27.5 C
Phnom Penh

អ្នកវិភាគថា លោកហ៊ុន សែន កំពុងធ្វើនយោបាយខ្មោចងាប់៧ថ្ងៃ យកមកធ្វើបុណ្យដើម្បីបានមុខមាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយបានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងអនុវត្តន៍នយោបាយខ្មោចងាប់៧ថ្ងៃទៅហើយ នៅគាស់យកមកធ្វើបុណ្យដើម្បីយកមុខមាត់ថែមទៀត។

ការលើកឡើងនេះក្រោយពេលរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការនៅថ្ងៃនេះ ដោយបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានលោកហ៊ុន សែន ជាប្រធាន អមដោយអនុប្រធាន៥រូប និងសមាជិក៤០នាក់ ដែលក្នុងនោះមាន២០នាក់មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និង សមាជិកជាអភិបាលរាជធានីខេត្តទាំងអស់។ គណៈកម្មការជាតិនេះ មានកាតព្វកិច្ច កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រជាតិពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ១៩។ ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺរលាកផ្លូវដង្ហើមនេះ ព្រមទាំង គ្រង់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្តរជាតិ ជាដើម។

គិតមកត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូរ៉ូណា មានចំនួន៣៥នាក់ហើយ ដោយក្នុងនោះមានពលរដ្ឋកម្ពុជា២២នាក់ និងបរទេសមានចំនួន១៣នាក់។

អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសលោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ ដោយហៅការសម្រេចចិត្តរបស់រដ្ឋាភិបាលថា ជានយោបាយខ្លោចងាប់៧ថ្ងៃហើយ នៅឆ្លៀតប្រឹងយកមុខមាត់ទៅបង្កើតគណៈកម្មការជាតិ ដាក់ឈ្មោះរបស់ខ្លួននៅពីលើអ្នកជំនាញវេជ្ជសាស្ត្រទៀត។

លោកថា គណៈកម្មការជាតិនេះ គ្រាន់តែបង្កើតឡើងដើម្បីនាំគ្នាបម្រុងដើរប្រមូលជនរងគ្រោះឆ្លងមេរោគកូវីដ-១៩ ទៅទុកម្ដុំប៉ុណ្ណោះ ហើយផ្សាយថា ខំជួយពលរដ្ឋណាស់ ប៉ុន្តែក្រុមនេះមិនបានបង្ហាញផែនការលំអិតអំពីវិធានការទប់ស្កាត់ និងការយកចិត្តទុកដាក់ព្យាបាលពលរដ្ឋនោះទេ។

កាលពីពាក់កណ្ដាលខែមុនលោកគឹម សុខ ធ្លាប់លើកឡើងថា រាស្ត្រខ្មែរអាចនឹងប្រឈមវិនាសកម្មធ្ងន់ធ្ងរ ប្រសិនបើលោក ហ៊ុន សែន នៅតែយកករណីជំងឺកូរ៉ូណា ទៅលេងល្ខោននយោបាយដើម្បីតែមុខមាត់របស់ខ្លួនទៀតនោះ។

អ្នកវិភាគនយោបាយដដែលដាស់តឿនទៅលោក ហ៊ុន សែនថា ល្មមឈប់លេងល្ខោននយោបាយដែលដើរតួតែឯងគ្រប់រឿងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយយកឈ្មោះខ្មែរទៅបិទបាំង និងល្មមឈប់នាំឱ្យខ្មែរប្រឈមនឹងគ្រោះកាចកាន់តែធ្ងន់ធ្ងរនេះទៀតទៅ។

លោកថា វិនាសកម្មនៃការឆ្លងមេរោគកូរ៉ូណានៅកម្ពុជា ប្រសិនបើកើតមានដល់កម្រិតរីករាលដាលខ្លាំងនោះ កម្ពុជានឹងក្លាយជាសោកដនាកម្មនៃការបាត់បង់ជីវិតខ្មែរយ៉ាងរង្គាលជាថ្មីលើកទី៤ បន្ទាប់ពីការស្លាប់ក្នុងសម័យលន់ណុល សម័យ ប៉ុល ពត សម័យវៀតណាមគ្រប់គ្រងកម្ពុជា ឬ សម័យក្រុមរបស់លោក ហ៊ុន សែន អនុវត្តនយោបាយយួន «ក-៥»។

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត មាសនី លើកឡើងថាកាលពីពេលថ្មីៗនេះ ប្រាប់កាសែតThe Cambodia Daily ថា ប្រសិនបើជំងឺកូវីដ-១៩ ឬ កូរ៉ូណា នៅបន្តអូសបន្លាយទៀត កម្ពុជានឹងត្រូវខាតបង់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ។

លោកបានដកស្រង់របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីឬADB ថា ប្រសិនបើជំងឺកូរ៉ូណា មានរយៈពេល២ខែ នឹងធ្វើឱ្យGDP កម្ពុជាបាត់បង់ការលូតលាស់ជាង១ភាគរយ ឬ បាត់បង់ថវិកាជិត៣រយលានដុល្លារ។ ដោយឡែកនឹងខាតបង់វិស័យដឹកជញ្ជូនជាង១រយលានដុល្លារ និងធ្វើឱ្យបាត់បង់ការងារជិត៥ម៉ឺនកន្លែង។

លើសពីនេះ ប្រសិនបើជំងឺនេះអូសបន្លាយរយៈពេល៣ ខែ GDP កម្ពុជា នឹងខាតបង់ជិត៤រយលានដុល្លារ ហើយវិស័យដឹកជញ្ជូននឹងខាតបង់ជាង២រយលានដុល្លារ ព្រមទាំងធ្វើឱ្យពលរដ្ឋបាត់បង់ការងារធ្វើជិត៦ ម៉ឺនកន្លែង។ លោកថា ប្រសិនបើជំងឺនេះ អូសបន្លាយរហូតដល់៦ខែ កម្ពុជានឹងបាត់បង់ការលូតលាស់នៃ GDP ជិត១ពាន់លានដុល្លារ និងធ្វើឱ្យពលរដ្ឋបង់ការងារជាង២៥ម៉ឺនកន្លែងថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស