34 C
Phnom Penh

គណបក្សប្រជាធិបតេយ្យមូលដ្ឋានសម្តែងការសោកស្តាយ ដោយរដ្ឋាភិបាលចាត់វិធានការយឺតយ៉ាវចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬ GDP បានបង្ហាញការសោក ស្តាយចំពោះវិធានការរបស់រដ្ឋាភិបាល ថាមានភាពយឺតយ៉ាវ ដើម្បីឆ្លើយតបទៅនឹងការវិលចូលប្រទេសវិញពីសំណាក់ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ។ ការសោកស្តាយនេះ ក្រោយដឹងអំពីវិធានការរបស់រដ្ឋាភិបាលដែលបិទច្រកព្រំដែនជាមួយថៃ ដែលនាំឲ្យពលករខ្មែរជាច្រើនបានវិលត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញតាមច្រកព្រំដែនកម្ពុជា-ថៃ ហើយរដ្ឋាភិបាលមានភាពខ្វះចន្លោះប្រហោងខ្លាំងលើការអនុវត្តវិធានការវេជ្ជសាស្ត្រ ដូចជាការធ្វើតេស្តរកជំងឺកូវីដ១៩ ការដឹកជញ្ជូន និងការស្នាក់នៅរបស់ពលករខ្មែរផងដែរ។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃច័ន្ទនេះ ត្បិតតែគណបក្សនេះសម្តែងការសោកស្តាយ ចំពោះភាពយឺតយ៉ាវជុំវិញវិធានការរបស់រដ្ឋាភិបាលក៏ដោយ ប៉ុន្តែគណបក្ស GDP យល់ថា រដ្ឋាភិបាលនៅមានវិធានការសមស្របដើម្បីសម្រួលដល់ការវិលចូលស្រុករបស់ពលរដ្ឋខ្មែរ និងចំណាត់ការទប់ស្កាត់ជំងឺកូវីដ១៩ នៅមិនទាន់ហួសពេលនៅឡើយទេ។

គណបក្សនេះ ស្នើឱ្យរាជរដ្ឋាភិបាលសម្របសម្រួលការដឹកជញ្ជូន និងរៀបចំស្នាក់នៅបណ្តោះអាសន្ន តាមតំបន់ជិតព្រំដែន ហើយរដ្ឋាភិបាល ជួយឧបត្ថម្ភជីវភាព និងធ្វើតេស្តពិនិត្យសុខភាពមុននឹងបន្តដំណើរទៅភូមិស្រុកខ្លួន។

ចំពោះពលករខ្មែរដែលបានទៅដល់ស្រុកកំណើត គណបក្សដដែលស្នើសូមឱ្យអាជ្ញាធរមូលដ្ឋានសម្របសម្រួលពួកគាត់មកស្នាក់នៅកន្លែងតែមួយ ឬនៅផ្ទះដាច់ដោយឡែក ដោយរដ្ឋត្រូវផ្តល់ការឧបត្ថម្ភជាកន្លែងស្នាក់នៅ បាយទឹក និងពិនិត្យតាមដានសុខភាពរបស់ពួកគាត់ មុននឹងបញ្ជាក់ថា ពួកគាត់មិនមានជំងឺកូវីដ១៩ ទើបអនុញ្ញាតឱ្យពួកគាត់អាចដើរហើរជាធម្មតាបាន។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង ក្រោយពេលពលករខ្មែរ និងអ្នករកស៊ីខ្មែរនៅប្រទេសថៃ រាប់ពាន់នាក់បានសម្រុកនាំគ្នាចេញពីថៃ វិលមកកម្ពុជា ប្រៀបបាននឹងទឹកបាក់ទំនប់ បន្ទាប់ពីថៃប្រកាសពីវិធានការបិទព្រំដែនជាមួយកម្ពុជាជាបណ្តោះអាសន្ន ដើម្បីបង្ការមិនឱ្យមានការរីករាលដាលនៃជំងឺកូរ៉ូណា។

អាជ្ញាធរថៃក៏បានដាក់បម្រាមមិនឱ្យពលរដ្ឋនៅផ្សាររុងឃ្លឿក្នុងទឹកដីថៃ ជាប់ព្រំដែនកម្ពុជា បន្តរស់នៅ ឬរកស៊ីនៅទីនោះទៀតឡើយ ដោយថាប្រសិនបើហ៊ានបន្តរស់នៅ នឹងរងការផាកពិន័យម្នាក់៥រយបាត្រ ក្នុងមួយថ្ងៃ។ 

ដោយឡែករដ្ឋាភិបាលក៏បានចេញសេចក្តីអំពាវនាវឱ្យពលរដ្ឋខ្មែរមកពីប្រទេសថៃទាំងនោះ ដាក់ខ្លួនឯងឱ្យនៅរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ប៉ុន្តែរដ្ឋាភិបាលមិនបានដាក់ចេញវិធានការជាក់លាក់ដូចអ្វីដែល GDP ស្នើសុំនោះឡើយ។

ក្រសួងសុខាភិបាល បានអះអាង ថ្ងៃទី២៣ ខែមីនា រកឃើញអ្នកមានជំងឺ COVID-19 សរុបចំនួន៨៦ករណីឬ៨៦នាក់ហើយ ដោយក្នុងនោះក៏មានពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស