31 C
Phnom Penh

អាមេរិកនិងចិនបង្កភាពតានតឹងនៅសមុទ្រចិនខាងត្បូង ខណៈពិភពលោកស្លាប់រាប់ម៉ឺននាក់ ដោយ ជំងឺCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងរយៈពេលចុងក្រោយនេះ មហាអំណាច អាមេរិក និងចិន បានក្លាយជាប្រទេសហានិភ័យចំពោះពិភពលោក គឺមិនទាន់ចប់សង្រ្គាមពាណិជ្ជកម្មផង ហើយឥឡូវ ចូលដល់សង្គ្រាមកូរ៉ូណា នៃការរីករាលដាលជំងឺឆ្លងសាកល ក៏អាមេរិក និងចិនបង្កភាពតានតឹងដែរ។

នៅពេលនេះ ប្រទេសមហាអំណាចទាំងពីរ បង្កភាពតានតឹងដាក់គ្នា ទៀតហើយ នៅសមុទ្រចិនខាងត្បូង។ កាសែត The South China Morning Post បានចុះផ្សាយថា ប្រទេសធំទាំងពីរ បានបន្តធ្វើសមយុទ្ធគំរាមគ្នាទៀតហើយ នៅសមុទ្រចិនខាងត្បូង។

កាលពីមួយឆ្នាំមុន ប្រទេសទាំងពីរមានការ ប្រណាំងប្រជែងគ្នា គ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង ដោយដឹកនាំការធ្វើសមយុទ្ធយោធាជាច្រើនលើកនៅតំបន់នោះ។ នៅក្នុងសប្ដាហ៍កន្លងមកនេះ ចិនដឹកនាំ ការធ្វើសមយុទ្ធនាវាមុជទឹក អមដោយយន្តហោះចម្បាំង ហើយ សកម្មភាពរបសក្រុងប៉េកាំង បានធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសនេះ បង្រ្កាបបាន នូវការរីករាលដាលការឆ្លងមេរោគកូរ៉ូណា ដែល សម្លាប់ពលរដ្ឋចិនយ៉ាងរង្គាល។

សមយុទ្ធនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ចិនមិនបានប្រលែងចោលមហិច្ឆតា នៃការវាតទីតំបន់ដែលសម្បូរដោយ ឧស្ម័ន និងជីវៈចម្រុះនោះឡើយ។ ប៉ុន្តែ ចិនចាប់ផ្ដើមធ្វើសមយុទ្ធដូចនេះ គឺជាការឆ្លើយតបទៅនឹងអាមេរិក ដែលបានបន្តបើកនាវាចម្បាំងអូសកាត់               សមុទ្រចិនខាងត្បូងដែលនាំអោយចិន ប្រតិកម្ម ហើយគំរាមថានឹងបាញ់លើនាវានោះដោយកាំភ្លើង Electronics ទៀតផង។

មិនយូរប៉ុន្មានផង ចិន ក៏បានបង្ករភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ម្ដងវិញដោយ ធ្វើសមយុទ្ធទ័ពជើង បង្អើលតៃវ៉ាន់ ដែលជាមហាមិត្តរបស់អាមេរិក។ នៅពេលចិនចប់សមយុទ្ធនេះភ្លាម ស្រាប់តែ អាមេរិក បើកនាវាផ្ទុកយន្តហោះកាត់ច្រកសមុទ្រ តៃវ៉ាន់ ដែលអាចជាការបង្ហាញកម្លាំងឆ្លើយតបទៅនឹងចិនដែលហ៊ានគំរាមដល់តៃវ៉ាន់។

ក្រុងប៉េកាំង បានប្រាប់ថា កាលពីថ្ងៃទី១០មីនា កងទ័ពប្រជាជាជនចិន ផ្នែកទ័ពអាមេអាកាស និងទ័ពជើងទឹកបានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង ហើយសមយុទ្រនេះក្រុងប៉េកាំង អះអាងថា ដើម្បី ប្រឆាំងនឹងការឈ្លានពានណាមួយ ពីពួកបរទេស ដែលប៉ុនប៉ងកាន់កាប់តំបន់ដែនទឹករបស់ចិន។ ក្រុងប៉េកាំងបន្តថា ទីនោះ ជាដែនទឹករបស់ចិន យូរលង់រាប់ពាន់ឆ្នាំណាស់មកហើយ។

ស្រាប់តែ មិនបានមួយថ្ងៃផង អាមេរិកបញ្ជូន នាវាពិឃាតមួយគ្រឿងបំពាក់ដោយកាំជ្រួច គឺនាវា USS McCampbell បើកកាត់ ប្រជុំកោះ    ប៉ារ៉ាហ្សែល ដែលចិនដណ្ដើមបានពីវៀតណាម នៅក្នុងសង្រ្គាមវាយលុក ឆ្នាំ១៩៧៤ ។ អាមេរិកប្រកាសថា ទីនោះជាផ្លូវនាវាចរណ៍អន្តរជាតិ ដែលប្រទេសណាក៏មានសិទ្ធិបើកនាវាកាត់តំបន់នោះដែរ។

ក្រុងប៉េកាំង បានប្រកាសថា អាមេរិកកាន់តែបង្កភាពប្រទុសសារាយខ្លាំងឡើង  ដោយមិនគិតពីផលលំបាក ចំពោះប្រទេសក្នុងតំបន់។ ក្រុងប៉េកាំងថា ក្រុងវ៉ាស៊ីនតោន រំលោភបំពានដែនសមុទ្រចិនខាងត្បូង ក្រោមហេតុផលមិនត្រឹមត្រូវ ទៅនឹងសាវតាប្រវត្តិសាស្ត្ររបស់ចិនហើយមានចរឹក បង្កភាពតានតឹងក្នុងតំបន់។

ក្រុមអ្នកវិភាគ Think Tank បានប្រមើ មើលថា សកម្មភាពរបស់កងទ័ពនៃប្រទេស មហាអំណាចទាំងពីរនេះ គឺជាការបង្ហាញអោយឃើញនូវការសងសឹកដាក់គ្នាកាន់តែសកម្មឡើងៗ ចាប់តាំងឆ្នាំ២០១៨  នៅពេលដែលចិន ព្យាយាមពង្រីកភូមិសាស្ត្រយោធា ក្នុងតំបន់អាស៊ាន ។              នេះជាការប្រកួត ប្រជែងដណ្ដើមភូមិសាស្រ្កនយោបាយ ដោយការបញ្ចេញកម្លាំងកងទ័ពនៃប្រទេសទាំងពីរ។ ដោយការប្រតិបត្តិ តាមច្បាប់សមុទ្រអន្តរជាតិ អាមេរិកនៅតែមានឱកាស ប្រាប់ចិនថាខ្លួនពិតជាមានសិទិ្ធចូលទៅតំបន់នោះ ។

តែសម្រាប់កោះតៃវ៉ាន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បាននិយាយថា សមយុទ្ធរបស់កងទ័ពចិន កាលពីថ្ងៃទី១៧ ខែមីនា ពិតជាមានចេតនា គំរាមតៃវ៉ាន់ ដែលសមនឹងថ្កោលទោស ។

អ្នកសង្កេតការណ៍ ព្យាករណ៍ថា សម្រាប់ខែមេសា និងខែឧសភា ដែលអាមេរិកកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាគឺចិន អាចនឹងបង្កភាពតានតឹងខ្លាំង នៅសមុទ្រចិនខាងត្បូង ហើយពេលនោះ ក្រុងប៉េកាំងនឹងពង្រីកថែមទៀតនូវកោះសិប្បនិម្មិត ដែលចិនបានស្ថាបនា បានដប់កោះហើយ នៅតំបន់នោះ ហើយកោះទាំងនោះ គឺជាមូលដ្ឋានកងទ័ព ជើងទឹក និងជើងអាកាសរបស់ចិនថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស