លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះបានអះអាងថាកម្ពុជាគ្មានគោលការណ៍ត្រូវជម្លៀសនិស្សិតដែលកំពុងរៀននៅតាមបណ្តាប្រទេស ដែលកំពុងកើតមានជំងឺកូវីដ១៩ ចូលប្រទេសវិញក្នុងស្ថានភាពនេះទេ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យ ស្ម័គ្រចិត្ត ជាង៤០០នាក់នៅព្រឹកនេះ លោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ឱ្យទប់ស្កាត់គម្រោងវិលត្រឡប់ចូលប្រទេសវិញរបស់និស្សិតនៅសហរដ្ឋអាមេរិក ដោយថាដើម្បីបង្ការមិនឱ្យពួកគេត្រូវជួបបញ្ហាប្រឈម នឹងជំងឺកូវីដ១៩ នៅពេលធ្វើដំណើរមកកម្ពុជា។ បន្ថែមពីនេះ លោកបានប្រាប់ទៅនិស្សិតទាំងនោះ ឱ្យរួមសុខរួមទុក្ខជាមួយពលរដ្ឋអាមេរិក ដូចគ្នាទៅនឹងពលរដ្ឋខ្មែរ ឬនិស្សិតខ្មែរដែលកំពុងជាប់នៅប្រទេសចិនផងដែរ។ លោកថា ក្រៅពីនិស្សិតនៅអាមេរិក កម្ពុជាក៏គ្មានគម្រោងជម្លៀសនិស្សិតខ្មែរពីប្រទេសណាទាំងអស់ រួមទាំងប្រទេសក្នុងតំបន់អាស៊ានផង ព្រោះមិនចង់ឱ្យនិស្សិតទាំងនោះនាំជំងឺកូវីដ១៩ ចូលមកកម្ពុជា និងមិនចង់ឱ្យពួកគេត្រូវប្រឈមបញ្ហាផ្សេងៗ ជាពិសេសនាំបញ្ហាដល់ក្រុមគ្រួសារពួកគេទៀតផង។
មកដល់ថ្ងៃពុធនេះ ប្រទេសប្រមាណ១៨០ ក្នុងចំណោមប្រទេសនិងដែនដី ប្រមាណ ២រយ មានអ្នកជំងឺដោយសារមេរោគកូរ៉ូណាកើនឡើងដល់ជាង ៤សែន ២ម៉ឺននាក់ ហើយស្លាប់ជិត២ម៉ឺននាក់។
ដោយឡែកសម្រាប់កម្ពុជា លោកហ៊ុន សែន បញ្ជាក់ថា គិតមកដល់ថ្ងៃទី២៥ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីត១៩ ចំនួន៩៣នាក់ហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន៤នាក់ រួមមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេសម្នាក់ និងខ្មែរពីរនាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយរួចរាល់ហើយ៕