25 C
Phnom Penh

សាលាឧទ្ធរណ៍បដិសេធបណ្តឹងសុំដកយកឯកសារផ្ទាល់ខ្លួនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍នៅថ្ងៃអង្គារ៍នេះ បានសម្រេចច្រានចោលបណ្តឹងរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ដែលស្នើសុំដកឯកសារផ្ទាល់ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនដើម្បីយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃវិញ។

ការបដិសេធរបស់សាលាឧទ្ធរណ៍ពេលនេះ ក្រោមហេតុផលថា ឯកសារទាំងនោះនៅតែមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរលើសំណុំរឿងរបស់ពួកគេនៅឡើយ។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប រួមមានលោក យាង សុធារិន្ទ និងលោក អួន ឈិន ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មុននឹងពួកគេទាំងពីរត្រូ វបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែសីហាឆ្នាំ២០១៨។ ពួកគេទាំងពីរ ត្រូវបានតុលាការចោទប្រកាន់ពីបទ ផ្តល់ព័ត៌មានឱ្យរដ្ឋបរទេស ឬបទចារកម្ម ប៉ុន្តែក្រោយមកដើម្បីបន្ថែមកម្រិតទោសដល់ពួកគេឱ្យបានច្រើននោះ តុលាការក៏បានចោទប្រកាន់អ្នកទាំងពីរមួយករណីទៀតពាក់ព័ន្ធការផលិតវីដេអូ អាសអាភាស។

ព័ត៌មានសំឡេងប្រជាធិបតេយ្យវី.អូ.ឌី បានដកស្រង់សម្តីលោក យាង សុធារិន្ទ ចុះផ្សាយនៅថ្ងៃនេះថា សវនាការជំនុំជម្រះនៅរសៀលថ្ងៃអង្គារនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សួស សំអាត សម្រេចមិនផ្តល់អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនឱ្យពួកលោកទាំងពីរនាក់នោះទេក្រោមហេតុផលថាឯកសារទាំងនោះ នៅតែមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរបន្តទៀត។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីរូបនេះ បង្ហាញការខកចិត្តនៅពេលតុលាការសម្រេចបែបនេះ ដោយលោកថាឯកសារទាំងនោះមានសារៈសំខាន់សំរាប់លោកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងដើម្បីបានយកទៅសួរសុខទុក្ខឪពុកម្តាយនិងសាច់ញាតិនៅស្រុកកំណើតស្ថិតនៅទឹកដីកម្ពុជាក្រោម។ កន្លងមកពួកគេទាំងពីរូបធ្លាប់ស្នើឱ្យបញ្ចប់ឬ ទម្លាក់ចោលសំណុំរឿងរបស់ពួកគេប៉ុន្តែតុលាការបានអូសបន្លាយជាង២ឆ្នាំមកនេះ ដោយមិនបានកំណត់ពេលបញ្ចប់ឡើយ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ធ្លាប់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនជាច្រើនលើកថាសំណុំរឿងនេះគឺពាក់ព័ន្ធនឹងបញ្ហានយោបាយ។

Human Right Watchថាការអូសបន្លាយនីតិវិធីក្នុងសំណុំរឿងរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីរនាក់នេះគឺជាការយកពួកគេធ្វើជាចំណាត់ខ្មាំង ដើម្បីសងសឹកនឹងវិទ្យុគាំទ្រដោយអាមេរិកមួយនេះដែលហ៊ានផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល។

អង្គការអន្តរជាតិមួយនេះ ការបន្តធ្វើទុក្ខបុកម្នេញលើអ្នកទាំងពីរបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជាខណៈដែលសេរីភាពទាំងនេះកំពុងរងការិះគន់កាន់តែខ្លាំងពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស