33 C
Phnom Penh

អាជ្ញាធរក្រុងភ្នំពេញ អំពាវនាវឱ្យម្ចាស់អាគារ ភោជនីយដ្ឋាន និង ចុងភៅ អនុគ្រោះដល់ម្ចាស់កម្មវិធីដែលលើកពេលព្រោះតែជំងឺកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរក្រុងភ្នំពេញ បានស្នើឱ្យមានការយោគយល់ដល់ម្ចាស់កម្មវិធី មង្គលការ ពិធីបុណ្យ និងពិធីជួបជុំផ្សេងៗ ដែលត្រូវបានលើកពេល ឬ រំសាយកម្មវិធី ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ឬ កូរ៉ូណា តាមសារាចរណ៍ណែនាំរបស់រដ្ឋាភិបាល។

សាលារាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវដល់ ម្ចាស់អាគារ ភោជនីយដ្ឋាន និងខាងចុងភៅ ឬម្ចាស់អាជីវកម្មទាំងអស់នៅរាជធានីភ្នំពេញ មិនត្រូវកាត់លុយឬ យកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធី ដោយសារត្រូវរំសាយទាំងនោះ ដែលបានកក់ប្រាក់ពីមុន។ លើសពីនេះ ជៀសវាងការយកឱកាសនេះដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលស្មគ្រចិត្តក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ទាំងនៅភ្នំពេញ និងទូទាំង               ស។

ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលមានកម្មវិធីមួយចំនួនទាំងនៅរាជធានីភ្នំពេញ និងតាមខេត្ត ដូចជាមង្គលការ ពិធីបុណ្យទានផ្សេងៗ បានសម្រេចលើកពេលឬ រំសាយកម្មវិធីរបស់ខ្លួនចោលតែម្តង ដោយបារម្ភខ្លាចការរីករាលដាលនៃជំងឺកូរ៉ូណា។

ការលើកពេលកម្មវិធីទាំងនោះ បន្ទាប់ពីកម្មវិធីមង្គលការមួយចំនួនដែលបានថតចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកថា កម្មវិធីរបស់ពួកគេគ្មានភ្ញៀវច្រើនចូលរួមឡើយ និងធ្វើឱ្យពួកគេខាតបង់ប្រាក់កាក់ច្រើនក្នុងការរៀបចំថែមទៀតផង។

ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលបានសម្រេចបិទឬ ផ្អាកទីតាំងសំខាន់ៗមួយចំនួនដើម្បីបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩   ដូចជាជូនដំណឹងឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងអស់បានសម្រាកចូលវាកងតូចមុនពេលកំណត់។ ការបិទសកម្មភាពជួបជុំផ្នែកសាសានាគ្រប់ប្រភេទនៅទូទាំងប្រទេស។ ការប្រកាសបិទមិនឱ្យមានការប្រគុំតន្ត្រីសាធារណៈឬ សកម្មភាពមានមនុស្សច្រើនកុះករ ។ ការប្រកាសបិទទីតាំងកម្សាន្តនានាដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល រោងភាពយន្តជាដើម។

គិតថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលអះអាងថា កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូរ៉ូណាចំនួន៣៧ករណីហើយ ដោយ៣៦ករណី ជាការនាំចូលពីក្រៅប្រទេស និង១ករណី រកឃើញថាបានប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកជំងឺនេះ ដែលជាជនជាតិជប៉ុននៅខេត្តសៀមរាប។

ក្រសួងសុខាភិបាលបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ប៉ុន្តែលទ្ធភាពអាចនឹងកើតមាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស