា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ចិនទើបតែប្រកាសបឋមអំពីការរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុណ្ណោះ។ អ្នកស្រីថា ដើម្បីឱ្យវ៉ាក់សាំងនេះទទួលស្គាល់ជាផ្លូវការ លុះត្រាតែអ្នកជំនាញអង្គការសុខភាពពិភពលោកធ្វើតេស្ត និងប្រកាសទទួលស្គាល់ ហើយអន្តរជាតិអាចយកទៅប្រើប្រាស់បាន។
យ៉ាងនេះក្តីអ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងទំនាក់ទំនងទៅរដ្ឋាភិបាលចិនស្នើសុំវ៉ាក់សាំងនោះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋផងដែរ។
ដោយឡែកសារព័ត៌មានជប៉ុន NHK ដែលបានចុះផ្សាយនៅថ្ងៃពុធនេះ ឱ្យដឹងថា ប្រទេសខ្លួនបានរកឃើញថ្នាំប្រឆាំងមេរោគកូវីដ-១៩ ឈ្មោះ Avigan ដែលជាការរកឃើញដោយក្រុមហ៊ុនជប៉ុន Fujifilm Holdings ត្រូវបានទទួលស្គាល់អំពីប្រសិទ្ធភាពរបស់វាដោយមជ្ឈមណ្ឌលជាតិចិន បន្ទាប់ពីប្រើសាកលើអ្នកជំងឺនៅក្រុងវូហាន និងស៊ិនជិន។
តាមប្រភពដដែលថា ថ្នាំនេះបានប្រើសាកល្បងដោយជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្រុងវូហាន ២៤០នាក់ និងនៅក្រុងស៊ិនជិន ៨០នាក់។
យ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកឬ WHO មិនទាន់បានបង្ហាញជាផ្លូវការ ជុំវិញការប្រកាសរកឃើញថ្នាំចាក់វ៉ាក់សាំងរបស់ចិន និងថ្នាំព្យាបាលជំងឺកូរ៉ូណារបស់ជប៉ុននៅឡើយទេ។
ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងដំបូងនៅក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ២០១៩ មកដល់ត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ សរុបចំនួន ៣៥ករណី ក្នុងនោះមានពលរដ្ឋខ្មែរចំនួន២២នាក់ និងបរទេសចំនួន១៣នាក់៕