31 C
Phnom Penh

អ្នកវិភាគមើលឃើញថា ការអនុវត្តយុទ្ធសាស្ត្រលាភក្នុងគ្រោះ របស់លោក ហ៊ុន សែន អាចនាំគ្រោះភ័យដល់ខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយលើកឡើងថា ល្បែងយុទ្ធសាស្រ្តលាភក្នុងគ្រោះរបស់លោក ហ៊ុន សែន កំពុងលេងពេលបច្ចុប្បន្ន អាចនឹងមិនមានផលល្អ ប៉ុន្តែអាចជះគ្រោះអាក្រក់ដល់ខ្លួនឯងថែមទៀតផង។

អ្នកវិភាគនយោបាយលោក គឹម សុខ បានសរសេរលើគណនី                 ហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះថា ការនាំគ្រោះដល់ខ្លួនឯងនោះ ដោយសារលោក ហ៊ុន សែន ប្រឹងស្រវាចិនជ្រុល ដែលធ្វើឱ្យវៀតណាមអន់ចិត្តខ្លាំងណាស់។

ចំណែកចិនវិញ លោក គឹម សុខ អះអាងថា ក៏មិនសូវជាទុកចិត្តលោកហ៊ុន សែន ខ្លាំងនោះដែរ ត្បិតបានបង្ហាញចរឹកមិនស្មោះត្រង់ជាមួយ      វៀតណាម ដែលលោក គឹម សុខ ថាជាមេរបស់ខ្លួនប្រមាណ៤០ឆ្នាំមកហើយ និងបានប្រគល់ស្ទើគ្រប់យ៉ាងឱ្យផងនោះ។

អ្នកវិភាគរូបនេះ មើលឃើញថា លោក ហ៊ុន សែន ទើបងាកមកអោបចិនខ្លាំង នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ប៉ុណ្ណោះ។ ប្រវត្តិពីមុនលោក ហ៊ុន សែន ធ្លាប់លូនក្រាបនឹងវៀតណាម វាយប្រហារចិនច្រើនផងដែរ ជាពិសេសនៅមុនកិច្ចព្រមព្រៀងក្រុងប៉ារីស ពេលដែលចិនគាំទ្ររដ្ឋាភិបាលតស៊ូត្រីភាគីនៅជាយដែន។

ចិនដឹងថា លោក ហ៊ុន សែន គ្រាន់តែបោកចិនចង់បានលុយនិងអាវុធយកទៅការពារអំណាចគ្រួសារ ហើយចិនក៏អាចលេងកំដរមួយប្រាវវិញដែរ។ ដោយឡែក សម្រាប់ការនាំ លោក ហ៊ុន ម៉ាណែត ទៅណែនាំគ្រប់មុខមេដឹកនាំចិន សុំឲ្យចិនជួយគ្រប់យ៉ាង តែមកដល់ពេលនេះ ចិនផ្ដល់ឲ្យតែ៨០% គឺត្រឹមតែពាក្យសន្យា ហើយបន្តក់ៗកុំឲ្យតែផុតដង្ហើមអង្គរក្ស គ្រាន់ទុកបន្លាចពលរដ្ឋប៉ុណ្ណោះ ព្រោះចិនទំនងជាមិនពេញចិត្តលោក ហ៊ុន សែន ថែមទាំងលោក ហ៊ុន ម៉ាណែត ដែលពុំមានប្រជាប្រិយភាពអ្វីបន្តិចសោះនោះ។ លោក គឹម សុខ បន្តថា ការបណ្ដោយឲ្យមានការឆ្លងកូវី១៩ រាលដាលនៅកម្ពុជាគឺជាកំហុសដ៏ធំរបស់លោក  ហ៊ុន សែន ។

លោកនាយករដ្ឋមន្ត្រី ប្រាថ្នាចង់ឃើញចិន បញ្ជូនអ្នកជំនាញនិងឧបករណ៍គគ្រឹកគគ្រេងទៅជួយដោះទ័លគាត់។ ប៉ុន្ដែ ទីបំផុត ចិនបញ្ជូនទៅឲ្យលោក ហ៊ុន សែន តែគ្រូពេទ្យស្ម័គ្រចិត្តក្មេងៗ ៧នាក់ ដែលគ្មានបទពិសោធ និងសម្ភារៈបរិក្ខាតិចតួចប៉ុណ្ណោះ។                      លោក គឹម សុខ អះអាងថា បើកាលណាចិនសោះអង្គើយបែបនេះ  នោះផ្ទៃក្នុងបក្ស ក៏កាន់តែបង្កើនសម្ពាធលើលោក ហ៊ុន សែន កាន់តែខ្លាំងដែរ។ 

ចំណែកថវិការដ្ឋវិញ ដែល លោក ហ៊ុន សែន អះអាងថា មានលុយបម្រុងពី ៨០០លាន ទៅ២០០០លានដុល្លារអាមេរិក ដើម្បីទប់ដំណើរដួលផ្កាប់មុខនៃសេដ្ឋកិច្ច គឺជាភាពអំនួតមួយតែប៉ុណ្ណោះ។

អ្នកវិភាគនយោបាយដដែល មើលឃើញថា នយោបាយរបស់លោក ហ៊ុន សែន ងាកពឹងចិនក៏មិនសមបំណង ហើយរឹតតែធ្វើឱ្យវៀតណាមចងចិត្តគុំកាន់តែខ្លាំង ចំណែកពលរដ្ឋម្ចាស់ស្រុកក៏កាន់តែក្តៅក្រហាយដោយសារកូវីដ១៩រាលដាល់ផងនោះ គឺរង់ចាំតែពេលផ្ទុះតែប៉ុណ្ណោះ ឯង។

បញ្ហានេះ លោក ហ៊ុន សែន សល់ជម្រើសចុងក្រោយតែមួយគត់ គឺការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលជាល្បែងប្រថុយប្រើកងទ័ពបម្រុងបង្ក្រាបរក្សាអំណាចគ្រួសារ ប៉ុន្តែលោកថាល្បែងនេះបើស៊យ នាំគ្រោះចង្រៃនិងបណ្តាលឱ្យខ្លួនឯងចប់តែម្តង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះបានអះអាងថាសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាលអាសន្ន កំពុងរៀបចំ ហើយគ្រោងដាក់ទៅគណៈកម្មាធិការរដ្ឋសភាពិនិត្យនៅចុងសប្តាហ៍នេះ និងរុញដំណើរការនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

លោកហ៊ុន សែន បង្ហើបឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី គឺ លោក កើត រិទ្ធិ  ជាអ្នករៀបចំតែម្តង ប៉ុន្តែលោកបញ្ជាក់ថាការដាក់ប្រទេសក្នុងគ្រាសអាន្ន ជាជម្រើសចុងក្រោយដើម្បីគ្រប់គ្រងស្ថានការណ៍ការរីករាលដាលជំងឺកូវីដ១៩ ដោយមិនមានគោលដៅបង្ក្រាបទៅលើសំឡេងប្រឆាំងនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស