37 C
Phnom Penh

សកម្មជនស្រលាញ់បរិស្ថាន និងអង្គការសង្គមស៊ីវិលមើលឃើញថាយុត្តិធម៌នៅកម្ពុជាស្ថិតនៅក្នុងដំណាក់កាលអន្តរាគមន៍ និងការខ្នះខ្នែងពីគ្រប់មជ្ឃដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ សកម្មជនព្រៃឈើ សកម្មជនដីធ្លី និងអង្គការសង្គមស៊ីវិល បានលើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាស្ថិតនៅក្នុងដំណាក់កាលសុំកិច្ចអន្តរាគមន៍ និងការខ្នះខ្នែងពីគ្រប់មជ្ឈដ្ឋាន ទើបទទួលបានយុត្តិធម៌។

ក្នុងលិខិតចំហរ មួយរបស់ព្រះសង្ឃ សកម្មជនព្រៃឈើ សកម្មជនដីធ្លី និងអង្គការសង្គមស៊ីវិល ក្រោមការលើកឡើងថា យុត្តិធម៌តាមបែបអន្តរាគមន៍។

លិខិតនោះបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពទាំងយប់ ទាំងថ្ងៃ ក្នុងការជួយធ្វើអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់យុត្តិធម៌ជូនដល់សកម្មជនព្រៃឈើទាំងបួននាក់ ដែលត្រូវបានសន្តិសុខក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយនៅខេត្តក្រចេះ ចាប់ខ្លួនកាលពីខែមីនា ឲ្យមានសេរីភាពឡើងវិញ។

ម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង ព្រមទាំងសកម្មជនព្រៃឈើ៣នាក់ទៀត រួមមានលោកខេម សុឃី លោក ស្រី ថី និងលោក មេន ម៉ាត់ ត្រូវបានបុគ្គលិកក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឯកជនមួយឈ្មោះ ស៊ីងបាយអូតិក (Think Biotech) ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែមីនា នៅចំណុចដំបូកស ភូមិរមួល ឃុំបឹងចា ស្រុកសំបូរ ខេត្តក្រចេះ ។

ក្រោយពេលចាប់ខ្លួន និងបញ្ជូនមកសាកសួរនៅតុលាការខេត្តក្រចេះ   រយៈពេល៣ថ្ងៃ ពួកគេទាំង៤ រូប ត្រូវបានព្រះរាជអាជ្ញាខេត្តនេះ សម្រេចដោះលែងឱ្យមានសេរីភាពវិញ ក្រោមលក្ខខណ្ឌធ្វើកិច្ចសន្យា ផ្អាកសកម្មភាពការងារការពារព្រៃឈើរបស់ខ្លួនបណ្តោះអាសន្ន និងលក្ខខណ្ឌផ្សេងទៀត។

ការដោះលែងនេះទៀបសោត ក្រោយមានក្រុមយុវជន ព្រះសង្ឃអង្គការសង្គមស៊ីវិលជួយអន្តរគមន៍ ថែមទាំងប្រមូលផ្តុំគ្នានៅខាងមុខតុលាការទាមទារឱ្យដោះលែងពួកគេ ត្បិតពួកគេទាំង៤រូប មិនបានប្រព្រឹត្តអ្វីផ្ទុយនឹងច្បាប់នោះឡើយ។

ឆ្លងតាមបទពិសោធន៍ជាក់ស្តែងមួយនេះ ក្រុមអ្នកស្រលាញ់បរិស្ថាន និងអង្គការសង្គមស៊ីវិល មើលឃើញថា «យុត្តិធម៌នៅកម្ពុជាស្ថិតនៅក្នុងដំណាក់កាលអន្តរាគមន៍ និងការខ្នះខ្នែងពីគ្រប់មជ្ឃដ្ឋាន»  ដើម្បីទទួលបាននូវដំណោះស្រាយយុត្តិធម៌ នៅក្នុងករណីចាប់ខ្លួនសកម្មជនព្រៃឈើនេះ។

លិខិតចំហរដដែលនេះ លើកឡើងថា ក្រុមមន្ត្រីតុលាការខេត្តក្រចេះ ដែលទទួលបន្ទុកលើសំណុំរឿងសកម្មជនការពារព្រៃឈើទាំង៤រូប ពេលនោះ ក៏បានរកឃើញថា សកម្មជនការពារព្រៃឈើទាំងនេះ មិនមានបទល្មើសព្រហ្មទណ្ឌណាមួយទាល់តែសោះ តែហាក់ស្ទាក់ស្ទើរ ឬ អាចនិយាយបានថាមិនហ៊ានសំរេចចិត្តអ្វីទាំងអស់ ក្រៅអំពីរង់ចាំតែបទបញ្ជាពីថ្នាក់លើដែលកាងក្រុមហ៊ុនស៊ីងបាយអូតិក ពីព្រោះរឿងមួយនេះមានមន្ត្រីជាន់ខ្ពស់មានអំណាចមួយរូបដែលមន្ត្រីតុលាការមិនហ៊ានបញ្ចេញឈ្មោះ បានកាងនៅពីក្រោយ។

ប្រភពដដែលបន្តថា ប្រសិនចង់ឲ្យមានដំណោះស្រាយអ្វីមួយដល់សកម្មជនព្រៃឈើ តម្រូវឲ្យមានបទអន្តរាគមន៍ពីថ្នាក់ដឹកនាំ ទាក់ទងទៅមន្ត្រីជាន់ខ្ពស់ដែលកាងក្រុមហ៊ុនរូបនោះ ទើបអាចដំណើរការទៅបាន ជាពិសេស ដំណើរការលើសំណើសុំសំភារៈដែលតុលាការរឹបអូសទុកតែម្តង។

ដោយយអស់សង្ឃឹម និងមិនមានលទ្ធភាពនៅក្នុងការស្វែងរកការអន្តរាគមន៍ពីថ្នាក់ដឹកនាំដើម្បីស្នើសុំសំភារៈដូចជា ម៉ូតូកញ្ចាស់ពីរគ្រឿង ដែលតុលាការរឹបអូសនោះតទៅទៀតបាន សកម្មជនព្រៃឈើ បានសំរេចចិត្តមិនបន្តនីតិវិធីដោយមើលឃើញថា ភស្តុតាងដែលបានបង្ហាញជាសាធារណៈនៅចំពោះមុខតុលាការ និងមន្ត្រីអនុវត្តន៍ច្បាប់ អំពីវិនាសកម្មព្រៃឈើ ដែលរកឃើញនៅក្នុងក្រុមហ៊ុនមួយនេះ និងកន្លែងដទៃទៀត ត្រូវបានបំភ្លេចចោល និងធ្វើមិនដឹង មិនលឺ។  នេះនៅមិនគិតដល់ករណីក្រុមសន្តិសុខ វាយបំបែកក្បាលហូរឈាម ទៅលើសកម្មជនព្រៃឈើម្នាក់ឈ្មោះ ម៉ាន ម៉ាត់ និងចង់ចាប់ជើងលោក អ៊ូច ឡេង ដែលពិការស្រាប់បោកថែមទៀតផងនោះ។

ទន្ទឹមនឹងនេះសកម្មជនព្រៃឈើ អំពាវនាវឲ្យពលរដ្ឋទាំងអស់ ងាកមករួមគ្នា ជួយការពារព្រៃឈើ ដែលកំពុងរងនូវការកាប់ ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ពីសំណាក់ឈ្មួញនៅក្នុងគ្រាមានអាសន្ននៃមេរោគd Covid-19 ដែលកំពុងរីករាលដាលនៅលើពិភពលោក និងប្រទេសកម្ពុជាផង។ 

វីរៈជនបរិស្ថានពិភពលោក និងជាប្រធានកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បានអះអាងក្នុងលិខិតចំហរនោះថា “សំណុំរឿងរបស់ពួកលោក តុលាការហាក់ញញើតក្នុងការចាត់វិធានការទៅលើសកម្មជនការពារព្រៃឈើ ខណៈតុលាការរកមិនឃើញបទល្មើស ប៉ុន្តែបែជារឹបអូសយកទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាពិសេសលុយកាក់យកទៅបាត់តែម្តង។ 

ចំណែកការដកហូតម៉ូតូរបស់សហគមន៍ព្រៃឡង់ មិនព្រមប្រគល់ជូនពួកគាត់វិញឡើយ ដោយតុលាការមិនប្រាប់ពីមូលហេតុពិតប្រាកដ ក្រៅពីរង់ចាំស្តាប់បទបញ្ជាពីអ្នកធំដែលមិនចេញមុខតែប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក អ៊ួច ឡេង  អំពាវឲ្យមានការចូលរួម នៅក្នុងយុទ្ធនាការ បិទអាជីវកម្មរោងចក្រអារឈើរបស់ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Thy Nga និងក្រុមហ៊ុន PNT ក៏ដូចជារោងចក្រអារឈើដទៃទៀតដែលបំផ្លាញព្រៃធម្មជាតិ នៅទូទាំងប្រទស តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស