ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃស្អែកនេះ។
ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃអង្គារនេះឱ្យដឹងថា នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ ព្រះអង្គ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។ ប្រភពដដែលឱ្យដឹងទៀតថា ក្នុងពេលព្រះរាជអវត្តមានរបស់ទ្រង់ ព្រះអង្គបានព្រះរាជទានផ្ទេរសិទ្ធិ សម្រេចកិច្ចការប្រទេសជាតិទាំងឡាយទៅប្រធានព្រឹទ្ធសភា លោក សាយ ឈុំ មកធ្វើជាប្រមុខរដ្ឋស្តីទី។
ការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ទៅស្រុកចិននៅពេលនេះ ខណៈរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រា មានអាសន្ន។
នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃនេះ ឱ្យដឹងថាក្នុងឋានៈជានាយករដ្ឋមន្ត្រី លោកគឺជាអ្នកដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
ក្នុងកិច្ចប្រជុំនោះ បានចំណាយពេលប្រមាណ៣ម៉ោង ដោយលោក ហ៊ុន សែន មានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណះជាសកល។
កន្លងមកមានការលើកឡើងពីក្តីបារម្ភចំពោះការបង្កើតច្បាប់នេះ ដោយថាក្រុមប្រឆាំង ឬ អ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល នឹងក្លាយជាគោលដៅសំខាន់សម្រាប់រដ្ឋាភិបាលកម្ចាត់ចោលមុនគេ នៅពេលច្បាប់នេះចេញជាផ្លូវការ ដែលវានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ។
រដ្ឋធម្មនុញ្ញមាត្រា ២២ បានចែងថា នៅពេលប្រជាជាតិប្រឈមនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹង ជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពមានអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្នដាច់ដោយឡែកនៅឡើយទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ន។
យ៉ាងនេះក្តី លោក បានប្រាប់ដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភចំពោះច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានសអាសន្ន ត្រូវបានរៀបចំដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ ព្រមទាំងបានបញ្ជូនទៅបណ្តា ឧបនាយករដ្ឋមន្ត្រីទាំងអស់ផងដែរ។ បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួច សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីរំពឹងខ្ពស់ថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពី គណៈរដ្ឋមន្រ្តីធ្វើការពិនិត្យសម្រេចហើយនោះ។
កន្លងមក គេតែងសង្កេតឃើញថានៅពេលកម្ពុជាបង្កើត និងអនុម័តច្បាប់មួយដែលមានភាពចម្រូងចម្រាស ព្រះមហាក្សត្រខ្មែរតែងអវមាននៅក្នុងប្រទេស ដោយបានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ប៉ុន្តែច្បាប់ទាំងនោះនៅតែអាចដំណើរការចេញជាផ្លូវការ ក្រោមការចុះហត្ថលេខាពីប្រមុខរដ្ឋស្តីទី៕