32 C
Phnom Penh

ជំងឺCovid-19 គំរាមផ្ដួលរបបសាសនានិយមនៅអ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណរដ្ឋឥស្លាមនៃប្រទេសអ៊ីរ៉ង់គឺជារបបផ្ដាច់ការសាសនានិយម។ប្រទេសឥស្លាមមួយនេះស្ថិតនៅក្រោមអំណាចរបស់មេសាសនាកំពូលរបស់ប្រទេស គឺអាយ៉ាតូឡាខេមម៉ានី។ អ៊ីរ៉ង់ជាប្រទេសមានឥទ្ធិពលជាងគេនៅមជ្ឈឹមបូព៌ា។

ប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោកមួយនេះបានធ្លាក់ក្នុងសង្គ្រាមមេរោគកូរ៉ូណាឬជំងឺផ្លូវដង្ហើមកូវីដ១៩រយៈពេលជិត៣ខែមកហើយ។ ជំងឺដ៏រាតត្បាតសាហាវនេះបានសម្លាប់មិនត្រឹមប្រជាជនអ៊ីរ៉ង់ក្រីក្រស្លូតបូតនោះទេ តែវាបានសម្លាប់រហូតដល់ទៅមេដឹកនាំកំពូលៗរបស់ប្រទេសនេះទៀតផង។

គិតមកដល់ពេលនេះប្រជាជនអ៊ីរ៉ង់ស្លាប់ជិត៣ពាន់៣០០នាក់ហើយដោយសារមេរោគដ៏កំណាចនេះ។ គេហទំព័រ zero Hedge.com បានធ្វើការវិភាគថារបបសាសនានិយមនៅអ៊ីរ៉ង់នៅពេលនេះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ គឺដោយសារតែការទប់ទល់មិនអាចជោគជ័យបាននូវការរាតត្បាតរបស់មេរោគកូរ៉ូណាដែលពីមួយថ្ងៃទៅមួយថ្ងៃសម្លាប់ពលរដ្ឋអ៊ីរ៉ង់ច្រើនរាប់រយនាក់ គឺជាស្ថានភាពមួយធ្ងន់ធ្ងរជាងអាមេរិកដាក់ទណ្ឌកម្មទៅទៀត។មានន័យថាប្រទេសឥស្លាមមួយនេះកំពុងតែជួបទ្វេគ្រោះ។

Zero hedge បានបន្ដទៀតថាមេដឹកនាំកំពូលអាយ៉ាតូឡាអាលីខេមម៉ានីហាក់ដូចជាស្ងប់ស្ងាត់មិនបានចេញមុខជាសាធារណៈច្រើនទេនៅប៉ុន្មានថ្ងៃមកនេះ ព្រោះលាក់ខ្លួនដោយសារកូវិដកូរ៉ូណា ដែលធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសនេះជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ថែមលើ ការដាក់ទណ្ឌកម្មរបស់អាមេរិក។

គេហទំព័រនេះបានចុះផ្សាយថាសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះរហូតដល់ទៅជាង១០% ឯណោះនៅពេលពលរដ្ឋអត់ការងារធ្វើកើនដល់ទៅ២០%               ថែមទៀតគឺដោយសារតែការដាក់ប្រទេសស្ថិតក្នុងស្ថានភាពគ្រាមានអាសន្នទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩។

ក្រុមប្រឆាំងនៅក្នុងប្រទេសនេះបានប្រកាសថាប្រជាជននៅទីប្រជុំជនទាំងអស់កំពុងតែសម្លឹងមើលពីចលនាមួយដែលអាចកើតមានដើម្បីផ្ដួលរំលំរបបផ្ដាច់ការសាសនានិយមមួយនេះដែលរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិជាច្រើនបានចុះផ្សាយថាក្រុមប្រឆាំងជាង៦០០នាក់ត្រូវបានសម្លាប់នៅពេលដែលប្រទេសនេះជួបគ្រោះថ្នាក់ធ្ងន់ធ្ងរនៃកូវីដ-១៩។

ប៉ុន្ដែនៅពេលនេះមេដឹកនាំកំពូលអាយ៉ាតូឡាបានហៅសត្រូវកូវីដ-១៩គឺជាការគម្រាមធ្ងន់ធ្ងរជាងអាមេរិកដាក់ទណ្ឌកម្មទៅទៀតហើយរុញអោយមានការបះបោរដើម្បីផ្ដួលរបបរបស់លោកទៀតផង។

កាលពីសប្ដាហ៍មុនមេដឹកនាំលំដាប់ទីពីរនៃប្រទេសនេះគឺប្រធានាធិបតី ហាសានរ៉ូហានី បានគាំទ្រនូវអ្វីដែលលោកអាយ៉ាតូឡាចាត់ទុកជំងឺកូវីដជាសត្រូវធ្ងន់ជាងសត្រូវអាមេរិកដាក់ទណ្ឌកម្មទៅទៀតគឺធ្វើឱ្យមន្រ្ដីស្មោះត្រង់នឹងលោកអាយ៉ាតូឡាជាច្រើននាក់បានស្លាប់។

កាលពីសប្ដាហ៍មុនសាធារណរដ្ឋឥស្លាមមួយនេះបានបញ្ជូនសំណើខ្ចីថវិកាពីមូលនិធិរូបិយវត្ថុអន្ដរជាតិIMF៥ពាន់លានដុល្លារដើម្បីសង្គ្រោះសេដ្ឋកិច្ច និងយកមកផ្គត់ផ្គង់សង្គមកិច្ចនិងវិស័យសុខាភិបាលទប់ទល់នឹងសត្រូវរបស់ខ្លួនថ្មីបំផុតគឺកូវីដ១៩ ឬមេរោគកូរ៉ូណាដែលមានប្រភពចេញពីប្រទេសចិន។ ប៉ុន្ដែជាអកុសលសំណើនេះត្រូវបានIMF បដិសេធ។អ្វីដែលធ្វើឱ្យIMF មិនព្រមឱ្យខ្ចីប្រាក់នេះគឺដោយសារតែសហរដ្ឋអាមេរិកមិនឯកភាពឱ្យខ្ចី។សាធារណរដ្ឋឥស្លាមបានសម្ដែងកំហឹងខឹងអាមេរិកម្ដងទៀតហើយបានចាត់ទុកថាអាមេរិកនិងកូវីដ១៩គឺជាសត្រូវដូចគ្នានៃប្រជាជាតិអ៊ីរ៉ង់។

មកដល់ពេលនេះទាំងចិននិងរុស្ស៊ិដែលគាំទ្ររបបសាសនានិយមផ្ដាច់ការមួយនេះបានថ្កោលទោសអាមេរិកដែលលូកដៃឃាឃាំIMF មិនឱ្យអ៊ីរ៉អ់ខ្ចីប្រាក់មកស្រោចស្រង់ជីវិតប្រជាជន។ កាលពីសប្ដាហ៍មុននេះ ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានកោះប្រជុំរដ្ឋមន្រ្ដីការបរទេសអឺរ៉ុបដើម្បីពិនិត្យមើលសំណើរបស់អ៊ីរ៉ង់សុំខ្ចីលុយពី IMFដើម្បីដោះស្រាយភាពទ័លច្រករបស់អ៊ីរ៉ង់ប៉ុន្ដែសហភាពអឺរ៉ុបមិនអាចសម្រេចអ្វីបានឡើយដោយសារតែសហរដ្ឋអាមេរិកមានអំណាចជំទាស់តាមលក្ខន្ដិកៈរបស់IMF គឺបើអាមេរិកមិនសម្រេចឱ្យហើយ គឺគណៈកម្មាការនាយករបស់IMF ក៏មិនហ៊ានសម្រេចបានដែរព្រោះសហរដ្ឋអាមេរិកតែមួយគត់មានភាគហ៊ុន១៥៥ពាន់លានដុល្លារ គឺជាង៧០%នៃមូលនិធិសរុបរបស់IMF។

មកទល់ពេលនេះអ៊ីរ៉ង់នៅតែឆ្លេឆ្លាត្រូវការជំនួយជាបន្ទាន់ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញព្រោះតែការនាំប្រេងចេញទៅក្រៅប្រទេសធ្លាក់ក្រោម៥០%ទៅហើយ ដោយសារតែការហំព័ន្ធសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស