29 C
Phnom Penh

លោក ហ៊ុន សែន គ្រោងនឹងដាក់ប្រទេសក្នុងភាពអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកកំពុងសិក្សាផ្នែកច្បាប់មួយចំនួន ដើម្បីដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្ន ប្រសិនបើការអំពាវនាវឬ ការស្នើសុំរបស់លោកមិនមែនប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ឬ កូរ៉ូណា ។

ថ្លែងក្នុងពិធីជួបជុំជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួនជាង៤រយនាក់ នៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ លោក ហ៊ុន សែន លើកឡើងថា លោកកំពុងសិក្សាពីវិសាលភាពច្បាប់ មាត្រា ២២ នៃរដ្ឋធម្មនុញកម្ពុជា ដែលអាចដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នបាន ដើម្បីអាចប្រើវិធានការ តឹងរ៉ឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ។

លោកបន្តថា យោងតាមមាត្រានេះ កម្ពុជានៅមានភាពលំបាកបន្តិច ព្រោះមាត្រា២២ ដាក់ប្រទេសក្នុងភាពអាសន្ន ព្រោះមិនមានច្បាប់ណាផ្សេងៗ ឬច្បាប់ដាច់ដោយឡែកនិយាយអំពីបញ្ហានេះ។ 

រដ្ឋធម្មនុញ្ញមាត្រា ២២ បានចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹង ជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។

ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏មានប្រទេសខ្លះបានដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារវិបត្តិជំងឺកូរ៉ូណានេះដែរ ដូចជាប្រទេសថៃជាដើម។ ចំណែកនៅអឺរ៉ុបក៏មានប្រទេសជាច្រើនដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្ន ដូចជាបារាំង អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ ហើយអាមេរិកវិញក៏បានដាក់ខ្លួនឯងក្នុងភាពអាសន្នផងដែរ។

តាំងពីវិបត្តិជំងឺកូវីដ១៩ នេះ បានផ្ទុះឡើងនៅក្នុងក្រុងវូហាន ប្រទេសចិន មានប្រទេសជាច្រើនហាក់ផ្គើនឬ មើលស្រាលស្ថានភាពជំងឺនេះ ដែលធ្វើឱ្យប្រជាជនខ្លួនប្រឈមនឹងហានិភ័យកម្រិតខ្ពស់ ដោយក្នុងនោះ ទាំងកម្ពុជាផងដែរ។

យ៉ាងនេះក្តី លោក ហ៊ុន សែន នៅតែបន្តថ្លែងសារបែបមោទនភាពបន្តទៀត ក្រោមហេតុផលថាកម្ពុជាមិនទាន់មានពលរដ្ឋណាម្នាក់បានស្លាប់ដោយសារជំងឺនេះនៅឡើយទេ មានតែកាព្យាបាលជាសះស្បើយអ្នកឆ្លងមេរោគនេះ៤នាក់ ក្នុងចំណោមអ្នកមានមេរោគនេះចំនួន៩៣នាក់។ លោកថាផ្ទុយពីប្រទេសដែលមានប្រព័ន្ធសុខាភិបាលរឹងមាំ ដូចជានៅអឺរ៉ុប នៅអាមេរិកជាដើម កំពុងមានការឆ្លងរាលដាលកាន់តែច្រើន ហើយករណីអ្នកជំងឺស្លាប់ក៏មានច្រើនដែរ។

កាលពីថ្ងៃច័ន្ទ ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានលើកឡើងថា សាមគ្គីភាពជាតិ និងសាមគ្គីភាពអន្តរជាតិ គឺជាការចាំបាច់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺCovid-19ឬជំងឺកូរ៉ូណា ដ៏សាហាវឃោឃៅនៅពេលនេះ។

លើសពីនេះលោកថា  ក្នុងគ្រោះអាសន្ននេះ មិនមែនជាបញ្ហារបស់បុគ្គលណា គ្រួសារណា សហគមន៍ណា ប្រទេសណា ឬជាតិសាសន៍ណាមួយនោះឡើយ ប៉ុន្តែ វាបានក្លាយទៅជាវិបត្តិសកលរួចទៅហើយ។ ម្យ៉ាងទៀតលោកថា វីរុសCovid-19នេះ វារាតត្បាតបង្ករជំងឺ និងសម្លាប់មនុស្សដោយមិនរើសមុខ មិនរើសអើង ជាតិសាសន៍ ប្រទេសតូចឬធំ ប្លុកកុម្មុនីស ឬសេរី អ្នកធំ អ្នកតូច អ្នកមានឬអ្នកក្រ នោះឡើយ។

ជាពិសេសជំងឺរាតត្បាតនេះ មិនត្រឹមតែវាយប្រហារទៅលើសុខភាព និងអាយុជីវិតមនុស្សដោយផ្ទាល់នោះទេ ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់មនុស្សទូទៅយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងទាំងអស់គ្នាមិនរួបរួមគ្នាប្រយុទ្ធយកឈ្នះលើវាឲ្យបានព្រមៗគ្នា និងឲ្យបានឆាប់រហ័សទេនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស