31 C
Phnom Penh

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថា នីតិវិធីនៃការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន នឹងដំណើរការជាធម្មតា ទោះគ្មានវត្តមានព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថាដំណើរការបង្កើតច្បាប់សម្រាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន នៅតែបន្តទៅមុខ ព្រមទាំងនឹងចេញជាផ្លូវការនាពេលខាងមុខ ទោះបីជាអវត្តមានព្រះមហាក្សត្រនៅក្នុងប្រទេសក្តី។

ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ថានីតិវិធីនៃការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះ នឹងដំណើរការជាធម្មតា ដោយប្រមុខរដ្ឋស្តីទីនឹងចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់នេះជំនួសព្រះមហាក្សត្រ បន្ទាប់ពីច្បាប់នេះឆ្លងផុតស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ ស្របពេលសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងគ្រាមានអាសន្ន កំពុងស្ថិតនៅក្នុងដៃគណៈរដ្ឋមន្ត្រី  ដើម្បីពិនិត្យសម្រេច មុននឹងបញ្ជូនទៅរដ្ឋសភា ខណៈដែលព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនកាលពីថ្ងៃម្សិលមិញ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា ការយាងទៅកាន់ប្រទេសចិនរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែពេលនេះ មិនមែនមានន័យថាព្រះអង្គចង់គេចវេះពីច្បាប់ថ្មីនេះទេ ប៉ុន្តែជាការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ទ្រង់ តបតាមការកំណត់របស់គ្រូពេទ្យចិន ហើយគម្រោងយាងទៅពិនិត្យព្រះរាជសុខភាពនេះ មុនពេលដំណើរការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នទៅទៀត។

លោកលើកឡើងថា បុគ្គលណាដែលយល់ថាព្រះអង្គយាងទៅក្រៅប្រទេស ព្រោះមិនចង់ពាក់ព័ន្ធនឹងច្បាប់ថ្មី គឺជាក្រុមមនុស្សដែលមានគំនិតអមិត្តជាមួយប្រទេសកម្ពុជាប៉ុណ្ណោះ។

ការលើកឡើងនេះ ក្រោយពេលមានមតិរិះគន់មួយចំនួនលើកឡើងថា ការយាងចេញទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ក្នុងពេលនេះព្រោះមិនចង់ពាក់ព័ន្ធនឹងច្បាប់ថ្មីស្តីពីការគ្រប់គ្រងប្រទេសស្ថិតនៅក្នុងភាពអាសន្ន ដោយថាជាច្បាប់មានភាពចម្រូងចម្រាស បង្កើតឡើងក្នុងបំណងធ្វើទុកបុកម្នេញក្រុមប្រឆាំង និងអ្នកដែលមានមតិរិះគន់រដ្ឋាភិបាល។  

កាលពីថ្ងៃម្សិលមិញ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

កាលពីថ្ងៃទី៣១ ខែមីនា ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឱ្យដឹងថា ក្នុងពេលព្រះរាជអវត្តមានរបស់ព្រះអង្គ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ធ្វើជាប្រមុខរដ្ឋស្តីទី។ ក្នុងព្រះរាជសារ ព្រះមហាក្សត្រមិនបានកំណត់ថ្ងៃណាវិលមកប្រទេសកម្ពុជាវិញទេ។

កន្លងមក ក្នុងគ្រាដែលមានការរៀបចំបង្កើតច្បាប់ថ្មីដែលមានចរឹកនយោបាយ ឬ មានភាពចម្រូងចម្រាស មិនបានជាប្រយោជន៍ពលរដ្ឋទូទៅនោះ ព្រះមហាក្សត្រខ្មែរ តែងយាងចេញទៅប្រទេសចិន ក្រោមហេតុផលនៃការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។

អ្នកឃ្លាំមើលសង្គម ធ្លាប់បង្ហាញទស្សនៈថា និន្នាការយាងទៅក្រៅប្រទេសរបស់ព្រះមហាក្សត្រខ្មែរ  ក្នុងស្ថានភាពប្រទេសមានបញ្ហាប្រឈមបែបនេះនោះ គឺ មានតាំងពីសម័យព្រះបរមរតនៈកោដិ ព្រះបាទ នរោត្តម សីហនុ ម្លេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស