28 C
Phnom Penh

ឥណ្ឌូនេស៊ី ប្រកាសដោះលែងអ្នកទោស ជិត៣ម៉ឺននាក់ ដើម្បីបញ្ចៀសការឆ្លងមេរោគកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល ឥណ្ឌូណេស៊ី បានប្រកាសថា នឹងដោះលែងអ្នកទោស យ៉ាងតិចជិត៣ម៉ឺននាក់ ជាបន្ទាន់នៅពេលឆាប់ៗនេះ ដើម្បីបង្ការ នៃការឆ្លងមេរោគកូរ៉ូណា នៅក្នុងពន្ធនាគារ ។

ឥណ្ឌូនេស៊ី ជាប្រទេសមួយនៃសមាគមអាស៊ាន ដែលមានប្រជាជនជាង២៧៣លាននាក់ ។ ប្រទេសកាន់សាសនា ម៉ូស្លីមដ៏ធំមួយនេះ ត្រូវបានរាយការណ៏មកថា មានការឆ្លង មេរោគកូរ៉ូណា ដែលមានប្រភពដើមចេញពីប្រទេសចិន គឺបានកើនឡើងជាង១ពាន់ ៥៥០ករណី ហើយយ៉ាងហោចណាស់មនុស្សចំនួន១២២នាក់ បានស្លាប់។

អ្នកនាំពាក្យក្រសួង យុត្តិធម៌ លោក Bambang Wiyono និយាយនៅថ្ងៃអង្គារទី៣១ ខែមីនានេះថា អ្នកទោស ដែលនឹងត្រូវដោះលែងគឺអ្នកទោស ទាំងឡាយណា ដែល បានឆ្លងកាត់ការលុតដំ ក្នុងពន្ធនាគារ បាន២/៣ នៃទោស របស់ពួកគេ។ តែសម្រាប់អនីតិជន គឺទាល់តែ ទទួលការលុតដំ ១/២ នៃទោស របស់ខ្លួនទើប ទទួលបានការដោះលែង។

នៅទូទាំងប្រទេសឥណ្ឌូនេស៊ី មានអ្នកទោស សរុបចំនួន ២សែន ៧ម៉ឺន ៣៨៦នាក់។

លោក អៀរ៉ាស់មុស ណាពីទូពូលូ (Erasmus Napitupulu) ជានាយកប្រតិបត្តិ នៃវិទ្យាសា្ថន កែទំរង់ ប្រព័ន្ធយុត្តិធម៌នៃប្រទេសឥណ្ឌូនេស៊ី បានសាទរចំពោះ ការដោះលែងអ្នកទោស ប៉ុន្តែបានជំរុញអោយ រដ្ឋាភិបាលឥណ្ឌូនេស៊ី ពិនិត្យឡើងវិញចំពោះអ្នកទោសណា ដែលទទួលបានការអប់រំចិត្ត និងដឹងអំពីកំហុសរបស់ខ្លួន ជាពិសេស គឺអ្នកទោសជាស្រ្តីដែលចាំបាច់ត្រូវទទួលបានការដោះលែង អោយមានសេរីភាពឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មាន Reuters  បានចុះផ្សាយថាការ ចេញសេចក្ដីសម្រេចដោះលែងអ្នកទោស ចំនួនដ៏ច្រើនដែលជាលើកដំបូងពុំធ្លាប់មាននេះ គឺបន្ទាប់ពី លោកប្រធានាធិបតី Joko Widodo  បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ពីការឆ្លងមេរោគកូរ៉ូណា ដ៏ធ្ងន់ធ្ងរ។

លោកប្រធានាធិបតី បាននិយាយថា ចាប់ពីថ្ងៃទី១ ខែមេសានេះ តទៅ នឹងមានការរឹតបន្តឹង ការធ្វើដំណើរក្នុងប្រទេស គឺត្រូវត្រួតពិនិត្យ               សុខភាព អ្នកដំណើរទាំងអស់ ដោយការធ្វើតេស្តភ្លាមៗរកមើលការផ្ទុកមេរោគកូរ៉ូណា។

លោកព្រមានថា បើមិនអាចទប់ស្កាត់បានទាន់ពេលវេលាគឺនឹងអាចមានអ្នកស្លាប់ដល់ទៅ ១សែន៤ម៉ឺននាក់ នៅទូទាំងប្រទេស ក្នុងខែឧសភា ខាងមុខ។

ក្នុងស្ថានភាព អាសន្នដែលមេរោគកូរ៉ូណា កំពុងរីករាលដាល ធ្ងន់ធ្ងរ ប្រទេសឥណ្ឌូនេស៊ី ក៏បានសម្រេចអោយមានមូលនិធិសង្រ្គោះបន្ទាន់ ២៥ពាន់លានដុល្លារអាមេរិក។

លោកប្រធានាធិបតី Joko Widodo បានប្រកាសថា លោកបានចុះហត្ថលេខារួចហើយ លើសេចក្ដីស្នើកញ្ចប់ថវិកាចំនួន ២៥ពាន់លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា ដែល ជាជំនួយផ្នែកសង្គមកិច្ច និងមនុស្សធម៌ ជាពិសេសជួយដល់វិស័យសុខភាពសាធារណៈ។ តែយ៉ាងណាកដ៏ដោយ សេចក្ដីស្នើកញ្ចប់ថវិកាពិសេសនេះ នឹងត្រូវឆ្លងការពិនិត្យ និងអនុម័តជាមុនសិនពីសមាជិកសភាទើបប្រធានាធិបតីអាចប្រកាសដាក់អោយប្រើជាផ្លូវការបាន។

នៅក្នុងសមាគមអាស៊ាន ប្រទេសមានអ្នកឆ្លងមេរោគកូរ៉ូណាច្រើន ជាងគេ គឺប្រទេសម៉ាឡេស៊ី មានចំនួន ២ពាន់ ៦២៦នាក់ និងស្លាប់៣៧នាក់ ។ ប្រទេសថៃចំនួន ១ពាន់ ៦៥១នាក់ និងស្លាប់១០នាក់។

ចំណែកប្រទេសសិង្ហបុរីមានចំនួន ៨៧៩ នាក់និងស្លាប់ ៣នាក់ ហើយប្រទេសហ្វីលីពីនចំនួន ១ពាន់ ៥៤៦នាក់ និងស្លាប់ ៧៨នាក់។ ចំណែក ឥណ្ឌូនេស៊ីជាង ១ពាន់ ៥៥០នាក់ និងស្លាប់១២២នាក់។ សម្រាប់ឥណ្ឌូនេស៊ី ក្លាយជាប្រទេស ទី១មុនគេដែលសម្រេចដោះលែងអ្នកទោស រាប់ម៉ឺននាក់ ដើម្បីបង្ការ ការឆ្លងមេរោគកូរ៉ូណា នៅក្នុងពន្ធនាគារ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស