26 C
Phnom Penh

កងទ័ពលើនាវាផ្ទុក USS Theodore Roosevelt ដ៏ធំរបស់អាមេរិក ឆ្លងមេរោគកូរ៉ូណា សុំជំនួយជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិក ដ៏ធំមួយ គឺនាវា USS Theodore Roosevelt ដែលមានបុគ្គលិកកងទ័ព ៥ពាន់នាក់ ត្រូវការជំនួយសង្រ្គោះ ជាបន្ទាន់ពីក្រសួងការពារជាតិ ដោយសារតែកងទ័ព៩៣នាក់ កើតជំងឺឆ្លងCovid-19 ឬមេរោគកូរ៉ូណា ដែលជាមេរោគដ៏កំណាច។

មេបញ្ជាការប្រតិបត្តិការនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក គឺឧត្តមនាវាទោ Michael Gilday បាននិយាយថាបុគ្គលិកយោធាចំនួន២ពាន់ ៧០០នាក់ ដែលមានអាការៈសុខភាពមិនស្រួលត្រូវបានយកចេញពីនាវានេះដើម្បីតាមដានសុខភាពរបស់ពួកគេ។ ជាមួយគ្នានេះលោក Thomas Modly លេខាធិការស្ដីទីនៃកងនាវាផ្ទុកយន្ដហោះអាមេរិកបានបញ្ជាក់បន្ថែម ថាកាលពីថ្ងៃពុធទី១មេសា កងទ័ព៩៣នាក់នៅលើនាវានេះត្រូវបានធ្វើតេស្ដដោយរកឃើញថាពួកគេផ្ទុក មេរោគកូរ៉ូណាហើយ៨៦នាក់ទៀតក៏មានរោគសញ្ញាប្រហាក់ប្រហែលនេះដែរប៉ុន្ដែ៥៩៣នាក់ផ្សេងទៀតពុំមានផ្ទុកមេរោគនេះទេ។

ដោយឡែកឧត្តមនាវា Modly បានបញ្ជាក់ទៀតថា កងទ័ពលើនាវានោះជិត១ពាន់នាក់ត្រូវបានឲ្យចាកចេញពីនាវានោះហើយឲ្យនៅលើកោះ Guam គឺតាំងពីសប្ដាហ៍មុនដើម្បីបញ្ចៀសការឆ្លងមេរោគកូរ៉ូណា។

ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា នាវាផ្ទុកយន្តហោះ USS Theodore Roosevelt មានបេសកកម្ម ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វីច ត្រូវបានបញ្ជូនអោយទៅ ឈរជើងនៅសមុទ្រជប៉ុន ដើម្បីប្រឈមនឹងការ គំរាមកំហែងពីសំណាក់ ប្រទេសកូរ៉េខាងជើង តាំងពីពាក់កណ្ដាលឆ្នាំ ២០១៧។

កាលពីខែមួយខែមុននេះ  នាវានេះ បានមកកាន់សមុទ្រវៀតណាម ដើម្បីបង្ហាញពីការរឹតចំណងសាមគ្គីភាព នៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ខណៈអាមេរិក និងវៀតណាម រំលឹកខួប២៥ឆ្នាំនៃចំណងទាក់ទងការទូតឡើងវិញ ក្រោយពីពិភពលោក បញ្ចប់សង្រ្គាមត្រជាក់នៅដើមទសវត្ស១៩៩០។ នៅក្នុងដំណើរទស្សនកិច្ចនេះ នាវាដ៏ធំនេះ បានចូលចតនៅមូលដ្ឋានទ័ពជើងទឹកវៀតណាម នៅសមុទ្រវៀតណាម។

តែយ៉ាងណា មិនមានការការបញ្ជាក់ថា កងទ័ពនៅលើនាវានេះឆ្លងមេរោគកូរ៉ូណា ដោយមធ្យោបាយអ្វីនោះទេ។

មេបញ្ជាការកងនាវា USS Theodore Roosevelt លោក Brett Crozier ដែល បានផ្ញើលិខិត ជូនទៅក្រសួងការពារជាតិអាមេរិក អំពីកងទ័ពឆ្លងមេរោគកូរ៉ូណា បាននិយាយថា  គេបានដាក់កងទ័ពដែលសង្ស័យស្ថិតក្នុងការតាមដានសុខភាព ប៉ុន្តែលោកថា ចាំបាច់ត្រូវការជំនួយជាបន្ទាន់។

លោកប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជាអោយ បេសកកម្មពេទ្យយោធា និងអ្នកជំនាញសុខភាព របស់អាមេរិកទៅជួយពិនិត្យ និងព្យាបាល អ្នកជំងឺCovid-19លើនាវានោះ ជាបន្ទាន់។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Mark Esper បាននិយាយថា ទោះជាស្ថិតក្នុងស្ថានភាពនេះ ក្ដី គឺអាមេរិក បានសម្រេចបញ្ចេញនាវាផ្ទុកយន្តហោះ ច្រើនគ្រឿងថែមទៀត ទៅបញ្ជាការកណ្ដាល និងសមុទ្រប៉ាស៊ីហ្វិច ។

លោក បញ្ជាក់ថា ក្នុងស្ថានភាពនេះ អាមេរិក មិនត្រូវទុកចោល កងទ័ពណាម្នាក់ហើយ ក៏មិនទុកចោល នាវា ចម្បាំងនៅទំនេរដែរ។ តាមសេចក្ដីរាយការណ៍ នាវា USS Theodore Roosevelt កំពុងចូលចតនៅឯ មូលដ្ឋានទ័ពអាមេរិកនៅកោះ Guam នៃសមុទ្រជប៉ុន ឬតំបន់អាស៊ីប៉ាស៊ីហ្វិចខាងលិច ខណៈសហរដ្ឋអាមេរិកទាំងមូល កំពុងឆ្លងមេរោគដ៏កំណាចនេះ។

 ក្នុងរយៈពេលត្រឹម ២៤ម៉ោង ប្រទេសមហាអំណាចមួយនេះ មានអ្នកជំងឺស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ ១០៤៩នាក់ បន្ថែមទៀតកាលពីថ្ងៃពុធ ទី១ ខែមេសា ដែលជាអត្រាមួយដ៏ខ្ពស់បំផុត ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺឆ្លងពីប្រទេសចិន។

កាលពីថ្ងៃទី១មេសា មានអ្នកឆ្លងថ្មីៗរហូតដល់ ២ម៉ឺន៥ពាន់២០០ ករណីទៀតនៅទូទាំងប្រទេសផងដែរ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបចំនួន ២សែន ១មឺន៥ពាន់ ២១៥ករណី ក្នុងនោះអ្នកជំងឺស្លាប់សរុប ៥ពាន់១១០នាក់។ សហរដ្ឋអាមេរិក កំពុងដឹកមុខប្រទេស អ៊ីតាលី អេស្ប៉ាញ បារាំងអាល្លឺម៉ង់ អង់គ្លេស ដែលមានអ្នកឆ្លងជំងឺ Covid-19 ច្រើនជាងគេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស