គិតត្រឹមថ្ងៃសុក្រទី២០ ខែមីនា នេះ មេរោគកូរ៉ូណា ដែលអង្គការសហប្រជាជាតិ ដាក់ឈ្មោះ អោយ Convid-19 មានអាយុ ជិត៣ខែមកហើយ បើចាប់រាប់ពីដំបូងដែលអាជ្ញាធរចិន មិនទាន់ប្រកាសជា សាធារណៈ នៅចុងខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ ព័ត៌មានរបស់គេហទំព័រ wired.co.uk។
គិតត្រឹមថ្ងៃ ទី២០ ខែមីនា COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា ជំងឺរាតត្បាតជាសកល កំពុងវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៨២ នៅទូទាំងសកលលោក។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ បានចម្លងទៅមនុស្សសរុបជាង២សែន៥ម៉ឺននាក់ ដែលក្នុងនោះជាងមួយម៉ឺននាក់បានស្លាប់ និងជាង៨ម៉ឺន៥ពាន់នាក់ ទៀតបានជាសះស្បើយនៅទូទាំងសកលលោក។
ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណី គឺមាន ៦២ប្រទេស ក្នុងនោះមាននៅអាស៊ីចំនួន ២៤ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ៣១ ប្រទេស, ទ្វីបអាមេរិកចំនួនប្រាំ ប្រទេស, ទ្វីបអូសេអានីមួយប្រទេស និងទ្វីបអាហ្វ្រិកមួយប្រទេស។ ប៉ុន្តែចំពោះប្រទេសនៅអឺរ៉ុបមួយចំនួន ដូចជាអ៊ីតាលី អេស្ប៉ាញ បារាំង អង់គ្លេស អាល្លឺម៉ង់ ហូឡង់ និងប្រទេសស្វីសជាដើមនោះ កំពុងមានសភាពធ្ងន់ធ្ងរខ្លាំង។
គិតត្រឹមថ្ងៃ២០ ខែមីនា គ្រូពេទ្យអ៊ីតាលីសរុបចំនួន ១៣នាក់ បានបាត់បង់ជីវិតដោយសារជំងឺផ្លូវដង្ហើម ដ៏ធ្ងន់ធ្ងរនេះ ខណៈ បុគ្គលិកសុខាភិបាលចំនួន ២ពាន់ ៦២៩នាក់ បានឆ្លង។
ប្រទេសអ៊ឺរ៉ុបមួយនេះ មានអ្នកឆ្លង ជាង៤ម៉ឺន ២ពាន់នាក់ អ្នកស្លាប់ជាង៣ពាន់ ៤រយនាក់។ ដែលចំនួននេះ លើសពីប្រទេសចិនដែលមានករណីស្លាប់ចំនួន ៣ពាន់ ២៤៥នាក់ គិតចាប់តាំងពីបានរកឃើញមេរោគ COVID-19 លើកដំបូងកាលពីចុងខែធ្នូឆ្នាំ២០១៩។
ដោយឡែកប្រទេស អង់គ្លេសមានអ្នកស្លាប់ ១៤៤នាក់ និងអ្នកឆ្លងចំនួន៣ពាន់ ២៦៩នាក់ តែរដ្ឋាភិបាល ប្រទេសមហាអំណាចនេះ បានអំពាវនាវ សុំអោយគ្រូពេទ្យដែល ចូលនិវត្តទាំងអស់ នៅទូទាំងប្រទេស ប្រញាប់មកជួយជាបន្ទាន់ ដោយមានការប្រកាស ផ្ដល់ប្រាក់ឧបត្ថម្ភ ជាកញ្ចប់សម្រាប់រដូវកាលនៃការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាថែមទៀតផង។
ចំណែក ប្រទេស បារាំង អ្នកឆ្លងមមាន១ម៉ឺន ៩០៩៥ នាក់ និងស្លាប់ ៣៧២នាក់។ ប្រទេសស្វីសមានអ្នកឆ្លងចំនួន ៤ពាន់ ៨៨៨នាក់និងអ្នកស្លាប់ ៤៣ នាក់។ អាល្លឺម៉ង់ អ្នកឆ្លង១ម៉ឺន ៦ពាន់ ៦៦៦ នាក់ ហើយ ៤៤នាក់ បានស្លាប់ និងប្រទេសអេស្ប៉ាញអ្នកឆ្លង ១ម៉ឺន ៩ពាន់ ៩៨០ ស្លាប់ ១ពាន់ ២នាក់ ។ ប្រទេសនៅអឺរ៉ុបដែលមានសភាពធ្ងន់ធ្ងរ ទាំងអស់នេះ បានប្រកាសបិទប្រទេសរបស់ពួកគេ អស់ហើយ។
ចំណែកនៅអាស៊ី ខាងកើតនិងអាស៊ីប៉ាស៊ីហ្វីច វិញ គឺស្ថានភាព ឆ្លងនឹងស្លាប់ បានធ្លាក់ចុះ ខណៈចិន ប្រកាសថាពលរដ្ឋរបស់ខ្លួននៅទូទាំងប្រទេសពុំមានការបន្តឆ្លងមេរោគនេះទៀតទេ លើកលែងតែពលរដ្ឋធ្វើដំណើរពី ប្រទេសក្រៅ ជាពិសេសគឺពីអឺរ៉ុប។ ដោយឡែក ប្រទេសនៅអាស៊ី ខាងត្បូង ជាពិសេស គឺប្រទេស បង់ក្លាដេស មានការកើនឡើង អ្នក ឆ្លង លើកលែងតែឥណ្ឌា មានជាង១រយនាក់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ចំពោះប្រទេសក្នុងតំបន់អាស៊ីភាគអាគ្នេយ៌ គឺស្ថានភាព នៅបន្តធ្ងន់ធ្ងរជាខ្លាំង។ ប្រទេស វៀតណាមមានអ្នកឆ្លងជិត ៩០នាក់ បានប្រកាសត្រៀមវេជ្ជបណ្ឌិត៩ម៉ឺននាក់ និងគិលានុបដ្ឋាយិកាចំនួន ១២ម៉ឺន៥០០០នាក់ ដើម្បីជួយ ទប់ស្កាត់និងព្យាបាល អ្នកជំងឺកូវិដ-១៩។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូញ៉ូហ្កូនតេរេស ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់សម្តីមកចុះផ្សាយឲ្យដឹងថា លោកបានធ្វើការព្រមានថា មនុស្សអាចស្លាប់ដោយមេរោគកូរ៉ូណានេះ អាចនឹងមានដល់រាប់លាននាក់នៅទូទាំងពិភពលោក ប្រសិនបើ ប្រទេសលើកពិភពលោកខ្វះការសាមគ្គីគ្នា និងជួយសង្រ្គោះគ្នាទាន់ពេលវេលា៕