អគ្គមេបញ្ជាការកងទ័ពបានបញ្ជាដល់កងទ័ពទាំងអស់ឱ្យត្រៀមខ្លួនក្នុងការចេញអន្តរាគមន៍ឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន កាលពីថ្ងៃម្សិលមិញ បានចេញលិខិតមួយ ដោយបញ្ជាឱ្យកងកម្លាំងទាំងអស់រក្សាកម្លាំងខ្លួនក្នុងបន្ទាយ មិនត្រូវប្រមូលផ្ដុំគ្នាជប់លៀងសប្បាយនោះឡើយ គឺត្រូវត្រៀមកម្លាំងដើម្បីអន្តរាគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រភពដដែលបាន បញ្ជាឱ្យនាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានមេបញ្ជាការ និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីពេលចុះហត្ថលេខានេះតទៅ រហូតដល់មានបទបញ្ជាថ្មី និងរាយការណ៍ជាប្រចាំមកថ្នាក់លើ។
ការបញ្ជាឱ្យទ័ពត្រៀមកម្លាំងនៅពេលនេះ ស្របពេលកម្ពុជាកំពុងដំណើរការរៀបចំច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន ដែលគ្រោងនឹងចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។
កាលពីថ្ងៃទី៣០ ខែមីនា លោក ហ៊ុន សែន បានបញ្ជាក់ថាដំណើរការធ្វើបុណ្យចូលឆ្នាំប្រពៃណីជាតិ ប្រារព្ធឡើងជាធម្មតា ប៉ុន្តែមិនតម្រូវឱ្យមានការជួបជុំមនុស្សច្រើននោះឡើយ ដោយពលរដ្ឋខ្មែរត្រូវប្រារព្ធពិធីចូលឆ្នាំនៅផ្ទះរបស់ខ្លួនរៀងៗខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
នៅថ្ងៃទី ១មេសា នេះ ក្រសួងសុខាភិបាលអះអាងថាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីឡើយ ដោយនៅរក្សាតួលេខ១០៩ករណី ដែលរកឃើញមានជំងឺនេះ នៅកម្ពុជា ។ ក្នុងនោះមានពលរដ្ឋជាង២០នាក់ហើយ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយ៕