27 C
Phnom Penh

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើរដ្ឋាភិបាលជួយសម្រួលការលំបាកជីវភាពនិងសន្តិសុខស្បៀងរបស់ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬ GDP បានស្នើឱ្យរដ្ឋាភិបាលជួយសម្រួលការលំបាកខាងជីវភាព និងសន្តិសុខស្បៀងរបស់ពលរដ្ឋ ក្នុងស្ថានភាពលំបាកធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ឬ កូរ៉ូណា។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅ ថ្ងៃព្រហស្បតិ៍នេះ ថាជំងឺកូរ៉ូណា បានរីករាលដាលលើពិភពលោក រួមទាំងកម្ពុជា ដែលនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរអវិជ្ជមានដល់អាយុជីវិត សុខភាព និងជីវភាពប្រជាពលរដ្ឋ ពិសេសធ្វើឱ្យពលរដ្ឋបាត់បង់ការងារ គ្មានមុខរបរ និងប្រាក់ចំណូល ព្រមទាំងប្រឈមនឹងបំណុលថែមទៀតផង។

បញ្ហានេះ GDP បានស្នើឱ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយ សំខាន់ៗមួយចំនួន ដូចជាសហការជាមួយធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការផ្អាកបង់រំលស់ប្រាក់របស់ពលរដ្ឋ ក្នុងរយៈពេលខ្លីណាមួយ។ លើសពីនេះប្រើប្រាស់មួយចំណែកនូវថវិកាត្រៀមរបស់រដ្ឋាភិបាលដែលមានចំនួន ២ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់បុគ្គលិក កម្មករ ដែលបាត់បង់ការងារ ដោយពួកគេគប្បីទទួលបានប្រាក់ខែ៥០ម៉ឺនរៀលក្នុងមួយខែ ក្នុងពេលកំណត់ណាមួយ។

បន្ថែមពីនេះ បង្កើនការផលិត និងបែកចែកស្បៀង ជាពិសេស បន្លែ ត្រី សាច់ ស៊ុត ដោយបង្កើនការគាំទ្រដល់កសិករ អ្នកផលិតទូទាំងប្រទេស តាមរយៈបញ្ជូនគ្រូកសិកម្មល្អ ៥រយនាក់ និងកញ្ចប់ថវិកាសម្រាប់គាំទ្រដល់កសិករ។ ដោះស្រាយបញ្ហាទឹក ទុន និង ការប្រមូលផ្តុំផលិតផល ព្រមទាំងការដឹកជញ្ជូនមកចែកចាយនៅទីផ្សា។

ជាងនេះទៀត សហការជាមួយរោងម៉ាស៊ីនកិនស្រូវទាំងអស់ ដើម្បីធានាឱ្យមានស្រូវស្តុកទុកគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ពលរដ្ឋក្នុងតម្លៃសមរម្យ។ ចុងក្រោយគាំទ្រដល់សហគ្រាស ក្រុមហ៊ុន ដែលរងផលប៉ះពាល់តាមរយៈអនុគ្រោះពន្ធ កាត់បន្ថយការចំណាយលើអគ្គិសនី និងឧបត្ថម្ភធនផ្សេងៗទៀត។ GDP យល់ថា គោលការណ៍ទាំងនេះ នឹងជួយពលរដ្ឋឱ្យមានចំណូលខ្លះ សម្រាប់ទិញស្បៀងអាហារក្នុងតម្លៃសមរម្យ និងមិនមានការភ័យខ្លាចដោយសារបន្ទុកសងរំលស់ធនាគារ។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ កាលពីខែកុម្ភៈបានបញ្ជាក់ថា បើស្ថានភាពធ្ងន់ធ្ងរនៅក្នុងខែមីនានេះ រោងចក្រកាត់ដេរនៅកម្ពុជាប្រមាណ២រយរោងចក្រនិងរងផលប៉ះពាល់ ដែលនឹងធ្វើឱ្យកម្មករប្រមាណ១៦ម៉ឺននាក់ ក៏រងផលប៉ះពាល់ដែរ ដោយសាររោងចក្រព្យួរឬផ្អាកការងារជាបណ្តោះអាសន្ន។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថាកម្ពុជាបានត្រៀមថវិកាជាតិពី៨រយលាន ទៅ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទប់ទល់ទៅនឹងស្ថានភាពនៃការរីករាលដាលជំងឺកូរ៉ូណា។

លោកក៏ធ្លាប់ប្រកាសថា នៅពេលកម្មករក្នុងវិស័យឧស្សាហ៍កម្មកាត់ដេរ ត្រូវព្យួរការងារ ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០ភាគរយ ដោយ៤០ភាគរយជាបន្ទុករបស់ថៅកែ និង២០ភាគរយជាបន្ទុករបស់រដ្ឋ។ ប៉ុន្តែមិនធ្លាប់បានបញ្ជាក់ពីការជួយដល់វិស័យផ្សេងៗ ដែលបាត់បង់ការងារធ្វើដោយវិបត្តិជំងឺកូរ៉ូណានៅឡើយទេ។

ក្រោយការរកឃើញអ្នកផ្ទុកជំងឺកូរ៉ូណាជាបន្តបន្ទាប់ រដ្ឋាភិបាលបានបិទឬ ផ្អាកគ្រប់ការប្រគំតន្រ្តីតាមទីសាធារណៈ ដែលមានមនុស្សចូលរួមច្រើនកុះករ បិទទីកន្លែងកម្សាន្តផ្សេងៗ រួមមានខារ៉ាអូខេឬ KTV ក្លិបកម្សាន្ត រោងភាពយន្តសារមន្ទីរ ជាដើម។

កាលពីថ្ងៃអង្គារ ថ្នាក់ដឹកនាំសហជីពមួយចំនួនបានចេញអំពាវនាវឱ្យ             រដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រឈមរបស់កម្មករ ឬ ពលរដ្ឋ ដែលរងគ្រោះបាត់បង់ការងារធ្វើ ដោយត្រូវអន្តរាគមន៍ទៅគ្រឹះស្ថានឬ ធានាគារឯកជនឱ្យពន្យាពេលបង់ប្រាក់ ឬបន្ធូបន្ថយការប្រាក់ ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាល។

សម្ព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ក៏បានស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលលទ្ធភាពដោះស្រាយស្ថានភាពមួយចំនួនជាអាទិភាពដល់កម្មករនយោជិតក្នុងវិស័យសេវាកម្សាន្តប្រមាណ៨ម៉ឺននាក់ដែលភាគច្រើនជាស្ត្រី ដូចជាគាំពារផ្នែកហិរញ្ញវត្ថុក្នុងការផ្គត់ផ្គង់ជាមូលដ្ឋានលើការហូបចុកប្រចាំថ្ងៃ ផ្ទះជួល ក្នុងពួកគេគ្មានប្រាក់ខែ។

លើសពីនេះគាំទ្រលើការព្យាបាលជំងឺដល់ពួកគាត់និងគ្រួសារ ព្រមទាំងពិនិត្យលទ្ធភាពពន្យាពេលសងបំណុលធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុអំឡុងពេលនេះផងដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស