27 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាឱ្យបិទកាស៊ីណូទូទាំងប្រទេស ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសខ្លាំងនៅកម្ពុជាបានបញ្ជាឱ្យបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ហើយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែមេសា ខាងមុននេះ            តទៅ។ វិធានការនេះ លោក ហ៊ុន សែន អះអាងថាដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេស ក្រោយពីមានការរកឃើញអ្នកធ្វើការងារនៅកាស៊ីណូមានផ្ទុកជំងឺកូវីដ១៩ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋសភានាព្រឹកនេះ លោក ហ៊ុន សែន បានដាក់បញ្ជាឱ្យបិទកាស៊ីណូទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមេសា តទៅ រហូតដល់មានបទបញ្ជាថ្មី។

ទន្ទឹមគ្នានេះ លោកផ្តាំទៅអ្នកចូលចិត្តលេងល្បែងថា បើចង់លេង ត្រូវប្រឹងលេងពីយប់នេះ និងយប់ស្អែកឱ្យហើយទៅ ព្រោះថ្ងៃខាងស្អែកនឹងលែងមានកន្លែងសម្រាប់លេងល្បែងទៀតហើយ។

លោកបញ្ជាក់ថា ការទុករយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីឱ្យថៅកែដោះស្រាយបញ្ហាប្រឈមរបស់បុគ្គលិកឬ ទូទាត់ប្រាក់ខែជូនពួកគេ ពិសេសគិតគូរដោះស្រាយបញ្ហា នៅពេលបុគ្គលិកត្រូវបានព្យួរការងារជាដើម។

ក្រោយការបញ្ជារបស់លោក ហ៊ុន សែន ភ្លាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយដល់ម្ចាស់កាស៊ីណូទាំងអស់ អំពីការបិទអាជីវកម្មល្បែងរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។

ក្រសួងប្រកាសពីការលើកលែងពន្ធប្រាក់ចំណូលប្រចាំខែ ចាប់ពីខែមេសា រហូតដល់មានការអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញ។

គិតត្រឹមព្រឹកថ្ងៃទី ៣០ មីនា ២០២០ ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺ COVID-19 ចំនួន៤នាក់បន្ថែមទៀត ដោយសរុបទាំងអស់ កម្ពុជាមានអ្នកជំងឺនេះ ចំនួន១០៧ ករណី។ អ្នកឆ្លង៤នាក់ថ្មីនេះ គឺមានបុគ្គលិកធ្វើការងារនៅកាស៊ីណូ និងកាខ៉ាអូខេម្នាក់នៅក្រុងប៉ោយប៉ែតផងដែរ។ ក្នុងចំណោមអ្នកផ្ទុកជំងឺនេះ កម្ពុជា បានព្យាបាលជាសះស្បើយចំនួនសរុប ២៣នាក់ ដោយគ្មានករណីស្លាប់នោះឡើយ។

វិបត្តិជំងឺកូវីដ១៩នៅកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាលបិទទីតាំងមួយចំនួនដែលមានការប្រមូលផ្តុំមនុស្សច្រើន ដូចជាបិទសាលារៀនគ្រប់កម្រិតទូទាំងប្រទេស។ បិទការជួបជុំផ្នែកសាសនាទាំងអស់ បិទកន្លែងកម្សាន្ត ដូចជាខារ៉ាអូខេ រង្គសាល បៀហ្គាឌិន រោងភាពយន្ត និងការប្រគុំតន្ត្រីដែលមានមនុស្សច្រើនជាដើម។

យ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅថ្ងៃនេះ អះអាងថាកម្ពុជានៅមិនទាន់មានគម្រោងបិទផ្សារ កន្លែងលក់ដូរ ភោជនីយដ្ឋាន ហាងកាហ្វេ និងមិនទាន់មានគម្រោងដាក់បម្រាមគោចរក្នុងក្រុង ឬ ទីប្រជុំជននៅឡើយទេ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស