ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ គ្រោងផ្អាកមិនឱ្យមានអ្នកចូលសួរសុខទុក្ខអ្នកជាប់ឃុំ ដើម្បីបង្ការជំងឺកូរ៉ូណា

By ឌឹ ខេមបូឌា ដេលី

March 21, 2020

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថា ក្រសួងនឹងមានការផ្អាកជាបណ្តោះអាសន្នមិនឱ្យមានការចូលសួរសុខទុក្ខអ្នកជាប់ឃុំ ឬអ្នកទោស ពីសំណាក់សាច់ញាតិ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូរ៉ូណា។

ថ្លែងក្នុងកិច្ចប្រជុំត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃនៅថ្ងៃនេះ លោក ស ខេង មានប្រសាសន៍ថា ជំងឺកូវីដ១៩ មកដល់ពេលនេះ បានរីករាលដាលពេញពិភពលោក ហើយសម្រាប់កម្ពុជា ក៏មានការកើនឡើងនូវអ្នកដែលមានផ្ទុកជំងឺនេះដែរ។

ជាមួយគ្នានេះ លោកក៏បានណែនាំជាលាយលក្ខណ៍អក្សរ ឱ្យមានការប្រុងប្រយ័ត្នការពារ អនាម័យតាមការិយាល័យធ្វើការរៀងៗខ្លួន ហើយត្រូវមានការវាស់កំដៅ ជាប្រចាំ ពោលគឺបើមានកំដៅមិនធម្មតាមិនអនុញាតឱ្យចូលរួមកិច្ចប្រជុំនានានោះឡើយ។

លើសពីនេះ  សម្រាប់អង្គភាពដោយឡែកៗ ដូចជាអង្គភាពខាងពន្ធនាគារ ដើម្បីការពារកុំឱ្យឆ្លងដល់អ្នកជាប់ឃុំ ក្រសួងក៏បានគិតគូរផងដែរ។

លោក ស ខេង បញ្ជាក់ថា នឹងផ្អាកជាបណ្ដោះអាសន្នការសួរសុខទុក្ខអ្នកជាប់ឃុំ ហើយចំពោះអ្នកទើបឃាត់ខ្លួនថ្មីៗ ក៏ត្រូវបានគិតសម្រាប់ការរៀបចំទុកដាក់ពួកគាត់ ដើម្បីកុំឱ្យឆ្លងដល់អ្នកជាប់ឃុំផ្សេងទៀតដែរ។

ការដាក់ចេញនូវវិធានការនេះ ក្រោយពេលកម្ពុជារកឃើញករណីអ្នកឆ្លងជំងឺកូរ៉ូណា ជាបន្តបន្ទាប់ ដោយសរុបមានចំនួន៤៧ករណីហើយ។

កាលពីថ្ងៃទី ១៣ មីនា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា បច្ចុប្បន្នអ្នកជាប់ឃុំក្នុងពន្ធនាគារ មានចំនួនជិត៤ម៉ឺននាក់ (៣៧ ០០៧) ក្នុងនោះស្រីមានចំនួនជាង ២ពាន់នាក់ (២ ៥៨៤) ហើយលោកថា អ្នកជាប់ឃុំចំនួន ២ភាគ៣ មិនទាន់បានកាត់ទោសនៅឡើយ។

ការបន្តឃុំខ្លួនដោយមិនទាន់មានការសាលក្រមសម្រេចផ្តន្ទាទោសនេះ ដែលធ្វើឱ្យចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារត្រូវចង្អៀតណែនខ្លាំង ដែលធ្វើឱ្យលោក ស ខេង ធ្លាប់សម្តែងក្តីបារម្ភ និងធ្លាប់បានជំរុញទៅភាគីតុលាការឱ្យពន្លឿននីតិវិធីរបស់ខ្លួនដើម្បីដោះស្រាយភាពចង្អៀតណែននេះទៀតផង៕