41.3 C
Phnom Penh

ផ្លូវនៃការរកយុត្តិធម៌ជាសកល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅបស្ចិមប្រទេស គេបង្រៀនគ្នា ហើយនាំគ្នានិយាយថា បើជនណាមិនរៀន មិនដឹងអតីត កាល ជននោះមិនដឹងបច្ចុប្បន្នកាល ហើយនិងអនាគតកាលទេ។ នេះបានសេចក្តីថា រឿង រ៉ាវក្នុងអតីតកាល ទោះជាល្អក្តី អាក្រក់ក្តី គេមិនត្រូវជីកលុប ឲ្យកប់មិនឲ្យនរណាដឹងនោះទេ ព្រោះថា វាជាតម្រុយ ជាពន្លឺឆ្លុះបញ្ចាំងឲ្យឃើញធាតុពិត ការពិតឲ្យមនុស្សលោកបានដឹង បានឮ បានឃើញខុស ត្រូវ អាក្រក់ ល្អ ស ខ្មៅ។ បើត្រូវ បើល្អគេរក្សាទុក ហើយកាន់តែធ្វើឲ្យប្រសើរឡើងថែមទៀត។ បើខុស បើអាក្រក់ គេកែលម្អឡើងវិញ ចៀសវាងមិនឲ្យកើត

ឡើងជាថ្មីទៀត។ មនុស្សក្នុងលោកច្រើនណាស់ដែលមិនបានដឹងរឿងអតីតកាល ព្រោះតែ

កើតមិនទានដឹងក្តី។ នេះមិនទាំងនិយាយអំពីការបង្កប់ លាក់បាំង បំបាត់រឿង មិនឲ្យមនុស្ស

ដឹងពីសំណាក់រដ្ឋអំណាចនោះផង។

អំពើឧក្រិដ្ឋ ហៅថា ឧក្រិដ្ឋកម្ម កំរិតធំៗក្នុងប្រទេសនិមួយៗក្នុងសកលលោក រមែងតែងកើតឡើងដោយការសម្រេចពីសំណាក់អ្នកមានអំណាច កាន់អំណាចរដ្ឋនៃប្រទេសនោះ ទោះជា ម្នាក់ក្តី ច្រើននាក់ក្តី ហើយបញ្ជាទៅស្ថាប័នផ្សេងៗឲ្យប្រព្រឹត្ត ឲ្យអនុវត្តបញ្ជាតាមរបស់ខ្លួន។

ហេតុដូច្នេះហើយបានជាក្នុងរបៀបបែបបទរកយុត្តិធម៌ ហៅថា administration of justice ក្នុងប្រព័ន្ធតុលាការយុត្តិធម៌ គេស្វែងភស្តុតាង វត្ថុតាង តឹកតាង កសិណសាក្សី រកបុព្វហេតុ មូលហេតុ ដើមហេតុ ដើមអាទិ៍នៃរឿងយ៉ាងល្អិតល្អន់ ដែលនាំឲ្យមានឧក្រិដ្ឋកម្ម មុននឹងចាប់

ផ្តើមវិនិច្ឆ័យកំហុស ដាក់ទោស។ ឧក្រិដ្ឋកម្មតាមបែបផែនជាឃាតកម្ម ឬ មនុស្សឃាដ គ្មាន

កាលកំណត់ថា វានឹងផុតពេល ហួសថ្ងៃខែ ហួសឆ្នាំនោះទេ។

សារពត៌មានអង់គ្លេស The Guardian នៅថ្ងៃទី២៧ មីនា ផ្សាយអំពីជោគជ័យនៃពលរដ្ឋឥណ្ឌូ

នេស៊ីមួយចំនួន ដែលបានឈ្នះក្តីនៅទីក្រុង ឡាអេ ជិតមួយសតវត្សក្រោយការបាញ់សម្លាប់រង្គាលក្រោមអាណានិគមប្រទេសហូឡង់ដ៍នៅកោះ ស៊ូឡាវ៉េស៊ីខាងត្បូង។ ករណីបណ្តឹងទារ

សំណងពីប្រទេសហូឡង់ដ៍ ប្រើពេលប្រមាណ ៨ឆ្នាំ ហើយតំណាងដោយមេធាវីការពារសិទ្ធិ

មនុស្ស បណ្ឌិត សាស្រ្តាចារ្យ Liesbeth Zegveld នៅប្រទេសហូឡង់ដ៍។

ដើមចោទប្តឹងរដ្ឋាភិបាលហូឡង់ដ៍ចំពោះការសម្លាប់រង្គាលក្នុងសម័យប្រទេសឥណ្ឌូនេស៊ីធ្វើសកម្មភាពទាមទារឯករាជ្យពីហូឡង់ដ៍នៅឆ្នាំ១៩៤៥។ ទាហានហូឡង់ដ៍ បានព្យាយាមចល នាទាមទារឯករាជ្យ ដោយបង្រ្កាប បោសសម្អាត ក្រុមបះបោរប្រឆាំងនឹងអាណានិគម ៣៥០

ឆ្នាំរបស់ខ្លួន ចន្លោះឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៤៧។ ទាហានហូឡង់ដ៍ បានសម្លាប់ពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ២០០នាក់ ហើយមានទាំងទុកកូនក្មេងឲ្យឈរមើលគេបាញ់សម្លាប់ឪពុកខ្លួនទៀតផង។ កុមារាអាយុ១០ឆ្នាំនាសម័យនោះ បច្ចុប្បន្ននេះ អាយុ៨៣ឆ្នាំ។

មេធាវី Liesbeth Zegveld ប្រាប់អ្នកកាសែតថា ជាការសោកស្តាយដែលរដ្ឋាភិបាលហូឡង់ដ៍មិនអើពើចំពោះបណ្តឹងនេះ ហើយបណ្តែត បណ្តោយពេលវរលា រហូតដល់ជនរងគ្រោះខ្លះស្លាប់ជាបណ្តើរៗទៅហើយ។ រដ្ឋាភិបាលហូឡង់ដ៍ ស្នើឲ្យលុបចោលពាក្យបណ្តឹងនោះ ព្រោះ

ថា វាជារឿងយូរឆ្នាំណាស់ទៅហើយ។ ប៉ុន្តែ តុលាការក្រុងឡាអេមិនព្រម ហើយបង្គាប់ឲ្យ

រដ្ឋាភិបាលបង់សងជម្ងឺចិត្ត តាមតិចតាមច្រើន ពីប្រមាណ ១២៤ អឺរ៉ូ ដល់ជិត៤ពាន់អឺរ៉ូ និង

១ម៉ឺនអ៉ូម្នាក់ៗ។

គួរកត់សម្គាល់ថា ឧក្រិដ្ឋកម្មនៅឥណ្ឌូនេស៊ី កើតឡើងប្រមាណ៧៣ ឬ៧៤ឆ្នាំមុន ក៏គេអាច

ដាក់ពាក្យប្តឹងបានដែរ ព្រោះថា មានច្បាប់អន្តរជាតិមួយហៅថា អនុសញ្ញាក្រុងហ្សឺណែវ ថ្ងៃ ១២ សីហា ១៩៤៩។ ប្រទេសកម្ពុជា បានព្រមព្រៀង ផ្តល់សច្ចប័នជាផ្លូវការដល់ អនុសញ្ញាក្រុងហ្សឺណែវនេះ នៅថ្ងៃទី១២ សីហា ១៩៥៨។ ពិធីការវគ្គ១ និង វគ្គ២បន្ថែម ភ្ជាប់ទៅនឹងអនុសញ្ញាក្រុងហ្សឺណែវ  មានចែងអំពី កិច្ចការពារជនរងគ្រោះមិនទាក់ទងជាមួយវិបត្តិប្រ ដាប់អាវុធអន្តរជាតិ ហើយ ពិធីការវគ្គ១ និង វគ្គ២បន្ថែម អនុម័តឆ្នាំ ១៩៧៧។ លក្ខខណ្ឌច្បាប់អន្តរជាតិទាំងពីរប្រភេទនេះ ប្រទេសកម្ពុជា បានព្រមព្រៀង ផ្តល់សច្ចាប័នជាផ្លូវការ នៅថ្ងៃ១៤ ខែមករា ១៩៩៨។

តាមស្ថិតិពី កាកបាទក្រហមអន្តរជាតិ (International Committee of the Red Cross=ICRC) មក ទល់ថ្ងៃទី២៨ មករា ២០២០ ក្នុងចំណោមសន្ធិសញ្ញាអន្តរជាតិចំនួន២៧ ស្តីអំពី៖ កិច្ចការពារជនរងគ្រោះពីវិបត្តិប្រដាប់អាវុធ, តុលាការព្រហ្មទណ្ឌអន្តរជាតិ, កិច្ចការពារសម្បត្តិវប្បធម៌ក្នុងព្រឹត្តិការណ៍វិបត្តិប្រដាប់អាវុធ, បរិស្ថាន, ការប្រើប្រាស់អាវុធយុទ្ធភណ្ឌប្រទេសយៀកណាម យល់ព្រម ផ្តល់សច្ចាប័នលើ៨សន្ធិសញ្ញា ចំណែកឯប្រទេសកម្ពុជាបានយល់ព្រម ផ្តល់សច្ចាប័នលើ២០សន្ធិសញ្ញា។ សប្តាហ៍ក្រោយ យើងនឹងពិនិត្យមើលច្បាប់អន្តរជាតិផ្សេងទៀត ថាតើមានច្បាប់អន្តរជាតិអ្វីខ្លះអាចផ្តល់សិទ្ធិដល់ពលរដ្ឋខ្មែរទាមទាររកយុត្តិធម៌លើឆាកអន្តរជាតិបាន ដោយមិនបាច់ពឹង ឬ ស្នើតាមរយៈរដ្ឋាភិបាលខ្មែរ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស