26 C
Phnom Penh

សមាគមរោងចក្រកាត់ដេរស្នើឱ្យអ្នកបញ្ជាទិញ បន្តទិញទំនិញពីកម្ពុជា ដើម្បីជួយដល់ការងារកម្មករជាង៧០ម៉ឺននាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ជំរុញឲ្យអ្នកបញ្ជាទិញឱ្យគោរពតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ ហើយបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយទទួលយកការទិញ និងដឹកទំនិញព្រមទាំងទូទាត់ប្រាក់សម្រាប់ទំនិញកម្ពុជា ដែលបានផលិតរួចហើយ និងទំនិញ ដែលកំពុងផលិត។

តាមរយៈលិខិតចំហរបស់ GMAC កាលពីថ្ងៃម្សិលមិញ បានផ្ញើជូនចំពោះគ្រប់អ្នកបញ្ជាទិញ បានឱ្យដឹងថា ការបន្តទិញទំនិញពីកម្ពុជា ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងឆ្លងរាលត្បាតនេះ គឺធ្វើឲ្យកម្ពុជា អាចបន្តផ្តល់ការងារដល់កម្មករ-កម្មការិនីជាង ៧០ម៉ឺននាក់។ លើសពីនេះ អាចធ្វើឱ្យថៅកែមានលទ្ធភាព បើកប្រាក់ឈ្នួលជូនកម្មករនិយោជិត និងធានាដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ផងដែរ។

ការស្នើទៅអ្នកបញ្ជាទិញ ឱ្យបន្តជួយដល់ឧស្សាហ៍កម្មកាត់ដេរនៅ កម្ពុជានេះ ក្រោយពេលនិន្នាការផ្អាកការទិញទំនិញពីកម្ពុជាពីសំណាក់អ្នកបញ្ជាទិញរួមមាន សហរដ្ឋអាមេរិក អឺរ៉ុប និងកាណាដាក្នុងទំហំជាង ៨០% ចាប់តាំងពីពាក់កណ្ដាលខែមេសា រហូតដល់ចុងខែឧសភា។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យវី.អូ.ឌី បានដកស្រង់សម្តីអគ្គលេខាធិការសមាគមរោងចក្រកាន់ដេរកម្ពុជា លោក កេន លូ បាន ចុះផ្សាយថា ខាងភាគីថៅកែនៅមិនមានលទ្ធភាពផ្តល់ប្រាក់ ៤០% ឱ្យកម្មករ នៅពេលដែលពួកគេត្រូវបានព្យួរការងារនោះទេ។

ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថានៅពេលកម្មកររោងចក្របាត់បង់ការងារឬ ព្យួរការងារ ពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ ៦០% ដោយភាគីថៅកែចេញ ៤០ % ហើយរដ្ឋាភិបាលចេញ២០% ប៉ុន្តែប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល២០%ត្រូវភ្ជាប់នូវលក្ខខណ្ឌចូលរៀនវគ្គបណ្តុះបណ្តាលខ្លីផងដែរ។

មកទល់ពេលនេះ មានកម្មករជាច្រើនអះអាងថា ប្រាក់២០ភាគរយរបស់រដ្ឋនោះ មិនទាន់ឃើញស្រមោលនៅឡើយទេ ហើយការបង្គាប់ឱ្យរៀនវគ្គខ្លីឬ ជំនាញ គឺជាការបង្កើតភាពស្មុគ្រស្មាញដល់កម្មករ និងជាផែនការដែលគ្មានភាពច្បាស់លាស់។

មន្ត្រីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប្រាប់កាសែតក្នុងស្រុកថា គិតត្រឹមដើមខែមេសានេះ មានរោងចក្រចំនួន ៩១ បានស្នើសុំព្យួរការងារ ដែលធ្វើឱ្យប៉ះពាល់កម្មករជាង៦ម៉ឺននាក់៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស