33 C
Phnom Penh

សមាគមរោងចក្រកាត់ដេរកម្ពុជា ស្នើកុំឱ្យអ្នកបញ្ជាទិញបោះបង់កម្ពុជា ក្នុងគ្រាអាសន្ននេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថាGMAC បានអំពាវនាវដល់គ្រប់អ្នកបញ្ជាទិញទំនិញពីកម្ពុជាក្នុងវិស័យឧស្សាហ៍កម្មវាយនភណ្ឌថា មិនត្រូវបោះបង់ចោលកម្ពុជាក្នុងស្ថានភាពសកលលោកកំពុងមានវិបត្តិដោយសារជំងឺកូវីដ១៩ ឬ កូរ៉ូណានោះទេ។

ក្នុងលិខិតរបស់ GMAC នៅថ្ងៃនេះ  ជំរុញអ្នកបញ្ជាទិញបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យាដែលបានព្រមព្រៀងរួចហើយ។ បន្ថែមពីនេះ ត្រូវទទួលយកការដឹកទំនិញដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត និងទូទាត់ប្រាក់តាមលក្ខខណ្ឌធម្មតា។ GMAC ថាការធ្វើបែបនេះ នឹងអាចធ្វើឱ្យរោងចក្រមានលទ្ធភាពបើកប្រាក់ឈ្នួលជូនកម្មករ និងបន្តការងាររបស់ពួកគេ។

សមាគមរោងចក្រកាត់ដេរលើកឡើងថា ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យមានភាពចលាចលដល់ជីវិតរស់នៅ និងអាជីវកម្មរបស់មនុស្សគ្រប់គ្នា ហើយដើម្បីជម្នះនូវឧបសគ្គដ៏លំបាកនាពេលនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមដៃគ្នា ដើម្បីយើងទាំងអស់គ្នា អាចបន្តរស់នៅបាន។

ប្រភពដដែល លើកឡើងថា សម្រាប់ភាគីរោងចក្រវិញ ត្រូវគិតអំពីសុវត្ថិភាពកម្មករនិយោជិតជាចម្បង ពិសេសយកចិត្តទុកដាក់បញ្ហាអនាម័យកម្រិតខ្ពស់ ដែលជាវិធានការនៅកន្លែងការងារ ដើម្បីការពារកម្មករនិយោជិត និងជួយបង្ការពីការរីករាលដាលនៃជំងឺកូវីដ១៩ ។

ដោយឡែកសម្រាប់កម្មករនិយោជិត និងសហជីពទាំងអស់ ត្រូវមានទំនុកចិត្តលើវិធានការការពារតាមលក្ខណៈវិទ្យាសាស្ត្រ ដែលកំពុង    អនុវត្តនៅកន្លែងការងារនិងត្រូវធ្វើជាផ្នែកមួយនៃដំណោះស្រាយ ជាពិសេសការបន្តនៅឱ្យឆ្ងាយ ឬ កាត់បន្ថយជាអតិបរមាចំពោះពិធីជួបជុំផ្សេងៗ  និងត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ហើយមិនត្រូវប៉ះពាល់មុខនោះឡើយ។

កាលពីខែកុម្ភៈ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា វិបត្តិជំងឺកូរ៉ូណានឹងធ្វើឱ្យរោងចក្រប្រមាណ២រយរងផលប៉ះពាល់ ដោយសារខ្វះវត្ថុធាតុដើម និងធ្វើឱ្យកម្មករនិយោជិតប្រមាណ១៦ ម៉ឺននាក់ អាចប្រឈមការបាត់បង់ឬផ្អាកការងារជាបណ្តោះអាសន្ន៕ 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស