រដ្ឋសភា ត្រៀមអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅសប្តាហ៍ក្រោយ បន្ទាប់ពីទទួលបាននៅថ្ងៃនេះ

មន្ត្រីជាន់ខ្ពស់រដ្ឋសភា អះអាងថាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ នៅល្ងាចថ្ងៃសុក្រនេះ។

សារព័ត៌មានដែលស្និតនឹងលោក ហ៊ុន សែន Fresh News បានដកស្រង់សម្តីអគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ចុះផ្សាយថា នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ រដ្ឋសភា នឹងមានកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ។ លោកអះអាងថាសេចក្តីព្រាងច្បាប់ដែលដាក់ជាប្រញាប់នេះ អាចនឹងដាក់ទៅពិភាក្សា និងអនុម័ត នៅសប្តាហ៍ក្រោយតែម្តង។

ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ  មាន៥ ជំពូក និងមាន១១ មាត្រា។

ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខ និងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតខុសភាពរបស់ប្រជាពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត ព្រមទាំបរិស្ថានផង។

មាត្រា ២ នៃសេចក្តីព្រាងច្បាប់នេះ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ប៉ុន្តែខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ បានបង្ហាញពីការដកហូតសិទ្ធិសេរីភាពពលរដ្ឋ និងអនុវត្តការដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់ពលរដ្ឋ និងនីតិបុគ្គលថែមទៀតផង។ កាលពីថ្ងៃទី ២៥ មីនា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបង្ហើបថានៅពេលច្បាប់ដាក់ប្រទេសក្នុងគ្រាសអាន្ននេះ ចេញអនុវត្តសិទ្ធិស៊ីវិលត្រូវបានដកហូតតែម្តង។

ខ្លឹមសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងគ្រាអាសន្នដដែល ឱ្យដឹងថា ជំពូក៣ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន មាត្រា៥ បានចែងថានៅពេលប្រទេសជាតិត្រូបានប្រកាសដាក់ក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការចំនួន១២ចំណុច ដូចជា ហាមឃាត់ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។ ការហាមឃាត់ឬកម្រិតការសិទ្ធិសេរីភាពក្នុងការជួបជុំឬ ការប្រមូលផ្តុំមនុស្ស។

បន្ថែមពីនេះ ហាមឃាត់ឬ កម្រិតការធ្វើសកម្មភាពការងារឬ មុខរបរ។ ហាមឃាត់ឬ កម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋានឬទីសំណាក់ណាមួយ ឬ ដាក់ឱ្យនៅដាក់ដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។

អ្វីដែលសំខាន់នោះ រដ្ឋអាចដាក់ចេញនូវវិធានការទាក់ទងកំណែន ជម្លៀសពលរដ្ឋ ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ ឬសេវានានា ដែលចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន ហើយនីតិវិធីកំណែន ឬសំណងត្រូវកំណត់ដោយរដ្ឋជាដើម។

ចំណុច១០នៃមាត្រា៥ ដដែល បន្ថែមថារដ្ឋអាចចេញវិធានការឃ្លាំមើល ឬ តាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ព្រមទាំងហាមឃាត់ឬ កម្រិតការចែកចាយឬ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានភាពភ័យខ្លាចដល់សាធារណជន ឬចលាជល ឬ នាំឱ្យខូចខាតដល់សន្តិសុខជាតិឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពអាសន្ន ព្រមទាំងវិធានការដទៃទៀត ដែលសមស្របនិងចាំបាច់ជាដើម។

ច្បាប់នេះ សង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គមបង្ហាញក្តីបារម្ភថារាជរដ្ឋាភិបាលអាចនឹងប្រើជាលេសដើម្បីកម្ចាត់ក្រុមប្រឆាំង ឬ អ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល ហើយច្បាប់នេះនឹងប្រើលើសពីគោលដៅឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ថែមទៀតផង។

យ៉ាងនេះក្តី កាលពីថ្ងៃទី ៣១ មីនា លោក ហ៊ុន សែន បានប្រាប់ដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

ច្បាប់នេះ កំពុងដំណើរការស្របពេលអវត្តមានព្រះមហាក្សត្រខ្មែរ ក្រោយពេលព្រះអង្គ និងសម្តេចម៉ែ បានយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលធ្វើឱ្យគេមើលឃើញថាទំនងជាព្រះអង្គមិនចង់ពាក់ព័ន្ធនឹងច្បាប់ថ្មីនេះ។

មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន  អះអាងកាលពីថ្ងៃម្សិលមិញថាដំណើរការបង្កើតច្បាប់សម្រាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន នៅតែបន្តទៅមុខ ព្រមទាំងនឹងចេញជាផ្លូវការនាពេលខាងមុខ ទោះបីជាអវត្តមានព្រះមហាក្សត្រនៅក្នុងប្រទេសក្តី។ លោកថា ក្នុងច្បាប់នៅពេលអវត្តមានព្រះមហាក្សត្រខ្មែរ កិច្ចការងារជាតិធំៗ ត្រូវបានប្រគល់សិទ្ធិឱ្យទៅប្រមុខរដ្ឋស្តីទី ដែលជាប្រធានព្រឹទ្ធសភា។

ប៉ុន្តែអ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា បើតាមរដ្ឋធម្មនុញ្ញមាត្រា ២២ ថ្មី គឺមានតែព្រះមហាក្សត្រប៉ុណ្ណោះដែលអាចប្រកាសប្រទានដំណឹងជាសាធារណ:ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នបាន។ ហើយមាត្រ២៨ថ្មីនៃរដ្ឋធម្មនុញចែងថា ប្រមុខរដ្ឋស្តីទី អាចចុះហត្ថលេខានៅលើព្រះរាជក្រម ឬព្រះរាជក្រិត្យជំនួសព្រះមហាក្សត្រដោយព្រះរាជសារប្រគល់សិទ្ធិតែប៉ុណ្ណោះ។

លោកបន្តថារដ្ឋាភិបាលគួរធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះតាំងពីយូរណាស់មកហើយ ហើយពេលណាមានភាពអាសន្នក្នុងប្រទេស រដ្ឋាភិបាលអាចប្រកាសច្បាប់នេះពេលណាដែលចាំបាច់ត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់ជាតិ។ លោកបន្តថាស្ថាប័នដែលត្រូវពិនិត្យស្ថានភាពចាំបាច់នោះ គឺឧត្តមក្រុមប្រឹក្សាការពារជាតិដែលមានព្រះមហាក្សត្រជាព្រះប្រធាន ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.