30 C
Phnom Penh

ប្រធានក្រុមប្រឹក្សាសាលដំបូងយល់ព្រមពន្យាពេលសវនាការរឿងក្តីលោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ បានសម្រេចយល់ព្រមពន្យាពេលសវនាការជំនុំជម្រះរឿងក្តីប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា រហូតដល់មានការជូនដំណឹងសារជាថ្មី។

ការសម្រេចពន្យាពេលនេះ ជាឆ្លើយតបទៅនឹងសំណើររបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា និងក្រុមមេធាវីតំណាងឱ្យរដ្ឋាភិបាល ដែលបានដាក់លិខិតស្នើសុំពន្យាពេលកាលពីថ្ងៃម្សិលមិញ ក្រោមហេតុផលដើម្បីទប់ស្កាត់ និងបង្ការមិនឱ្យមានការរីករាលដាលឬ ឆ្លងជំងឺកូវីដ១៩។

ក្នុងលិខិតស្នើសុំរបស់ក្រុមមេធាវីប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា កាលពីថ្ងៃម្សិលមិញ បានស្នើសុំទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ ឱ្យលើកពេលសវនាការកូនក្តីរបស់ខ្លួន ដោយសារបារម្ភពីសុវត្ថិភាពរបស់អ្នកចូលរួម និងដើម្បីការពារសុវត្ថិភាព      សុខភាពសម្រាប់អ្នកទាំងអស់គ្នាក្នុងបន្ទប់សវនាការពីជំងឺឆ្លងកូវីដ-១៩ ខណៈដែលកម្ពុជា និងពិភពលោក កំពុងចូលរួមគ្នាប្រយុទ្ធនឹងជំងឺនេះ។

លិខិតដដែលលើកឡើងថា ការស្នើឱ្យលើកពេលសវនាការនេះ ក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺ កូរ៉ូណា។

ដោយឡែកលិខិតរបស់ក្រុមមេធាវីតំណាងរដ្ឋាភិបាលវិញក៏បានស្នើសុំទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះដដែល ក្នុងថ្ងៃជាមួយគ្នានឹងលិខិតរបស់ក្រុមមេធាវីបក្សប្រឆាំងនោះ ក៏បានលើកឡើងអំពីហេតុផលដើម្បីការពារសុវត្ថិភាពនិងសុខភាព ពីការឆ្លងជំងឺកូរ៉ូណា។

លិខិតស្នើសុំរបស់ក្រុមមេធាវីតំណាងរដ្ឋាភិបាលបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសនានានៅលើពិភពលោកកំពុងរួមគ្នាយ៉ាងយកចិត្តទុកដាក់ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណានេះ ដោយរដ្ឋាភិបាលកម្ពុជាក៏បានដាក់បម្រាមមិនឱ្យមានការជួបជុំមនុស្សច្រើនផងដែរ។ ជាមួយគ្នានេះ បន្ទប់សវនាការរឿងក្តីលោក កឹម សុខា មានភាពតូចចង្អៀត មិនអាចអង្គុយឃ្លាតឆ្ងាយពីគ្នាប្រវែង២ម៉ែត្រ តាមការណែនាំរបស់រដ្ឋាភិបាលបានឡើយ។

បញ្ហាទាំងនេះ ពួកគេថាដើម្បីកុំឱ្យឆ្លង ឬប៉ះពាល់ប្រយោជន៍កូនក្តីរបស់ពួកគេក្នុងសំណុំរឿងនេះ ក្រុមមេធាវីរដ្ឋាភិបាលក៏បានស្នើឱ្យពន្យាពេលទៅថ្ងៃក្រោយវិញ។

ជាការឆ្លើយតបចំពោះសំណើររបស់ក្រុមមេធាវីទាំងពីរក្រុម ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅថ្ងៃអង្គារ៍នេះ បានចារ និងចុះហត្ថលេខាឯកភាពយល់ព្រមលើលិខិតស្នើសុំទាំងពីរនោះ។

គិតត្រឹមយប់ថ្ងៃទី ២៣ ខែមីនា ក្រសួងសុខាភិបាលរកឃើញជំងឺកូរ៉ូណាកើតឡើងមានចំនួន៨៧ករណី ហើយបានព្យាបាលជាសះស្បើយ ជនជាតិចិនម្នាក់ និងអង់គ្លេសម្នាក់។ តាមការគ្រោងទុកសវនាការរឿងក្តីលោក កឹម សុខា គ្រោងនឹងបន្តនៅថ្ងៃទី ២៥ និង២៦មីនា។

មន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញធ្លាប់អះអាងកាលពីខែមករាថា សំណុំរឿងក្តីប្រធានគណបក្សប្រឆាំងមួយនេះ គ្រោងនឹងធ្វើឡើងរយៈពេល៣ខែ ព្រោះជាសំណុំរឿងធំ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលករណីនេះ យល់ថានឹងមិនចប់តាមការគ្រោងទុកបានឡើយ ត្បិតសំណុំរឿងនេះត្រូវធ្វើឡើងតែ២ថ្ងៃក្នុងមួយសប្តាហ៍ ហើយសប្តាហ៍ខ្លះក៏ត្រូវបានខកខានម្តងជាពីរដង។

អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលសេរីភាពជាពលរដ្ឋ និងសេរីភាពនយោបាយរបស់លោក កឹម សុខា ត្រូវបានរិតត្បិតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលលោកហ៊ុន សែន ចាប់ឃុំខ្លួនទាំងយប់កាលពីខែកញ្ញា ឆ្នាំ២០១៧។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលព្រមានថាក្នុងស្ថានភាពប្រទេសជាតិ និងពិភពលោកកំពុងមានវិបត្តិធ្ងន់ធ្ងរដោយវិបត្តិជំងឺ កូរ៉ូណានេះ រដ្ឋាភិបាលតាមរយៈតុលាការគប្បីដោះលែង ឬ បញ្ចប់រាល់សំណុំរឿងអ្នកជាប់ឃុំនយោបាយទាំងអស់ ដើម្បីឱ្យពួកគេមានសេរីភាពសម្រាប់ចូលរួមដោះស្រាយបញ្ហាជាតិ ម្យ៉ាងដើម្បីបង្ហាញពីឆន្ទៈឯកភាពជាតិ សាមគ្គីជាតិ និងបង្រួបបង្រួមជាតិពិតប្រាកដរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស