ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតក្នុងនីតិវិធីសវនាការ របស់តុលាការក្រុងភ្នំពេញនៅឡើយនោះ គឺលោក កឹម សុខា បានចូលរួមថវិកាទៅរដ្ឋាភិបាលចំនួន ៥ពាន់ដុល្លារ សហរដ្ឋអាមេរិក ដើម្បីឧបត្ថម្ភដល់ការងារទប់ស្កាត់ ឬបង្ការជំងឺកូវីដ១៩។
លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា ប្រភពថវិកាចំនួន៥ពាន់ដុល្លារនោះ ជាថវិការរបស់បងប្អូនខ្មែរនៅក្រៅប្រទេស ដែលមានចិត្តសប្បុរសធម៌ធ្វើវិភាគទានថវិកាផ្ទាល់ខ្លួនតាមរយៈលោក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ Covid-19 នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
លោកបញ្ជាក់ថានៅព្រឹកមិញនេះ លោកបានប្រគល់ថវិកាសប្បុរសធម៌ទាំងនោះ ជូនទៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩រួចហើយ។
លោកកឹម សុខា សម្តែងកោតសរសើរនូវសន្តានចិត្តចែករំលែក ការអាណិត ស្រឡាញ់ខ្មែរដូចគ្នាក្នុងគ្រាអាសន្ននេះ ទោះបីបងប្អូនខ្មែរនៅក្រៅប្រទេសទាំងនោះក៏កំពុងជួបការលំបាករៀងៗខ្លួនពេលនេះ ក៏ដោយ។
កាលពីថ្ងៃម្សិលមិញ លោក កឹម សុខា បានលើកឡើងថា សាមគ្គីភាពជាតិ និងសាមគ្គីភាពអន្តរជាតិ គឺជាការចាំបាច់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺដ៏កាចសាហាវ Covid-19 ឬជំងឺកូរ៉ូណា នៅពេលនេះ។ លើសពីនេះលោកថា ក្នុងគ្រោះអាសន្ននេះ មិនមែនជាបញ្ហារបស់បុគ្គលណា គ្រួសារណា សហគមន៍ណា ប្រទេសណា ឬជាតិសាសន៍ណាមួយនោះឡើយ ប៉ុន្តែ វាបានក្លាយទៅជាវិបត្តិសកលរួចទៅហើយ។ ម្យ៉ាងទៀតលោកថា វីរុសCovid-19នេះ វារាតត្បាត បង្ករជំងឺ និងសម្លាប់មនុស្សដោយមិនរើសមុខ មិនរើសអើង ជាតិសាសន៍ ប្រទេសតូចឬធំ ប្លុកកុម្មុនីស ឬសេរី អ្នកធំ អ្នកតូច អ្នកមានឬអ្នកក្រ នោះឡើយ។
ជាពិសេសជំងឺរាតត្បាតនេះ មិនត្រឹមតែវាយប្រហារទៅលើសុខភាព និងអាយុជីវិតមនុស្សដោយផ្ទាល់នោះទេ ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់មនុស្សទូទៅយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនរួបរួមគ្នាប្រយុទ្ធយកឈ្នះលើវាឲ្យបានព្រមៗគ្នា និងឲ្យបានឆាប់រហ័សនោះទេ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ស្នើឱ្យមានការចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាវិបត្តិជំងឺកូរ៉ូណា ដោយគ្មានការរើសអើងនិន្នាការនយោបាយ។
កាលពីថ្ងៃទី១៩ ខែមីនា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានប្រទានព្រះរាជទ្រព្យចំនួន៣សែនដុល្លារសហរដ្ឋអាមេរិក(៣០០ ០០០) ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងរាលដាលក្នុងពេលបច្ចុប្បន្ន។
កាលពីសប្តាហ៍មុនរដ្ឋាភិបាល ប្រកាសទទួលជំនួយឬថវិកាពីសប្បុរសជនតាមរយៈមន្ត្រីរបស់ខ្លួន ហើយថាព្រះរាជអំណោចរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជាព្រះរាជគំរូដ៏ឧដ្តុងឧត្តម។
ក្រៅពីព្រះរាជប្រទានរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ក៏មានការចូលរួមថវិកាពីសប្បុរសជនជាបន្តបន្ទាប់ ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់បានបង្ហាញចំនួនថវិកាចូលរួមសរុបរហូតមកទល់ថ្ងៃអង្គារ៍នេះនៅឡើយទេ៕