40.6 C
Phnom Penh

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់៨៦ករណី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងឬCDC បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី ២៣ មីនា ២០២០ ក្រសួងរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន៨៦ករណី ដោយខាងក្រសួងទើបនឹងរកឃើញ២ករណីថ្មីទៀតនៅខេត្តកំពង់ចាម១ករណី និងខេត្តកោះកុង១ករណី។

នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងដដែល លើកឡើងថា កម្ពុជាពុំទាន់រកឃើញភស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែនាយកដ្ឋានមួយនេះព្រមានថាលទ្ធភាពឆ្លងទៅក្នុងសហគមន៍នឹងអាចកើតមានឡើង។ ក្រសួងសុខាភិបាល អះអាងថាខ្លួនបានព្យាបាលអ្នកជម្ងឺឲ្យជាសះស្បើយបាន២នាក់ហើយ គឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេសម្នាក់។ ឆ្លើយតបនឹងការកើនឡើងជាបន្តបន្ទាប់នេះ រដ្ឋាភិបាលបានបង្ហាញពីវិធានការថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីត១៩ ឬ កូរ៉ូណា សម្រាប់បង្ការ ឬទប់ស្កាត់ជំងឺនេះ ដូចជាការទទួលយកវេជ្ជបណ្ឌិតជំនាញ និងគ្រឿងបរិក្ខាបច្ចេកទេសពីប្រទេសចិន ព្រមទាំងបានចាត់វិធានការរកទីតាំងបន្ថែមទៀតដើម្បីព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាដើម។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន និង           បរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩ បានមកដល់កម្ពុជាហើយនៅព្រឹកនេះ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ក្រោយពេលប្រទេសខ្លួនទទួលបានជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។

លើសពីនេះ ក្នុងសារជាសំឡេងមួយរបស់លោក ហ៊ុន សែន ក៏បានដាក់បទបញ្ជាថ្មីឱ្យអភិបាលខេត្តទាំងអស់ត្រូវស្វែងរកសណ្ឋាគារខុនដូរ ឬផ្ទះសំណាក់ ដោយគិតថ្លៃឱ្យម្ចាស់អាជីវកម្មទាំងនោះ និងជម្រើសចុងក្រោយ គឺរកសាលារៀន សម្រាប់ជាទីតាំងព្យាបាល ឬ ដាក់អ្នកសង្ស័យថាឆ្លងជំងឺកូវីត១៩។

យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលសង្គមធ្លាប់លើកឡើងថាវិធានការរបស់រដ្ឋាភិបាលហាក់មានការប្រមាថ ឬ មើលស្រាលស្ថានការណ៍នៃជំងឺកូវីដ១៩ តាំងពីដំបូង ដោយមិនបានបង្ហាញពីចំណាត់ការជាក់លាក់ណាមួយទប់ទល់បញ្ហានេះឡើយ ខណៈដែលប្រទេសខ្លួនជាប្រទេសក្រីក្រ និងទន់ខ្សោយផ្នែកប្រព័ន្ធសុខាភិបាលនោះ។

លោកហ៊ុន សែន ធ្លាប់ថ្លែងដោយជំនឿចិត្តខ្ពស់ថាពលរដ្ឋកម្ពុជានឹងមិនឆ្លងជំងឺនេះឡើយ ដោយលោកបានប្រៀបធៀបទៅនឹងថ្ងៃដែលគ្មានក្នុងខែកុម្ភៈ ថាទាល់តែមានថ្ងៃទី៣១ កុម្ភៈ ទើបពលរដ្ឋកម្ពុជាមានជំងឺកូវីដ១៩។ ការប្រកាសរបស់លោកមិនបានប៉ុន្មានថ្ងៃផង ពលរដ្ឋកម្ពុជាក៏ត្រូវបានរកឃើញថាបានឆ្លងជំងឺនេះជាបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស