40.6 C
Phnom Penh

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិថា ខ្សែបន្ទាត់តាមព្រំដែន គ្មានការរំលោភបំពានពីប្រទេសជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អះអាងថា កាលពីខែមីនាកន្លងទៅថាខាងក្រសួង មិនមានព័ត៌មានណាមួយស្តីពីការរំលោភបំពានកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានោះទេ។

ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់ថា កាលពីខែកន្លងមក ខាងក្រសួងមិនទទួលបានដំណឹងអំពីការរំលោភឬបំពានដោយកម្លាំងបរទេសនៅតាមបណ្តោយខ្សែព្រំដែននោះឡើយ។

ដោយឡែកលោកថា កម្លាំងទ័ពកម្ពុជានៅរក្សារឹងមាំតាមបណ្តោយព្រំដែនជាប់ប្រទេសទាំងបី រួមមានវៀតណាម ថៃ និង ឡាវ ដោយនៅតែបន្តធ្វើជាម្ចាស់ការខ្លួនឯងបានដដែល។

ការអះអាងរបស់លោក ឈុំ សុជាតិ នេះធ្វើឡើងក្រោយពេលអ្នកសារព័ត៌មានបានសាកសួរលោកអំពីការរំលោភបំពានពីភាគីថៃ ដោយពួកគេបានយកបន្លាលួស មករាយនៅក្នុងដីខ្មែរនាខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីខែមីនា។

ការលើកឡើងនេះ ហាក់ផ្ទុយគ្នាទៅនឹងកាលផ្សព្វផ្សាយជាវីដេអូមួយ កាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅ នៅលើទំព័រហ្វេសប៊ុកឈ្មោះ William Guang ដែលជាផេករបស់ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណវឌ្ឍនា សារាបុង បានបង្ហោះពាក់ព័ន្ធនឹងការចូលមកដេញពលរដ្ឋខ្មែរនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពីសំណាក់ទាហានវៀតណាម ដោយមិនឱ្យពលរដ្ឋខ្មែរអាចធ្វើស្រែក្នុងដីខ្មែរ បើទោះបីដីតំបន់ទាំងនោះត្រូវបានគណៈកម្មការព្រំដែនប្រទេសទាំងពីរបោះបង្គោលព្រំដែនរួចហើយក្ដី។

ប្រភពដដែលបន្តទៀតថា ករណីនេះពលរដ្ឋអះអាងថាដីគាត់បានធ្វើស្រែជាយូមកហើយ តែដោយមិនទាន់មានបន្ទាត់ព្រំដែន នឹងជាតំបន់សផងនោះ ពួកគាត់មិនអាចចូលធ្វើអីបានទេដោយទុកលទ្ធភាពអោយបោះបង្គោលព្រំដែនជាមុនសិន។

ប្រធានគណបក្សខ្មែរក្រោកដដែលបន្តថា បច្ចុប្បន្ន បង្គោលព្រំដែនបានបោះរួចហើយ ប៉ុន្តែអាជ្ញាធរខេត្តនៅតែមិនទាន់ដោះស្រាយបញ្ហានេះជូនពួកគាត់នៅឡើយ ជាពិសេសដីស្រែចំការរបស់ពលរដ្ឋខ្មែរ នៅតែមិនអាចធ្វើអ្វីបានទៀត  ទោះឈរក៏ឈរពុំបានផង ព្រោះអាជ្ញាធរ វៀតណាម ឆ្លងចូលទឹកដីខ្មែរដេញពួកគាត់តែម្ដង។

លោកថា ពេលខ្លះអាជ្ញាធរខ្មែរបានត្រឹមឈរមើលអាជ្ញាធរវៀតណាមដេញពលរដ្ឋខ្លួន ដោយពុំមានប្រតិកម្មអ្វីទាំងអស់ដើម្បីជាការឆ្លើយតបចំពោះភារកិច្ចការពារតម្លៃនៃអធិបតេយ្យភាពរបស់ខ្លួន។

សមាជិករដ្ឋាភិបាលដដែលនេះ អះអាងថា ក្រោយចប់ស្ថានភាពនៃបញ្ហាជំងឺកូវីត១៩ លោកនឹងរៀបចំរបាយការណ៍ជូនរដ្ឋាភិបាលពិនិត្យលើករណីនេះ  ព្រោះសូម្បីគោលនយោបាយរដ្ឋាភិបាលក៏គាំទ្រពលរដ្ឋអោយរស់តាមបន្ទាត់ព្រំដែននឹងធ្វើស្រែចំការ ផងដែរ។

យ៉ាងនេះក្តីក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ ខែមីនា គណៈកម្មាធិការចម្រុះព្រំដែន បានប្រកាសទាត់ចោលការលើកឡើងនេះ ដោយថា ជាព័ត៌មានក្លែងក្លាយ បំផ្លើសការពិត ព្រោះដីទាំងនោះមុនការបោះព្រំដែន គឺស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយគ្មានពលរដ្ឋខ្មែរណាម្នាក់ធ្លាប់គ្រប់គ្រងពីមុនមកទេ ហើយរដ្ឋក៏គ្មានគោលការណ៍ដករួចប្រគល់ដីជូនពលរដ្ឋវិញទេ។

គណៈកម្មការនេះ អះអាងថា ព័ត៌មាននោះត្រូវបង្កើតឡើងដោយ ចលនាមួយក្រុម និងគូកន មានចេតនាបង្កើត និងប្រឌិតរឿងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងយកដីនៅតំបន់នោះធ្វើជាកម្មសិទ្ធិបុគ្គលឯកជន ដោយបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់មកលើការងារព្រំដេនរបស់រាជរដ្ឋាភិបាល អំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការរំលោភបំពានទឹកដីពីប្រទេសជិតខាង ។

ក្នុងស្ថានភាពរដ្ឋាភិបាលដឹកនាំដោយឯកបក្ស ពោលគឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលជំរុញវៀតណាម សម្រេចបំណងខ្លួនលើការចុះកិច្ចព្រមព្រៀងទទួលស្គាល់លទ្ធផលនៃការបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា-វៀតណាម ដែលសម្រេចបាន ៨៤% ខណៈសល់១៦%ទៀត រដ្ឋាភិបាលទាំងពីរប្តេជ្ញាថានឹងដោះស្រាយឱ្យចប់ក្នុងពេលឆាប់ៗនេះ។ អ្នកឃ្លាំមើលបញ្ហាព្រំដែន យល់ឃើញថាកិច្ចព្រមព្រៀងនេះ គឺជាការធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅលើដៃវៀតណាម ដោយស្របច្បាប់ និងជាការធ្វើឡើងតាមការបញ្ជារបស់វៀតណាមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស