27 C
Phnom Penh

រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកជាបឹងធម្មជាតិ ជិត១រយហិកតា ដើម្បីធ្វើជាសួននិងឧទ្យានធម្មជាតិវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចកាត់ផ្ទៃបឹងតាមោក ដែលជាបឹងធម្មជាតិចុងក្រោយនៅរាជធានីភ្នំពេញទំហំជិត១រយហិកតា ដើម្បីរៀបចំជាសួន និងឧទ្យានធម្មជាតិសាធារណៈ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានហត្ថលេខាជំនួសរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី គឺ លោក ឈិត សុខុម កាលពីថ្ងៃទី ១៣ មីនា ដែលកាសែតThe Cambodia Daily ទើបនឹងទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ដោយមានចំណារយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាលបានសម្រេចផ្តល់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវ ទំហំ៧៥ហិកតា ស្ថិតនៅរាជធានីភ្នំពេញ ដើម្បីបង្កើតជាសួន និងឧទ្យានធម្មជាតិសាធារណៈនៅភ្នំពេញវិញ។

កាលពីថ្ងៃទី៣កុម្ភៈ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយសម្រេចកំណត់ទំហំផ្ទៃដីបឹងតាមោកជាង៣ពាន់ហិកតា(៣ ២៣៩,៧) ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

ក្នុងវេទិកាថ្នាក់ជាតិលើកទីពីរ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ តារាចម្រៀងស្រីដ៏ល្បីនៅកម្ពុជាមួយរូប កញ្ញា មាស សុខសោភា ធ្លាប់ស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអន្តរាគមន៍ជួយរក្សាបឹងតាមោក ឬបឹងកប់ស្រូវ ដោយជួយមិនឱ្យមានការលុបបឹងនេះអី ព្រោះថាបឹងនេះជាបឹងធម្មជាតិធំចុងក្រោយនៅរាជធានីភ្នំពេញ។  ជាការឆ្លើយតប នៅគ្រាលនោះលោក ហ៊ុន សែន ក៏បានឆ្លើយតបនឹងសំណើរកញ្ញា មាស សុខសោភា ថា នឹងរក្សាទុកបឹងនេះ។

ផ្ទុយស្រឡះពីការសន្យាគ្រានោះ របស់លោកហ៊ុន សែន បឹងធម្មជាតិមួយនេះរងការកាត់បន្តិចម្តងៗ ទៅឱ្យស្ថាប័នពាក់ព័ន្ធតាមការស្នើសុំ ដោយមានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រីផ្ទាល់ ។

ជាក់ស្តែង កាលពីថ្ងៃទី ២ សីហា ឆ្នាំ២០១៨ រដ្ឋាភិបាលបានយល់ព្រមកាត់ផ្ទៃដីបឹងតាមោកទំហំ ២០ហិកតា តាមការស្នើសុំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។ ដោយឡែកនៅឆ្នាំ២០២០នេះ ក៏មានការយល់ព្រមកាត់ផ្ទៃបឹងនេះក្រោមស្លាកអភិវឌ្ឍន៍ជិត១រយហិតកាថែមទៀត។

ក្រៅពីមានការផ្តល់បែបនេះ ក៏មានការរំលោភបំពានពីសំណាក់ឯកជន ពិសេសអ្នកមានប្រាក់ ឬមានអំណាចចាក់ដីរំលោភយកជាហូរហែផងដែរ។

បឹងតាមោកនេះ ជាបឹងធម្មជាតិចុងក្រោយនៅភ្នំពេញ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចវិនិយោគផ្ទៃបឹងជាច្រើនៅភ្នំពេញដូចជាបឹងត្របែក បឹងបាយ៉ាប បឹងក្រពើ បឹងទំពុន ឬបឹកកក់ ជាដើម។ ការលុបបឹងធម្មជាតិក្រោមស្លាកអភិវឌ្ឍន៍នោះ បានធ្វើឱ្យរាជធានីភ្នំពេញ ជួបប្រទះជំនន់ទឹកភ្លៀងរាល់ឆ្នាំ មិនដែលខានឡើយ ព្រោះគ្មានកន្លែងសម្រាប់ដោះទឹក ឬ ស្តុកទឹកដូចពីមុន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស