ព័ត៌មានជាតិ

កម្មករប្រមាណ៣ម៉ឺននាក់រងផលប៉ះពាល់ ក្រោយរោងចក្រជាង៥០សុំព្យួរការងារ

By ឌឹ ខេមបូឌា ដេលី

March 21, 2020

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា គិតមកដល់ថ្ងៃទី២០ ខែមីនានេះ មានរោងចក្រចំនួន៥៤ បានដាក់សំណើសុំព្យួរការងារ។ ការសម្រេចនេះ ធ្វើឱ្យប៉ះពាល់កម្មករនយោជិត ក្នុងវិស័យនេះប្រមាណ៣ម៉ឺននាក់។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ចុះផ្សាយថា មូលហេតុនៃការសម្រេចព្យួរកាងារឬ ផ្អាកជាបណ្តោះអាសន្នរបស់រោងចក្រជាង៥០នោះ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ឬ កូរ៉ូណា។

កាលពីខែកុម្ភៈ លោក ហេង សួរ ប្រកាសថា បញ្ហាឥទ្ធិពលនៃវីរុសកូរ៉ូណា នឹងធ្វើឱ្យរោងចក្រកាត់ដេរប្រមាណ ២០០រោងចក្រ ប្រឈមនឹងកង្វះខាតវត្ថុធាតុដើមសម្រាប់បម្រើឱ្យការផលិត និងអាចប៉ះពាល់ដល់ការងារកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់ នៅត្រឹមខែមីនា  និងខែមេសា។

គិតមកដល់ថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូរ៉ូណាចំនួន៤៧ ករណីហើយ ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងនៅប្រទេសចិនកាលពីចុងឆ្នាំ២០១៩។

វិបត្តិនៃជំងឺនេះ បានធ្វើឱ្យរដ្ឋាភិបាលសម្រេចចាត់វិធានការបិទសាលារៀនមុនពេលកំណត់ចូលវ៉ាកងតូច។ បិទក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត បិទការប្រគុំមន្ត្រីដែលមានមនុស្សច្រើនកុះករ ផ្អាកមិនឱ្យមានការជួបជុំបែបសាសនាគ្រប់ប្រភេទ និងបិទទីតាំងមួយចំនួនទៀត។

ក្រៅពីនេះ ម្ចាស់អាជីវកម្មសេវាកម្មវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ក៏បានសម្រេចចិត្តបិទទ្វារកន្លែងរបស់ខ្លួន ឬកាត់បន្ថយបុគ្គលិក ក្រោយពេលចំនួនភ្ញៀវធ្លាក់ចុះខ្លាំង ពិសេសនៅខេត្តសៀមរាប បន្ទាប់ពីជំងឺកូរ៉ូណាបានផ្ទុះឡើង។

បញ្ហានេះ បានធ្វើឱ្យកម្មករនិយោជិត ឬ អ្នកបម្រើការងារវិស័យកម្សាន្ត និងវិស័យទេសចរណ៍ទាំងនោះ រាប់ម៉ឺននាក់កំពុងប្រឈមការបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូល និងត្រូវប្រឈមបញ្ហាគ្មានប្រាក់ដោះបំណុលគេទៀតផង។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន ប្រកាសថា នៅពេលដែលរោងចក្រព្យួរការងារ កម្មករដែលត្រូវបានព្យួរការងារ នឹងទទួលបានប្រាក់ឈ្នួល ៦០%នៃប្រាក់ខែគោលរបស់ពួកគេ ក្នុងនោះ ថៅកែរោងចក្រត្រូវទទួលបន្ទុកបើកឱ្យកម្មករ ៤០% ហើយរដ្ឋាភិបាលចូលរួមចំណែក ២០% ប៉ុន្តែថា លុយ ២០% កម្មករអាចទទួលបានលុះត្រាតែពួកគេចុះឈ្មោះ និងចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ ដែលរៀបចំដោយក្រសួងការងារ។

រដ្ឋាភិបាលក៏បានប្រកាសលើកលែងពន្ធដល់ម្ចាស់សណ្ឋាគារនៅខេត្តសៀមរាបទាំងអស់ រយៈពេល៤ខែ ហើយបុគ្គលិកដែលបាត់បង់ការងារនៅខេត្តនេះ រដ្ឋនឹងផ្តល់កញ្ចប់ថវិកាម្នាក់១២០ដុល្លារ ក្នុងមួយខែ សំរាប់រយៈពេល៤ខែ ជាថ្នូរនឹងការចូលរួមវគ្គបណ្តុះបណ្តាលតាមជំនាញរបស់ពួកគេផងដែរ។  ជាមួយគ្នានោះ លោកថា កម្ពុជាក៏បានត្រៀមកញ្ចប់ថវិកាពី៨រយលាន ទៅ ២ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកើតឡើងដោយជំងឺកូរ៉ូណានេះ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីថ្ងៃម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយន ដោយជំរុញទៅរដ្ឋាភិបាល អនុវត្តគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីទប់ទល់បញ្ហាសុខភាព និងសន្តិសុខស្បៀងសម្រាប់ពលរដ្ឋក្នុងស្ថានភាពនេះ។

 វិធានការទាំងនោះ  ដូចជាសហការជាមួយធនាគារឬ គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការផ្អាកបង់រំលស់ប្រាក់របស់ពលរដ្ឋ ក្នុងរយៈពេលខ្លីណាមួយ។ លើសពីនេះប្រើប្រាស់មួយចំណែកនូវថវិកាត្រៀមរបស់រដ្ឋាភិបាលដែលមានចំនួន ២ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់បុគ្គលិក កម្មករ ដែលបាត់បង់ការងារ ដោយពួកគេគប្បីទទួលបានប្រាក់ខែ៥០ម៉ឺនរៀលក្នុងមួយខែ ក្នុងពេលកំណត់ណាមួយ។

បន្ថែមពីនេះ បង្កើនការផលិត និងបែកចែកស្បៀង ជាពិសេស បន្លែ ត្រី សាច់ ស៊ុត ដោយបង្កើនការគាំទ្រដល់កសិករ អ្នកផលិតទូទាំងប្រទេស តាមរយៈការបញ្ជូនគ្រូកសិកម្មល្អចំនួន៥០០រយនាក់ និងកញ្ចប់ថវិកាសម្រាប់គាំទ្រដល់កសិករ។ ដោះស្រាយបញ្ហាទឹក ទុន និង ការប្រមូលផ្តុំផលិតផល ព្រមទាំងការដឹកជញ្ជូនមកចែកចាយនៅទីផ្សា។

ជាងនេះទៅទៀត ត្រូវសហការជាមួយរោងម៉ាស៊ិនកិនស្រូវទាំងអស់ ដើម្បីធានាឱ្យមានស្រូវស្តុកទុកគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ពលរដ្ឋក្នុងតម្លៃសមរម្យ។ ចុងក្រោយគាំទ្រដល់សហគ្រាស ក្រុមហ៊ុន ដែលរងផលប៉ះពាល់តាមរយៈការអនុគ្រោះពន្ធ កាត់បន្ថយការចំណាយលើអគ្គិសនី និងឧបត្ថម្ភធន់ផ្សេងៗទៀត៕