31 C
Phnom Penh

ប្រមុខរដ្ឋាភិបាល បញ្ជាឱ្យផ្អាកការនាំអង្ករស និងស្រូវចេញទៅលក់នៅក្រៅប្រទេសបន្តទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសដាក់កំហិតផ្អាកការនាំអង្ករ និងស្រូវ ចេញទៅក្រៅប្រទេសបន្តទៀត។ បម្រាមនេះ នឹងចាប់អនុវត្តពីថ្ងៃទី៥ ខែមេសា ខាងមុខ ដោយទុករយៈពេល១សប្តាហ៍នេះ ដើម្បីឱ្យពលរដ្ឋ និងឈ្មួញទិញស្រូវគាត់ បានបញ្ចេញស្រូវរបស់ពួកគាត់ដែលទិញបម្រុង នឹងយកទៅលក់នៅវៀតណាម ឬ ថៃឱ្យអស់ ហើយក្រៅពីនោះនឹងមិនអនុញ្ញាតឱ្យមានការនាំចេញទៀតឡើយ។

ថ្លែងក្នុងពិធីសន្និសីទកាសែតនៅវិមានរដ្ឋសភានៅព្រឹកនេះ លោក ហ៊ុន សែន អះអាងថាបម្រាមនេះ ធ្វើឡើងចំពោះតែស្រូវ និងអង្ករសរបស់កម្ពុជាប៉ុណ្ណោះ ដោយឡែក ប្រភេទអង្ករលេខ១ ឬប្រភេទអង្ករក្រអូប ដែលកម្ពុជានាំទៅលក់នៅអឺរ៉ុប ឬបណ្តាប្រទេសមួយចំនួនទៀត នៅតែអនុញ្ញាតឱ្យនាំចេញជាធម្មតា។ លោកហ៊ុន សែន បញ្ជាក់ថាវិធានការបិទការនាំអង្ករស និងស្រូវ ចេញទៅលក់ក្រៅប្រទេសនេះ ជាយន្តការរក្សាស្បៀងទុកក្នុងប្រទេសឱ្យបានច្រើនដើម្បីទប់ទល់វិបត្តិជំងឺកូវីដ១៩ ហើយរដ្ឋនឹងបញ្ចេញថវិកាជួយដល់រោងម៉ាស៊ីនកិនស្រូវ ប៉ុន្តែលោកមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលរដ្ឋនឹងបញ្ចេញជួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅឡើយទេ។

លោកថាការទិញស្រូវចូលរោងម៉ាស៊ីនកិនស្រូវនេះ សម្រាប់ស្តុកទុករក្សាស្បៀងដោយលោកសំដៅលើស្រូវ អង្ករ ឱ្យបានច្រើនបន្ថែមទៀត ដើម្បីទប់ទល់ស្ថានភាពជំងឺកូវីដ១៩នេះ។ 

កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញស្រូវទៅលក់នៅក្រៅប្រទេសមានចំនួនជាង៩លានតោន ។ 

ដោយឡែកបញ្ហាអង្ករវិញ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រយៈពេល២ខែដើម ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅលក់នៅលើទីផ្សារអន្តរជាតិមានចំនួនជាង១សែនតោន(១៣៦ ៤៩៩)។ ចំនួននេះ មានការកើនឡើងជាង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស