28.4 C
Phnom Penh

វៀតណាម ស្វែងរកការសុំលើកពេលកិច្ចប្រជុំកំពូលអាស៊ាន ដោយសារមេរោគកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមអាស៊ាន គឺជាប្រជាជាតិដ៏ធំមួយក្នុងតំបន់អាស៊ី ដែលមានប្រជាជន ជាង៦៣០លាននាក់។ សមាគមនេះ មាន១០ប្រទេស                  ជាសមាជិក។ សម្រាប់ឆ្នាំ២០២០នេះ ប្រធានប្រចាំឆ្នាំ បានទៅលើប្រទេសវៀតណាម។ ប៉ុន្តែឆ្នាំនេះ គឺជាឆ្នាំនៃការផ្ទុះមេរោគកូរ៉ូណា ដ៏កំណាច ដែលផ្ទុះចេញពីក្រុងវូហាន ខេត្តអ៊ូប៉ី នៃប្រទេសចិន។ មេរោគនេះ បានសម្លាប់ពលរដ្ឋចិន រាប់ពាន់នាក់ មុនពេលឆ្លងរាតត្បាតមកដល់ តំបន់អាស៊ាន និងរីករាលពាសពេញពិភពលោក។

ទោះជាយ៉ាងណាក៏ដោយសម្រាប់ពេលនេះក្នុងតំបន់អាស៊ានទាំងមូលកំពុងស្លន់ស្លោ ដោយសារមេរោគនេះ បានវាយ លុកយ៉ាងខ្លាំង។ គ្រប់ប្រទេសនៃសមាជិកអាស៊ានទាំងអស់ សុទ្ធតែ មានអ្នកឆ្លង និងប្រទេសខ្លះទៀតមានអ្នកស្លាប់ដោយមេរោគនេះទៀតផង។

សម្រាប់វៀតណាម នៅថ្ងៃទី១៨មីនានេះ បានបិទជ្រកព្រំដែនជាមួយ កម្ពុជា ទៅហើយ ដោយសារភ័យខ្លាចការរីកសាយភាយ ការឆ្លងជំងឺនេះ ពីកម្ពុជា ខណៈប្រទេសកម្ពុជា ដែលចំនួនអ្នកឆ្លងកំពុងមានការកើនឡើង ។ 

អ្វីជាការព្រួយបារម្ភ គឺវៀតណាមខ្លួនគេផ្ទាល់ មានអ្នកផ្ទុកមេរោគ Covid-19 នេះ បានកើនឡើង ៦៨នាក់ ហើយចំពោះកម្ពុជាមានអ្នកឆ្លង៣៥នាក់ ។

ប៉ុន្តែបើតាម អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពជា អាចមានអ្នកឆ្លងជាង១០០នាក់ ដែល អ្នកទាំងនោះអាចឆ្លង ពីបងប្អូនរបស់ពួកគេ ជាពិសេសពលរដ្ឋខ្មែរ ឥស្លាមដែលត្រឡប់ពី ជួបជុំសាសនា មួយនៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសក្នុងសមាគមអាស៊ានមានអ្នកឆ្លង     មេរោគ នេះជិត៨០០នាក់។ ដោយភ័យខ្លាចកាន់តែខ្លាំង  រដ្ឋាភិបាល វៀតណាម បានកំពុងស្វះស្វែងរកការសុំលើកពេលកិច្ចប្រជុំកំពូលអាស៊ានដោយមិនបានប្រាប់ថា ពេលណានឹងអាចបើកកិច្ចប្រជុំ បាននោះទេ។

សារព័ត៌មាន វៀតណាម VN Express បានចុះផ្សាយនៅថ្ងៃនេះថាវៀតណាមកំពុងប្រឹក្សា ជាមួយដៃគូរបស់ខ្លួន ទាំង៩ទៀត ដើម្បីលើកពេលប្រជុំអាស៊ាន លើកទី៣៦ ដែលបំរុងធ្វើឡើងនៅខែមេសា។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Le Thi Thu Hang បាននិយាយថា កិច្ចប្រជុំនេះ គ្រោងធ្វើឡើងនៅ រវាងថ្ងៃទី៦ដល់ថ្ងៃទី៩មេសា នៅក្រុង Da Nang ប្រទេសវៀតណាម ដែលទីក្រុងមួយនេះ មានអ្នកជំងឺ Covid-19 ចំនួន៤នាក់កំពុងព្យាបាល។

អ្នកស្រីបន្តថា ស្ថានភាពជំងឺនេះមិនអាចចុះថយលឿនបានឡើយ នៅអំឡុងប៉ុន្មានសប្ដាហ៍ទៀតនេះ។ អ្នកស្រីបន្ថែមថា វៀតណាម នឹងប្រកាស អំពីការសម្រេចលើកពេលប្រជុំនេះ នៅពេលមានការ  សម្រេចពី មេដឹកនាំអាស៊ាន។

អាស៊ាន មានសមាជិករបស់ខ្លួន ១០ប្រទេស គឺវៀតណាម កម្ពុជា ឡាវ ភូមា ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ព្រូយណេ និងឥណ្ឌូនេស៊ី។ ប៉ុន្តែអាស៊ានមានដៃគូផ្សេងទៀត៨ប្រទេសគឺ អាស៊ាន-អូស្តា្រលី អាស៊ាន-ចិន អាស៊ាន-ឥណ្ឌា អាស៊ាន-ជប៉ុន អាស៊ាន-ញូហ្សេឡេន   អាស៊ាន-រុស្ស៊ី អាស៊ាន-កូរ៉េខាងត្បូង និងអាស៊ាន -អាមេរិក ជាដើម។

កាលពីខែមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ បាន សម្រេចផ្អាកកិច្ចកំពូល អាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ មីនា ដោយសារ ភ័យខ្លាច ការឆ្លងមេរោគកូរ៉ូណា ។

ប្រធានបទនៃកិច្ចកំពូលប្រមុខដឹកនាំអាស៊ាន ផ្ដោតលើ ស្ថានភាព សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងវប្បធម៌។ នៅទូទាំងអាស៊ាន គឺករណីផ្ទុះមេរោគ Covid-19  មានជាង១ពាន់ ៥រយករណី។  ចំពោះពិភពលោកទាំងមូលវិញ គឺមាន ១៦៧ ប្រទេសបានឆ្លង។ នៅប្លុកអឺរ៉ុប គឺកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង។ នៅសហរដ្ឋអាមេរិក បានរីករាលដល់ទាំង៥០រដ្ឋដែលនាំអោយអ្នកឆ្លង ៦ពាន់ ៣រយនាក់ និងស្លាប់ ១០៨នាក់។ នៅទូទាំង ពិភពលោក គឺមានអ្នកឆ្លង ជិត ២០ម៉ឺននាក់ និងស្លាប់ជិត ៨ពាន់នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស