28 C
Phnom Penh

អាមេរិកលើកផែនការផ្លាស់ប្ដូររបបដឹកនាំ នៅវេណេហ្សូអេឡាដោយបង្ខំអោយជនផ្ដាច់ការម៉ាឌូរ៉ូលាលែងពីតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃទី២៨ ខែមីនា  ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចេញដីកាចោទប្រកាន់ និងចាប់ខ្លួនលោកនីកូឡាស់ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេស វេណេហ្សូអេឡា និងមន្ត្រីជាន់ខ្ពស់របស់លោកចំនួន ១៥នាក់ ពីបទឧក្រិដ្ឋកម្មគ្រឿងញឿន និងបង្កភេរវកម្ម ក្នុងតំបន់ និងលើទឹកដីអាមេរិក។

ហេតុការណ៍នេះ បាននាំអោយមានការភ្ញាក់ផ្អើលអំពី ជោគវាសនា របស់លោក ម៉ាឌូរ៉ូទៅនឹង ប្រធានាធិបតី នៃប្រទេសប៉ាណាម៉ា លោក ម៉ានូអែល អង់តូនីញូ នូរីហ្គា (Manuel Antonio Noriega) ដែលអាមេរិក លើកទ័ពទៅចាប់ខ្លួនទាំងកំពុងកាន់អំណាចណែនក្នុងដៃហើយនាំខ្លួនយកកាត់ទោសនៅក្នុងទីក្រុង Miami សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៨៩ ដែល អ្នកសង្កេតការណ៍ខ្លះថាអាមេរិកធ្វើរដ្ឋប្រហារ ទំលាក់ឧក្រិដ្ឋជន គ្រឿងញៀនម្នាក់នេះ។

សម្រាប់លោកម៉ាឌូរ៉ូក៏កំពុងដើរជាន់ផ្លូវមេដឹកនាំ ប៉ាណាម៉ាម្នាក់នេះដែរ បើមិនទទួលយកសេណារូយូរបស់អាមេរិក ដែលប្រាប់អោយលោក ចាកចេញពីតំណែង ហើយបង្កើតរដ្ឋាភិបាលអន្តរកាលជាបន្ទាន់ទេនោះ។

នៅថ្ងៃទី១ ខែមេសានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា រដ្ឋការរបស់លោកប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសថា នឹងលុបចោល ទណ្ឌកម្ម លើប្រទេសវេណេហ្សួអេឡា អោយតែ លោកម៉ាឌូរ៉ូលាលែងពីតំណែង ហើយបង្កើតរដ្ឋបាលអន្តរកាលមួយ ដែលមាន បក្សប្រឆាំង និងបក្សសង្គមនិយមរបស់លោកម៉ាឌូរ៉ូ ដឹកនាំ             រដ្ឋាភិបាលនេះក្នុងអន្តរកាល ដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតីឡើងវិញ ប៉ុន្តែពុំមានលោកម៉ាឌូរ៉ូ ក្នុងរដ្ឋាភិបាលនេះទេហើយ លោកវ័ន្តកៃដូ មេដឹកនាំបក្សប្រឆាំងក៏គ្មានដែរ។ នេះជាសេណារូយូ ដំបូងដែលមហាអំណាចមួយនេះ រុញអោយលោកម៉ាឌូរ៉ូកាន់តែទាល់ច្រក។

ប្រទេសវេណេហ្សូអេឡា បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចនិងនយោបាយដ៏ធ្ងន់ធ្ងរក្នុង រយៈ២ឆ្នាំមកហើយ បន្ទាប់ពីលោកម៉ាឌូរ៉ូជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត ដោយកំចាត់បក្សប្រឆាំងចេញពីវេទិកា ហើយបោះឆ្នោត ដោយបន្លំនិង បំប៉ោងតួលេខនៃលទ្ធផលបោះឆ្នោត បាននាំអោយសហគមន៍អន្តរជាតិ មិនទទួលស្គាល់លោកម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់នៃប្រជាជនវេណេហ្សូអេឡា។ ក្រុមប្រឆាំងរបស់លោកវ័ន្តកៃដូបានសម្រេច ចាកចេញពីប្រទេស ហើយមនុស្សរយនាក់ផ្សេងទៀតត្រូវបានរដ្ឋអំណាចរបស់លោកម៉ាឌូរ៉ូ ចាប់ដាក់គុក។

របបលោកម៉ាឌូរ៉ូ សឹងតែអស់តម្លៃ ជារដ្ឋមួយនៅក្រោម ឆ័ត្រ របស់អង្គការសហប្រជាជាតិ ដោយសារតែ ប្រទេសជិត៦០ ភាគច្រើន ជាប្រទេសប្រជាធិបតេយ្យជឿនលឿនបានងាកមកគាំទ្រ លោកកៃដូ                    ជាប្រមុខរដ្ឋស្ដីទី របស់ប្រជាជនវេណេហ្សូអេឡា។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានប្រកាស ជាផ្លូវការនូវការបង្កើតបណ្ដាញអន្តរកាលប្រជាធិបតេយ្យ ដោយកើតឡើងចេញពីបក្សប្រឆាំងរបស់លោកកៃដូ និងបក្សសង្គមនិយម របស់លោកម៉ាឌូរ៉ូ ដែលគេហៅថារដ្ឋបាលអន្តរកាល នៃប្រទេសវេណេហ្សូអេឡា ។

រដ្ឋបាលនេះ នឹងទទួលបានការគាំទ្រ ពីសហគមន៍អន្តរជាតិ ហើយអាមេរិកនឹងលុបចោល ការដាក់ទណ្ឌកម្មដោយសម្រេច ជួយស្ដារសេដ្ឋកិច្ចប្រទេសនេះឡើងវិញ ជាមួយនឹងការបោះឆ្នោត ប្រធានាធិបតីឡើងវិញ។ ប៉ុន្តែទាំងលោកម៉ាឌូរ៉ូ និងលោកកៃដូនឹងពុំមានក្នុងសមាសភាព ថ្នាក់ដឹកនាំ នៃរដ្ឋបាលអន្តរកាលនេះទេ។

សេណារូយូរបស់រដ្ឋការលោកត្រាំបានធ្វើឡើងមួយសប្ដាហ៍បន្ទាប់ពី ក្រសួងយុត្តិធម៌អាមេរិកចេញដីកា ចោទលោកម៉ាឌូរ៉ូនឹងបក្សពួករបស់ ជាច្រើននាក់ពីបទ ឧក្រិដ្ឋកម្មគ្រឿងនិង បង្កភេរវកម្មតំបន់។

ប្រេសិតពិសេស តំណាងរបស់លោកត្រាំ គឺលោក Elliott Abrams បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា របបលោកម៉ាឌូរ៉ូកំពុងអស់ផ្លូវដើរហើយ គឺពេលនេះ អាមេរិកនឹងមិនលើកលែងទៀតឡើយ។ របបនេះ ត្រូវតែប្រញាប់បត់បែនអោយទាន់ស្ថានការណ៍ បើពុំនោះ ទេទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរមួយទៀតនឹងកើតមាននៅចុងខែមេសានេះ។

លោកព្រមានថា បើរបបលោកម៉ាឌូរ៉ូច្រានចោល ផែនការរបស់អាមេរិក គឺគ្រោះថា្នក់នឹងកើតមានទៅលើលោកម៉ាឌូរ៉ូ។ លោកប្រាប់លោកម៉ាឌូរ៉ូអោយចុះចេញពីតំណែង និងនិរទេសខ្លួនទើបមានឱកាស ស្វែងរកអនាគតថ្មីឡើងវិញ។

សម្រាប់លោករដ្ឋមន្ត្រីការបរទេស Pompeo  បាននិយាយថារដ្ឋការអន្តរកាលនេះ ជាអ្នកត្រួសត្រាវផ្លូវសម្រាប់ការបោះឆ្នោត ប្រកបដោយប្រជាធិបតេយ្យ មួយដែលមានការឃ្លាំមើលដោយ សហគមន៍អន្តរជាតិ ហើយភាគីណាក៏ចូលរួមប្រកួតតំណែងប្រធានាធិបតីបានដែរ លើកលែងតែឧក្រិដ្ឋជនគ្រឿងញៀន និងអំពើភេរវកម្មប៉ុណ្ណោះ។

ភ្លាមៗបន្ទាប់ពីអាមេរិក បង្កើតសេណារូយូ ដូចនេះ អគ្គលេខាធិការដ្ឋាននៃអង្គការរដ្ឋអាមេរិកកាំង OAS ដែលមានជាង២០ប្រទេស នៃទ្វីបអាមេរិកខាងត្បូង បានប្រកាសទទួលយកសំណើរបស់អាមេរិក មកធ្វើជាផែនការរបស់ខ្លួនដើម្បីជួយផ្សះផ្សាជាតិនៃប្រទេសវេណេហ្សូអេឡាដោយសំដៅជួយប្រទេសដែលហែកហួរដោយវិបត្តិនយោបាយនិងសេដ្ឋកិច្ច ឲ្យមានរបបប្រជាធិបតេយ្យពិតប្រាកដឡើងវិញ។

តែយ៉ាងណា លោកម៉ាឌូរ៉ូ នៅតែមានសង្ឃឹមតិចតួចថា របបរបស់លោកអាចនឹងបន្តរស់និងកាន់អំណាច ពីមួយថ្ងៃទៅមួយបានបន្តទៀត ក្រោមជំនួយពីមហាមិត្តរុស្ស៊ី ចិន និងគុយបា។ ប៉ុន្តែវាសនារបស់លោក ម៉ាឌូរ៉ូ អាចនឹងជួបរឿងអាក្រក់ដូចគ្នាទៅនឹងវាសនារបស់ប្រធានាធិបតីនៃប្រទេស ប៉ាណាម៉ា លោក ម៉ានូអែល នូរីហ្គា ដែលអាមេរិកលើកទ័ពទៅចាប់ខ្លួនយកមកដាក់គុកនៅទីក្រុង ម៉ាយអាមី កាលពីឆ្នាំ១៩៨៩ ក្រោមបទចោទប្រកាន់ឧក្រិដ្ឋកម្មគ្រឿងញៀន បង្កអសន្តិសុខក្នុងតំបន់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស