កម្ពុជាសម្រេចបិទព្រំដែនជាមួយវៀតណាមជាផ្លូវការ ដោយមិនឱ្យពលរដ្ឋវៀតណាមចូលមកកម្ពុជា និងមិនឱ្យពលរដ្ឋកម្ពុជាចូលទៅប្រទេសវៀតណាមជាបណ្តោះអាសន្ន។
ការសម្រេចបិទព្រំដែនជាមួយវៀតណាមនេះ ក្រោមហេតុផលនៃការបង្ការជំងឺកូវីដ-១៩ ឬកូរ៉ូណា និងក្រោយពេលវៀតណាមបានសម្រេចបិទច្រកព្រំដែនកម្ពុជា ដោយឯកតោភាគីកាលពីថ្ងៃម្សិលមិញ ដោយមិនបានជូនដំណឹងមកកម្ពុជានោះឡើយ។
លោក ហ៊ុន សែន នៅថ្ងៃនេះបានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថា កាលពីយប់ថ្ងៃទី ១៨ ខែមីនា លោកបានសម្រេចបិទព្រំដែនកម្ពុជា-វៀតណាមជាបណ្តោះអាសន្ន ហើយបម្រាមនេះនឹងចាប់ផ្តើមអនុវត្តនៅម៉ោង១២ ឬ ម៉ោងសូន្យ ចូលថ្ងៃទី២០ ខែមីនានេះ រហូតដល់ប្រទេសវៀតណាមព្រមដកបម្រាមបិទច្រកព្រំដែនជាមួយកម្ពុជាឡើង វិញ។
កាលពីថ្ងៃម្សិលមិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស វៀតណាម លោក ចាយ ណាវុធ បានផ្ញើលិខិតមួយមករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដោយលិខិតបញ្ជាក់ថារដ្ឋាភិបាលវៀតណាមសម្រេចគ្រប់គ្រងការចេញ-ចូលសម្រាប់ជនបរទេស និងផ្អាកផ្តល់ទិដ្ឋាការជាបណ្តោះអាសន្នដល់ជនបរទេសចូលប្រទេសខ្លួន។
បន្ថែមពីនេះ អ្នកធ្វើដំណើរចូលប្រទេសវៀតណាមទាំងអស់ នឹងទទួលបានការត្រួតពិនិត្យសុខភាព និងមានវិធានការបង្ការផ្សេងទៀតឬ ដាក់ឱ្យនៅដាច់ដោយឡែកស្របតាមបទបញ្ជារបស់ប្រទេសរៀតណាម។
កាលពីម្សិលមិញនេះដែរ អាជ្ញាធរវៀតណាមក៏បានសម្រេចបិទច្រកព្រំដែនកម្ពុជា ហើយពលរដ្ឋដែលចូលពីកម្ពុជាត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃទៀតផង។
សារជាសំឡេងមួយរបស់លោកហ៊ុន សែន ដែលត្រូវបានចែកចាយកាលពីយប់មិញបានបញ្ជាក់ពីការសម្រេចបិទព្រំដែនជាមួយភាគីវៀតណាមនេះ ដោយសារតែភាគីវៀតណាមសម្រេចបិទព្រំដែនជាមួយ កម្ពុជាមុនដោយឯកតោភាគី ដែលជារឿងលោកមិនយល់សោះ ក្រោមហេតុផលថាបញ្ចៀសជំងឺកូរ៉ូណាការពារពលរដ្ឋរបស់ខ្លួន។
ដូច្នេះកម្ពុជា ក៏មានសិទ្ធិការពារពលរដ្ឋខ្មែរដែរ ព្រោះបរទេសដែលមកពីវៀតណាម៣នាក់ ហើយដែលរកឃើញថាផ្ទុកជំងឺកូរ៉ូណា ខណៈមិនទាន់មានការរកឃើញថាពលរដ្ឋចូលពីកម្ពុជាទៅកាន់វៀតណាមមានផ្ទុកជំងឺនេះនៅឡើយ ក្រៅតែករណីបុរសជប៉ុនម្នាក់ ដែលចេញដំណើរពីកម្ពុជា ឆ្លងកាត់វៀតណាម ហើយរកឃើញជំងឺកូរ៉ូណានៅប្រទេសជប៉ុននោះ។
លោកនាយករដ្ឋមន្ត្រីក៏បាន បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន សមត្ថកិច្ច និងគយតាមព្រំដែនទាំងអស់ អនុវត្តការសម្រេចបិទព្រំដែនជាមួយវៀតណាមនេះ ឱ្យមានប្រសិទ្ធភាព ប៉ុន្តែត្រូវធ្វើឡើងដោយភាពទន់ភ្លន់។ លោកក៏ណែនណាំឱ្យអាជ្ញាធរមូលដ្ឋានសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យការចរាចរណ៍ទំនិញរវាងភាគីទាំងពីរ អាចដំណើរការទៅបានដោយគ្មានការរាំងស្ទះ។
ក្រោយសារប្រកាសរបស់លោកហ៊ុន សែន ភ្លាម ក្រសួងពាក់ព័ន្ធចំនួន២ទៀត រួមមានក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ដែលបានផ្ញើលិខិតទៅអភិបាលខេត្ត ជាប់ព្រំដែន និងស្ថាប័នក្រោមឱវាទរបស់ខ្លួន អំពីការបិទព្រំដែនជាបណ្តោះអាសន្នជាមួយប្រទេសវៀតណាមផងដែរ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថាវិធានការបិទព្រំដែនជាមួយវៀតណាមនេះ ដើម្បីបញ្ចៀសការលំបាកចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលតម្រូវបង្ខាំងខ្លួនឱ្យនៅដាច់ដោយឡែកពីគេ នៅពេលធ្វើដំណើរចេញពីកម្ពុជាចូលទៅវៀតណាម។
ក្រសួងបញ្ជាក់ថា ភាគីកម្ពុជាក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានប្រទេសទាំងពីរសម្របសម្រួលគ្នា ដើម្បីឱ្យការចរាចរទំនិញទៅវិញទៅមកបាន ដោយគ្មានការរាំងស្ទះ និងស្នើឱ្យភាគីវៀតណាមធ្វើមាតុភូមិនិវត្តន៍នូវពលរដ្ឋខ្មែរដែលកំពុងដាក់ឱ្យនៅដាច់ដោយឡែកបានមកកម្ពុជាវិញ ប្រសិនបើមានករណីនេះកើតឡើង។
វិធានការនេះមិនត្រូវធ្វើឡើងចំពោះពលរដ្ឋទាំងពីរដែលកាន់លិខិតឆ្លងដែនការទូតឬ លិខិតផ្លូវការឡើយ។
រយៈពេល៩ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទំហំ៤ពាន់លានដុល្លារ ។
ក្នុងនោះកម្ពុជានាំទំនិញចូលទៅវៀតណាមមានទំហំជាង៧រយលានដុល្លារ
ប៉ុន្តែវៀតណាមនាំទំនិញចូលកម្ពុជាមានជាង៣ ពាន់លានដុល្លារ។
ការសម្រេចបិទព្រំដែនកម្ពុជា-វៀតណាមពេលនេះ អ្នកដានតាមសង្គមយល់ថានឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចទាំងសងខាង ប៉ុន្តែកម្ពុជានឹងជួបហានិភ័យខ្លាំងជាង ព្រោះកម្ពុជាពឹងផ្អែកលើការនាំចូលទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាត្រី សាច់ បន្លែ ផ្លែឈើ និងរបស់របរប្រើប្រាស់ជាច្រើនទៀត ខណៈស្បៀងអាហារកម្ពុជាផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ឡើយ។ បន្ថែមពីនេះ ទីផ្សារលក់ផលិតផលវត្ថុធាតុដើម ដូចជាដំឡូង ស្រូវ ពោត ម្រិច កៅស៊ូ ស្វាយជាដើម កម្ពុជាពឹងផ្អែកលើទីផ្សាររបស់វៀតណាមផងដែរ។
ប៉ុន្តែពួកគេថា ស្ថានភាពនេះក៏ជាឱកាសសម្រាប់កម្ពុជាពង្រឹងការ ផលិតស្បៀងឬ ផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការពលរដ្ឋ ដោយមានការគាំទ្រពីរដ្ឋទាំងទុន ទឹក ទីផ្សារ ជៀសវាងការរស់ពឹងដង្ហើមគេបន្តទៀត៕