37 C
Phnom Penh

សង្គមស៊ីវិលជំរុញឱ្យ អាជ្ញាធរអនុវត្តទោសទណ្ឌដល់អ្នកពាក់ព័ន្ធ ការរកស៊ី និងនាំចូលអាល់កុលក្លែងក្លាយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអង្គការសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលនាំខ្លួនអ្នកប្រព្រឹត្តល្មើស និងអ្នកពាក់ព័ន្ធ ករណីរកស៊ីបោកប្រាស់ពលរដ្ឋដោយ លក់និងនាំចូលអាល់កុលក្លែងក្លាយ ឬសម្ភារៈក្លែងក្លាយដើម្បីបង្ការជំងឺកូរ៉ូណា មកចែកចាយឱ្យពលរដ្ឋនៅក្នុងស្ថានភាពនេះ។

ការស្នើនេះ បន្ទាប់ពីមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានរកឃើញ និងឃាត់ទុកនូវ អាល់កុលក្លែងក្លាយ ឬមេតាណុល ចំនួនជិត៦ម៉ឺនលីត្រ(៥៩,៤០២) ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលកាលពីថ្ងៃម្សិលមិញ ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថាការបង្រ្កាបអាល់កុលក្លែងក្លាយជិត៦ម៉ឺនលីត្រ នៅពេលនេះ ជាតម្រុយមួយឈានទៅបង្ក្រាបការផលិត និងចែកចាយផលិតផលក្លែងក្លាយមួយនេះបន្ថែមទៀត ត្បិតលោកជឿថានឹងមាន     អាល់កុលក្លែងក្លាយជាច្រើនទៀត ត្រូវបានចែកចាយកនៅលើទីផ្សារ  រួមទាំងផលិតផលចាំបាច់សម្រាប់ទប់ស្កាត់ ឬបង្ការជំងឺកូវីដ១៩ផ្សេងទៀត នៅទូទាំងប្រទេស។

លោកជំរុញឱ្យមានការអនុវត្តទោសទណ្ឌ ដល់អ្នករកស៊ី និងអ្នកពាក់ព័ន្ធបញ្ហានេះ ឱ្យបានធ្ងន់ធ្ងរ ព្រោះជាបទល្មើសដែលមិនអាចអត់អោនឱ្យបាន។

លោក សន ជ័យ បន្តថាក្នុងស្ថានភាពនេះជាឱកាសល្អម្រាប់ជនខិលខូចមួយចំនួនរកស៊ីបោកប្រាស់ កេងបន្លំ ទាក់ទងនឹងផលិតផលដែលជាតម្រូវការចាំបាច់របស់ពលរដ្ឋពេលនេះ ត្បិតអាជ្ញាធរកំពុងជាប់ដៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅថ្ងៃនេះថា ទីតាំងដែលរកឃើញស្តុកទុកអាល់កុលក្លែងក្លាយ នោះមាន ០២កន្លែង                         គឺទីតាំងទី១ នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត                 កណ្តាល និងទីតាំងមួយទៀតស្ថិតនៅផ្ទះបុរីពិភពថ្មីកំបូល៣ ភូមិ                 ស្ងួងពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយវត្ថុតាងត្រូវរក្សាទុកបន្តនីតិវិធីតាមផ្លូវច្បាប់។

ប្រភពដដែល អះអាងថាគិតត្រឹមថ្ងៃទី ៣ មេសានេះ មន្ត្រីជំនាញ បានបើកយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយ សរុបជាង៦ម៉ឺន៤ពាន់              លីត្រ  មករក្សាទុកដើម្បីអនុវត្តតាមនីតិវិធី។

កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយហាមឃាត់គណនីហ្វេសប៊ុកចំនួន៤ ដែលផ្សព្វផ្សាយលក់ ម៉ាស អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ              កូវីដ១៩ ដោយគ្មានការអនុញ្ញាតពីក្រសួង។

ក្រសួង ថែមទាំងព្រមានចាត់វិធានការច្បាប់ចំពោះគណនីហ្វេសប៊ុកទាំង៤នោះ ព្រមទាំងគណនីផ្សេងទៀតដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយផលិតផលទាំងនេះ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខា  ភិបាលទៀតផង ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស