28.4 C
Phnom Penh

ឯកសារសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ បង្ហាញពីការដកហូតសិទ្ធិសេរីភាពស្ទើរទាំងស្រុង និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មាន៥ ជំពូក និងមាន១១ មាត្រា។

ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន នៅពេលប្រជាជាតិប្រឈមមុខ និងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈការពារអាយុជីវិត សុខភាពរបស់ពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត ព្រមទាំងបរិស្ថានផង។

ច្បាប់នេះ មាត្រា ២ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២    ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា។

ឯកសារសេចក្តីព្រាងច្បាប់ដដែល បានចែងនៅជំពូក២ មាត្រា៣ ស្តីពីបែបបទ និងនីតិវិធីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយមាត្រានេះស្របគ្នានឹងមាត្រា ២២ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។

មាត្រានេះចែងថា នៅពេលប្រជាជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ និងធ្វើឡើងសម្រាប់ថិរវេលាមានកំណត់ឬ មិនកំណត់ ប៉ុន្តែការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់    ថិរវេលាមិនកំណត់ ត្រូវបញ្ចប់ទៅវិញដោយព្រះរាជក្រឹត្យនៅពេលសភាពការណ៍អនុញ្ញាត។

រីឯមាត្រា៤ ស្តីពីលក្ខខណ្ឌដាក់ប្រទេសក្នុងគ្រាអាសន្ន បញ្ជាក់ថា                 ការដាក់ប្រទេសក្នុងគ្រាអាសន្នអាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ ដូចជាសង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស។ បញ្ហាបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីជំងឺឆ្លង ភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរជាដើម។

កាលពីថ្ងៃទី ២៥ ខែមីនា លោក ហ៊ុន សែន អះអាងថា នៅពេលច្បាប់នេះចេញជាផ្លូវការ រដ្ឋនឹងដកហូតសិទ្ធិស៊ីវិលឬ សិទ្ធិស៊ីវិលមួយចំនួននឹងលែងមាន ហើយខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះក៏បង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពស៊ីវិលដូចគ្នានឹងការលើកឡើងរបស់លោកហ៊ុន សែន ផងដែរ។

ជំពូក៣ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន វមាត្រា៥ បានចែងថានៅពេលប្រទេសជាតិត្រវបានប្រកាសដាក់ក្នុងភាពអាសន្ន រដ្ឋាភិបាលមានសិទ្ធិដាក់ចេញនូវវិធានការចំនួន១២ចំណុច ដូចជា ហាមឃាត់ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។ ការហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។

បន្ថែមពីនេះ ហាមឃាត់ឬ កម្រិតការធ្វើសកម្មភាពការងារឬ មុខរបរ។ ហាមឃាត់ ឬកម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬទីសំណាក់ណាមួយ ឬដាក់ឱ្យនៅដាច់ដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ ដែលបណ្តាលមកពីការឆ្លងរាលដាល នៃជំងឺ។

អ្វីដែលសំខាន់នោះ គឺរដ្ឋអាចដាក់ចេញនូវវិធានការទាក់ទងកំណែន ជម្លៀសពលរដ្ឋ ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ ឬសេវានានា ដែលចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន ហើយនីវិធីកំណែន ឬសំណងត្រូវកំណត់ដោយរដ្ឋជាដើម។

ជាងនេះទៀតចំណុច១០នៃមាត្រា៥ ដដែល បន្ថែមថារដ្ឋអាចចេញវិធានការឃ្លាំមើល ឬតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ព្រមទាំងហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានភាពភ័យខ្លាចដល់សាធារណជន ឬចលាជល ឬនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពអាសន្ន ព្រមទាំងវិធានការដទៃទៀត ដែលសមស្របនិងចាំបាច់ជាដើម។

វិទ្យុសំឡេងសហរដ្ឋអាមេរិក វី.អូ.អេ កាលពីថ្ងៃម្សិលមិញបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ចុះផ្សាយថា               ឯកសារនៃសេចក្តីព្រាងច្បាប់ដាក់ប្រទេសជាតិក្នុងគ្រាអាសន្ននោះជាឯកសារពិត ហើយសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តរួចហើយក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យដឹងកាលពីថ្ងៃអង្គារដែរថា លោកបានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីអំពីសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះ។ លោកអំពាវនាវដល់ ពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភអំពីច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ ពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

យ៉ាងនេះក្តីឯកសារព្រាងច្បាប់ដដែល ក្នុងជំពូក៤ ស្តីពីទោសប្បញ្ញត្តិវិញ ដែលមានចែងពីមាត្រា៧ ដល់មាត្រា៩ អំពីការដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើពលរដ្ឋ និងនីតិបុគ្គល ដែលរារាំងកិច្ចប្រត្តិបត្តិការ និងមិនគោរពវិធានការរបស់រដ្ឋនៅពេលប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នដោយចេតនា អាចជាប់គុកពី១ខែ ដល់៥ ឆ្នាំ។

លើសពីនេះ ប្រសិនបើសកម្មភាពរារាំងឬ មិនគោរពទាំងនោះ ដែលធ្វើឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ត្រូវផ្តន្ទាទោសពី១ឆ្នាំ ដល់១០ឆ្នាំ និងពិន័យជាប្រាក់យ៉ាងសន្ធឹកសន្ធាប់ ដោយទោសទាំងនេះមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ។

លោក ហ៊ុន សែន បញ្ជាក់ថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្នដែលជាស្នាដៃរៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី គឺ លោក កើត រិទ្ធ ដោយលោក រំពឹងថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះ។

ក្រោយពេលរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់នេះ នឹងរុញបន្តទៅស្ថាប័នព្រឹទ្ធសភា ហើយចុងក្រោយនឹងរុញឲ្យប្រមុខរដ្ឋស្តីទីគឺប្រធានព្រឹទ្ធសភាលោក សាយ ឈុំ  ជាអ្នកចុះហត្ថលេខា ខណៈព្រះមហាក្សត្រខ្មែរអវត្តមានក្នុងប្រទេសចំពេលរដ្ឋាភិបាលរៀបចំច្បាប់ដ៏ចម្រូងចម្រាសមួយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស