អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ស្នើឱ្យរដ្ឋាភិបាលកម្ពុជាគួរតែបញ្ឈប់ការចេញនូវសេចក្តីប្រកាសព័ត៌មានជាសាធារណៈណាមួយពាក់ព័ន្ធជំងឺកូវីដ១៩ ដែលលើកទឹកចិត្តដល់ការស្អប់ខ្ពើម ការរើសអើង និងជំរុញឱ្យមានការប្រើអំពើហិង្សាប្រឆាំងនឹងក្រុមណាមួយ ឬប្រជាជនណាម្នាក់ ពិសេសក្រុមងាយរងគ្រោះ ឬជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។
អង្គការ Human Right Watch បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ ដោយលើកឡើងថា ទំហំនៃភាពរើងអើងក្រុមមនុស្សងាយរងគ្រោះឬ ជនបរទេសនៅកម្ពុជាមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។
អង្គការអន្តរជាតិមួយនេះ លើកឡើងថាដើម្បីការពារបុគ្គលដែលមានជំងឺកូវីដ១៩ ឬក្រុមងាយរងគ្រោះ ពីការរើសអើង និងអំពើហិង្សា រដ្ឋាភិបាលគួរតែដាក់កំហិតរាល់ការចេញផ្សាយព័ត៌មានជុំវិញបញ្ហាជនជាតិ ពូជសាសន៍ សាសនា និន្នាការនយោបាយ និងអត្តសញ្ញាណភេទជាដើម។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន ( Phil Robertson) លើកឡើងថាអង្គការសុខភាពពិភពលោក WHO និងទីភ្នាក់ងារអន្តរជាតិដទៃទៀតគួរតែជំរុញដល់រដ្ឋាភិបាលកម្ពុជាឱ្យផ្តោតការយកចិត្តទុកដាក់របស់ខ្លួនជុំវិញការឆ្លើយតបនឹងជំងឺកូវីដ១៩ ក្រោមហេតុផលត្រឹមត្រូវ និងទាន់ពេលវេលា។
ជាងនេះទៀត គួរតែបញ្ឈប់សេចក្តីប្រកាសព័ត៌មានជាសាធារណៈឬពាក្យពេចន៍ណាមួយ ដែលលើកទឹកចិត្តដល់ការស្អប់ខ្ពើម ការរើសអើង និងអំពើហិង្សាប្រឆាំងនឹងក្រុមណាមួយ ឬប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាគួរតែចាត់វិធានការដើម្បីធានាថាគ្មានការរើសអើងប្រឆាំងនឹងក្រុមងាយរងគ្រោះ និងជនបរទេសនៅកម្ពុជា ។
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលគប្បីចេញមុខសុំទោសជាផ្លូវការ ដល់សហគមន៍ជនជាតិចាម ចំពោះអ្វីដែលក្រសួងសុខភិបាលធ្លាប់ប្រកាសអំពីការឆ្លងជំងឺកូវីដ១៩ ដែលបង្ហាញពីអត្តសញ្ញាណជាក់លាក់ពេករបស់អ្នកជំងឺ ដែលធ្វើឱ្យមានការរើសអើង។
ការលើកឡើងនេះ បន្ទាប់ពីក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៧ ខែមីនា បានចេញសេចក្តីប្រកាសព័ត៌មានអំពីបច្ចុប្បន្នភាពនៃករណីវិជ្ជមានជំងឺកូវីដ ១៩ និងបានយោងទៅលើក្រុមមនុស្សជាក់លាក់ដែលបានឆ្លងវីរុសនេះរួមទាំង ខ្មែរឥស្លាមផងដែរ។
ប៉ុន្តែក្រោយមកក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខភិបាល បានបញ្ឈប់លែងប្រើប្រាស់ពាក្យពេចន៍សំគាល់ដល់សាសនាមួយនេះ ដោយប្រើត្រឹមពាក្យថាពលរដ្ឋខ្មែរវិញ។
បន្ថែមពីនេះ បម្រាមក្រុមជនជាតិស្បែកស ដែលរដ្ឋាភិបាលមិនអនុញ្ញាតឱ្យចូលកម្ពុជា និងការរកឃើញពួកអឺរ៉ុបឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាជាបន្តបន្ទាប់ក៏បានធ្វើឱ្យជនបរទេសនៅកម្ពុជាប្រឈមនឹងការរើសអើង ដូចជាហាងលក់ដូរ មិនលក់ទំនិញឱ្យពួកគេ ឬម្ចាស់ហាងត្រូវបង្ខំចិត្តបិទហាងដោយសារវត្តមានពួកអឺរ៉ុបជាដើម។
កាលពីថ្ងៃទី១៩ មីនា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានទទួលរបាយការណ៍ស្តីពីការយាយីឬការរើសអើងដែលផ្តោតលើជនបរទេសទាក់ទងនឹងជំងឺកូវីដ១៩នេះ។
អាមេរិកថា មានបុគ្គលិកឬសន្តិសុខខ្លះ បានបិទទ្វារភោជនីយដ្ឋាននិងរង្គសាលដោយសារវត្តមានជនបរទេស ប៉ុន្តែសកម្មភាពនោះរដ្ឋាភិបាលមិនបានចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាពនោះទេ។
យ៉ាងនេះក្តី កាលពីថ្ងៃទី ២៥ មីនា ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានលើកឡើងថាជំងឺធំជាងគេនៅកម្ពុជា គឺជាជំងឺនៃការរើសអើង និងជំងឺភ័យខ្លាចជ្រុលហួសហេតុ មិនមែនជាជំងឺកូវីដ១៩ទេ។
បញ្ហានេះ លោកបានអំពាវនាវឱ្យពលរដ្ឋបញ្ឈប់សកម្មភាពរើសអើងជាបន្ទាន់ ទៅលើក្រុមអ្នកមានជំងឺនេះ និងក្រុមមនុស្សរងគ្រោះដូចជាជនជាតិចាម និងជនបរទេសដែលកំពុងរស់នៅកម្ពុជា។
គិតមកដល់ថ្ងៃអង្គារ៍នេះ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន ១០៩ករណីហើយ ដោយក្នុងនោះអ្នកជំងឺជាង២០នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ៕