31 C
Phnom Penh

លោក ហ៊ុន សែន ព្រមានចាប់ខ្លួនលោក អំ សំអាត មុនពេលដាក់ប្រទេសក្នុងគ្រាអាសន្នមកដល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានខ្លាំងៗទៅកាន់ នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឱ្យប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួនក្នុងស្ថានភាពនេះ ដោយលោកអាចបញ្ជាឱ្យចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សរូបនេះបានគ្រប់ពេល។

សារព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់មិញ អំពីការចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ ដោយលោកស្នើឱ្យរដ្ឋាភិបាលពិចារណាលើវិធានការអប់រំដល់ពួកគេជាចាំបាច់ មុននឹងឈានដល់វិធានការច្បាប់ ចំពោះពលរដ្ឋដែលបានលើកឡើងអំពីបញ្ហាជំងឺកូវីដ១៩ក្នុងស្ថានភាពនេះ។ លើសពីនេះ លោកថាត្រូវបែងចែកឱ្យច្បាស់រវាងសិទ្ធិបញ្ចេញមតិ និងបទល្មើស នៃការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យគេមើលឃើញពីការរំលោភសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋក្នុងស្ថានភាពនេះ។

ថ្លែងពីវិមានរដ្ឋសភា នៅព្រឹកថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន ថ្លែងថាទោះបីប្រទេសជាតិមិនទាន់ដាក់ក្នុងស្ថានភាពប្រកាសអាសន្នក្តី ប៉ុន្តែលោកក៏អាចបញ្ជាឱ្យកម្លាំងរបស់ខ្លួនទៅចាប់ខ្លួនលោក អំ សំអាត បានដែរ។ 

លោកថា ក្នុងស្ថានភាពនេះ ការចាប់ខ្លួនពលរដ្ឋដែលបានផ្សព្វផ្សាយព័ត៌មានបំផុសបំផុល ការលក់ដូរសម្ភារៈពេទ្យឬ ឧបករណ៍តេស្តរកមេរោគកូវីដ១៩ មិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឬ អង្គការសុខភាពពិភពលោក គឺជារឿងខុសច្បាប់ដែលរដ្ឋត្រូវចាត់វិធានការច្បាប់ភ្លាមៗ។ លោកថា វិធានការច្បាប់ទាំងនោះ មិនមែនជាការប្រឆាំងនិងសេរីភាពបញ្ចេញមតិនោះឡើយ ដូច្នេះលោកផ្តាំទៅមន្ត្រីសិទ្ធិមនុស្សលោក អំ សំអាត ថាត្រូវមានការប្រយ័ត្នខ្ពស់ក្នុងការលើកឡើងរបស់ខ្លួន។

បុរសខ្លាំងនៅកម្ពុជារូបនេះ ព្រមានថាអ្នកនិយាយគាំទ្រសកម្មភាពប្រព្រឹត្តបទល្មើសរបស់ជនល្មើស គឺ មានទោសដូចគ្នា។

ក្នុងវីដេអូឃ្លីបខ្លីមួយនៅថ្ងៃនេះ ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្កមហ្វេសប៊ុក នាយករងអង្គការលីកាដូ លោក អំ សំអាត បញ្ជាក់ថាក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីយប់មិញនោះ ត្រូវបានខាងវិទ្យុនេះកាត់សំឡេងលោកយ៉ាងខ្លី យកមកចាក់ផ្សាយដែលធ្វើឱ្យបាត់នូវខ្លឹមសារដើម នាំឱ្យមានការយល់ច្រឡំ។

លោកអះអាងថា ក្នុងនាមលោក ក៏ដូចជាអង្គការលីកាដូ គ្មានចេតនាគាំទ្រដល់ជនទាំងឡាយណាដែលប្រព្រឹត្តខុសច្បាប់ ឬ ធ្វើសកម្មភាពនាំឱ្យសង្គមជាតិវឹកវរនោះទេ ពោលគឺមានតែការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើជនទាំងនោះ ដើម្បីជាការរួមចំណែកកសាងប្រទេសមួយប្រកបដោយសុខសន្តិភាព យុត្តិធម៌និងការគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដ។

នេះ មិនមែនជាលើកទីមួយទេ ដែលលោកហ៊ុន សែន តែងព្រមានពលរដ្ឋខ្លួនឯង រាប់តាំងពីអ្នកវិភាគ មន្ត្រីអង្គការសង្គមស៊ីវិល                   សកម្មជន និងមន្ត្រីបក្សប្រឆាំង ដោយពេលខ្លះភាសាអសុរោះ អសីលធម៌និង ការជេប្រមាថក៏តែងចេញពីមាត់របស់លោក ហ៊ុន សែន ផងដែរ។ បញ្ហានេះហើយ ដែលនាំឱ្យសង្គមស៊ីវិលព្រួយបារម្ភថា ការអនុវត្តច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងក្លាយជាគោលដៅកម្ចាត់ក្រុមប្រឆាំងឬ អ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលមុនគេតែម្តង។

យ៉ាងនេះក្តី លោក ហ៊ុន សែន សច្ចាថាច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នដែលកំពុងព្រាងនោះ នឹងមិនមានគោលដៅកម្ចាត់ក្រុមប្រឆាំងនោះទេ ប៉ុន្តែជាការអនុវត្តសម្រាប់ប្រយោជន៍រួមរបស់ប្រជាជាតិកម្ពុជាទាំងមូលប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស