ប្រវត្តិរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈក្នុងសង្គ្រាមនាទសវត្សទី៧០

ព្រះអង្គមានបន្ទូលប្រាប់អ្នកសារព័ត៌មានបរទេសជាភាសាបារាំងក្នុងសន្និសីទកាសែតមួយនៅឆ្នាំ១៩៧០ ដោយសង្កត់ថា៖ ព្រឹត្តិការណ៍ដកសេចក្តីទុកចិត្តសម្តេចព្រះប្រមុខរដ្ឋ នរោ ត្តម សីហនុ ក្នុងរដ្ឋសភា ជាការឆ្លើយតបទៅការទាមទារពីពលរដ្ឋខ្មែរដែលធ្វើបាតុកម្ម ដំបូងនៅខេត្តស្វាយ រៀង បន្ទាប់មកនៅភ្នំពេញ ហើយជាបន្តមកទៀតនៅគ្រប់ខេត្ត ប្រឆាំងនឹងវត្តមានទ័ពព្រៃ យួនខាងជើង−យៀកកុងលើទឹកដីខ្មែរ ហើយថា ខ្មែរចង់ធ្វើជាមិត្តភក្តិជាមួយគ្រប់ប្រទេស ជាពិសេសអ្នកជិតខាងរបស់ខ្លួន។ ប៉ុន្តែការកាន់កាប់ទឹកដីខ្មែរពីសំណាក់​កងកម្លាំងយៀកកុងជាការ បំពានបូរណភាពទឹកដីខ្មែរ។ ពលរដ្ឋខ្មែរចង់បានត្រឹមតែឲ្យទ័ពព្រៃយៀកកុង ដកចេញពីទឹកដីខ្មែរតែប៉ុណ្ណោះ។

ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បានបញ្ជាក់អំពីគ្រោះថ្នាក់ដល់អាយុជីវិតជាតិសាសន៍ និង ទឹកដីខ្មែរព្រោះតែមហិច្ឆិតារបស់យួន ហើយនិងការគិតខុសរបស់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ដែលប្រកាសប្រាប់ពិភពលោកថា ប្រកាន់អព្យាក្រឹតភាព ប៉ុន្តែ លំអៀងទៅគាំទ្របុព្វហេតុបង្កសង្រ្គាមដោយពួកកុម្មុយនិស្តយួនខាងជើង ក្នុងបំណងបង្រួមប្រទេសយៀកណាមតែមួយ។

ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ជាមេដឹកនាំមួយរូប លេចធ្លោជាងអ្នកដទៃ ក្នុងព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ក្នុងឯកសណ្ឋានជាទាហានថា្នក់ឧត្តមសេនីយ៍ឯក យាងបំពាក់មេដាយ ទង់ជ័យ ទង់ជ្វាលា និង ថានន្តរសក្តិ ដល់ទាហាននៃកងទ័ពជាតិ។ នេះទំនងជាមកពីព្រះអង្គជារាជវង្សមួយអង្គក្នុង រាជវង្ស ស៊ីសុវត្ថិ ជាសេ្តចដែលចូលរួមធ្វើការផ្លាស់ប្តូររបបពីរាជាធិបតេយ្យ ទៅជារបប សាធារណរដ្ឋ ហើយនិង មកពីព្រះអង្គធ្លាប់ធ្វើជាឯកអគ្គរាជទូតរាជាណាចក្រកម្ពុជា ប្រចាំប្រទេសចិន ជប៉ុន និង ហ្វីលីពីន។ ព្រះអង្គមិនបានប្រើដៃនរណា ប្រើវិធីណា មួយ ដើម្បីចង់យករាជបល្ល័ង្កទៅសោយរាជ្យផ្ទាល់ ឬ ថ្វាយទៅរាជវង្សអង្គណា ក្នុងរាជវង្សស៊ីសុវត្ថិ ដូចដែលរាជវង្សដទៃ ឬ ក្រុមបរិវារហែហម ចោទព្រះអង្គនោះឡើយ។

ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ១ឆ្នាំក្រោយទម្លាក់សម្តេច នរោត្តម សីហនុ បានទទួលការគាំទ្រពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចំពោះសេចក្តីក្លាហានរបស់ព្រះអង្គ សព្វព្រះទ័យលះបង់វណ្ណៈស្តេច មករួមរស់ជាមួយរាស្រ្តសាមញ្ញវិញ។ ប៉ុន្តែ ព្រះនាមរបស់ព្រះអង្គ មិនសូវជាល្បីដូចមេដឹកនាំរបប សាធារណរដ្ឋខ្មែរ ដទៃទៀតនោះទេ មកពីហេតុថា ក្រុមមនុស្សជុំវិញលោក ឧត្តមសេនីយ៍ លន់ នល់ បានជម្រុញលោកឲ្យកៀសទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ទៅម្ខាង ដោយមិនដឹងមូលហេតុពិតប្រាកដមុនខែមីនា ឆ្នាំ១៩៧២។ អ្នកខ្លះថា ក្រុមលោក លន់ នល់ មិនទុកចិត្តទ្រង់ ប៉ុន្តែ សំណួរគួរសួរនោះ ថាតើទ្រង់បានធ្វើអ្វីដែលបង្កក្តីមន្ទិល ក្តីមិនទុកចិត្តដល់ ក្រុមលោក លន់ នល់។ ថ្ងៃ១២ មីនា រដ្ឋាភិបាល ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ លាលែងពីតំណែង។ ព្រះអង្គលាចេញពីឆាកនយោបាយថ្ងៃ១៦ មីនា ១៩៧២ ក្រោយបង្កើតបក្ស សាធារណរដ្ឋ។

កាលទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បំពេញបេសកកម្មជាឯកអគ្គរាជទូតប្រទេសកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៤ ទ្រង់បានទតឃើញរបបកុម្មុយនិស្តនៅស្រុកចិន ជារបៀបគ្រប់គ្រង អមនុស្សធម៌ ដែលមិនអនុញ្ញាតឲ្យមនុស្សម្នាគិតសម្រាប់ខ្លួនឯង។ ព្រះអង្គប្រាប់កាសែត The New York Times ផ្សាយថ្ងៃទី៤ មេសា ១៩៧០ រាជវង្ស ឥឡូវនេះ ហួសសម័យហើយ!គួរក្រឡេកមើលប្រវត្តិសាស្រ្តទៅក្រោយព្រឹត្តិការណ៍ ១៨ មីនា បន្តិច ថាតើ រាជាណាចក្រកម្ពុជា ក្នុងទសវត្ស១៩៦០ មានអ្វីខ្លះកើតមានពេលនោះ។ តើកំហុសអ្នកដឹកនាំរូបណា?

ដើមទសវត្ស ១៩៦០ សម្តេចព្រះ នរោត្តម សីហនុ បង្កើតអង្គការ ឬ ចលនា យុវជនរាជ សង្គមនិយម ហើយទាមទារឲ្យបោះប្រជាមតិរើសយកសម្តេចជា ប្រមុខរដ្ឋ នៅថ្ងៃទី៥ ឧសភា។ នៅថ្ងៃ១៤ ឧសភា រដ្ឋសភាបោះឆ្នោតជ្រើសតាំងព្រះអង្គ ជាព្រះប្រមុខរដ្ឋ។ ជិតចុងឆ្នាំ១៩៦០ ទ័ពព្រៃយៀកុងប្រមាណ ៨ម៉ឺននាក់ បោះទីតាំងអចិន្ត្រៃយ៍លើទឹកដីខ្មែរប៉ែកបូព៌ាប្រទេស។

សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានព្យាយាមចរចារឿងព្រំដែនជាមួយពួកយៀកុងដោយយកចិនជាអាជ្ញាកណ្តាល ស្ទើរពេញមួយឆ្នាំ១៩៦៤ ប៉ុន្តែ បរាជ័យរាល់ពេល ព្រោះទ័ពព្រៃយួនយៀកកុងមិនព្រមចេញ។

ឆ្នាំ១៩៧០ សម្តេចព្រះ នរោត្តម សីហនុ យាងចេញពីកម្ពុជា ទៅប្រទេសបារាំងថ្ងៃទី៦ មករា រួចយាងទៅក្រុងមូស្គូថ្ងៃទី១៣ មីនា។ ព្រះអង្គបដិសេធមិនព្រមយាងចូលភ្នំពេញវិញនៅថ្ងៃទី១៦ មីនា បន្ទាប់ពីផែនការសម្ងាត់ចាប់លោក លន់ នល់ រៀបចំដោយបងថ្លៃរបស់ព្រះអង្គ គឺវរសេនីយ៍ឯក អ៊ុំ ម៉ាណូរិន ទទួលបរាជ័យ។

សម្តេច នរោត្តម សីហនុ យាងត្រាច់តែរវាងទីក្រុងប្រទេសកុម្មុយនិស្តនិងសង្គមនិយយមប៉ុណ្ណោះ ព្រោះថា ពី១៥ឆ្នាំមុន គឺថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ១៩៦៥ ព្រះអង្គបានបញ្ជូនឧត្តមសេនីយ៍ លន់ នល់ ដែលជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តាំងពីឆ្នាំ១៩៦០ និងជារដ្ឋមន្ត្រីការពារជាតិនៃប្រទេសកម្ពុជា ទៅចុះកិច្ចព្រមព្រៀងជាមួយឧត្តមសេនីយ៍ Lo Jui-Ching នៃកងទ័ពរំដោះប្រជាជនចិន ដែលមានពីរមាត្រា ៖ “១. ប្រទេសកម្ពុជានឹងអនុញ្ញាតឲ្យយុទ្ធជនតស៊ូយួន (ទាហានយួន) ដើរឆ្លងកាត់និងជ្រកកោននៅក្នុងតំបន់ព្រំប្រទល់ ផ្តល់នូវការការពារចំពោះពួកគេប្រសិនបើមានការចាំបាច់ ព្រមទាំងអនុញ្ញាតឲ្យពួកគេសាងសង់ទីបញ្ជាការផង;  ២. ប្រទេសកម្ពុជានឹងអនុញ្ញាតឲ្យដឹកជញ្ជូនសម្ភារៈនានាមកពីប្រទេសចិនឆ្លងកាត់ទឹកដីរបស់ខ្លួនឆ្ពោះទៅឲ្យទាហានយួន ” ។ ភាគីខ្មែរ បានចំណែកពីជំនួយនោះ ១០%។

តាមអត្ថបទស្រាវជ្រាវរបស់បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្រ្តាចារ្យ វិទ្យាសាស្រ្តនយោ បាយ នៃសកលវិទ្យាហ្គាម ស.រ.អា ពីរដ្ឋធានី ព្យុងយាំង ប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារព៌តមានមជ្ឈឹមបក្សរបស់រដ្ឋាភិបាលប្រទេសកូរ៉េខាងជើង បានផ្សាយសេចក្តីប្រកាសព៌តមានចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧២ ដែលគេបានដកសម្រង់រាជបន្ទូលរបស់សម្តេចសីហនុថាព្រះអង្គ “បានសម្រេចព្រះហឫ ទយដោយចេតនា”ផ្តល់ជំនួយ “បីប្រភេទដែលសំខាន់ជាងគេបំផុត”ទៅឲ្យពួកកុម្មុយនិស្តយួនតាំងតែពី “ឆ្នាំ១៩៦៣”មកម្ល៉េះ ពោលគឺ “១. ផ្គត់ផ្គង់អង្ករ ត្រីងៀត និងថ្នាំសង្កូវ ។ល។ ទៅឲ្យយុទ្ធជនរណសិរ្សរំដោះជាតិ NLF. . . ២. ផ្តល់ការអនុញ្ញាត្តិសម្ងាត់ឲ្យសាងសង់មូលដ្ឋានតូចៗនៅលើទឹកដីខ្មែរនៅតាមតំបន់ព្រំដែនសម្រាប់យុទ្ធជនNLFសម្រាកកាយនិងថែទាំមើលរបួស ៣. អនុញ្ញាតិការឲ្យកុប៉ាល់នានាមកពីប្រទេសសង្គមនិយម (ជាពិសេសពីប្រទេសចិន)ចេញចូលដោយសេរីតាមកំពង់ផែព្រះសីហនុដឹកជញ្ជូនសព្វាវុធនិងគ្រឿងសម្ភារៈយោ ធាទៅឲ្យNLF ព្រមទាំងការដឹកជញ្ជូនតាមឡានកាម្ញុ៉ងរបស់កងខេមរភូមិន្ទពីទីក្រុងព្រះសីហនុទៅកាន់ព្រំប្រទល់ខ្មែរ-វៀតណាមខាងត្បូង”។

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.