38 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាអោយក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាពជូនពលករមកពីប្រទេសថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាអោយក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងសម្ភារៈគ្រប់គ្រាន់ជូនពលករមកពីប្រទេសថៃដែលត្រូវដាក់អោយនៅដាច់ដោយឡែក១៤ថ្ងៃ។

កាលពីចុងសប្តាហ៍មុន លោកហ៊ុន សែន បានចេញបញ្ជាណែនាំបន្ថែមទៀត ក្នុងការដោះស្រាយជូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមក ដែលមានចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់៦ម៉ឺននាក់។

ប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ រូបនេះបានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ ដោយណែនាំទៅក្រសួងសាម៉ី ត្រូវតាមដានត្រួតពិនិត្យនៅតាមទល់ដែន              អោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពដល់ពលករអោយបានល្អថែមទៀតផង។

ក្រសួងសុខាភិបាលត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុមការងារនៅតាមព្រំដែនទាំងអស់។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល, ខ្នើយ, ក្រមា សម្រាប់ប្រគល់ជូនពលករដែលត្រូវដាក់អោយស្នាក់នៅដាច់ដោយឡែកបណ្តោះអាសន្នចំនួន១៤ថ្ងៃ ដូចជានៅតាមសាលារៀន តាមសហគមន៍ ឬនៅតាម                    លំនៅដ្ឋាន ជាមួយក្រុមគ្រួសារជាដើម ហើយសម្ភារៈទាំងនេះនឹងប្រគល់ជូនពួកគេតែម្តង ក្រោយពួកគេចាកចេញ។

ចំពោះមធ្យោបាយសម្រាប់ដឹកជញ្ជូនបងប្អូនកូនក្មួយពលករវិញ គឺត្រូវប្រើប្រាស់រថយន្តកងទ័ពមកពីកងពលលេខ៩០ និងកងពលលេខ៩៩ ដែលត្រូវរៀបចំដាក់ដំបូលអោយបានស្រួល។

បទបញ្ជាថ្មីរបស់លោកហ៊ុន សែន នេះ បន្ទាប់ពីមានការរិះគន់ថារដ្ឋាភិបាលគ្មានវិធានការជាក់លាក់ចំពោះពលករដែលត្រឡប់ពីប្រទេសថៃនោះឡើយ ហើយការធ្វេសប្រហែសនោះអាចនឹងធ្វើឱ្យកម្ពុជាជួបបញ្ហាផ្ទុះជំងឺកូវីដ១៩ ជាទ្រង់ទ្រាយធំនៅតាមមូលដ្ឋានតែម្តង។

កាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលស្គាល់ថារដ្ឋាភិបាលគ្មានសមត្ថភាព និងលទ្ធភាពដើម្បីពិនិត្យសុខភាពពលករ មកពីថៃឱ្យបានគ្រប់គ្រាន់នោះឡើយ។ បន្ថែមពីនេះ លោកថា កម្ពុជាក៏គ្មានលទ្ធភាពដើម្បីរៀបចំទុកដាក់ពួកគេឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនោះដែរ។

ក្រសួងសុខភិបាលបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ៦ មេសានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៤នាក់ ក្នុងនោះស្រីមានចំនួន៣២នាក់ ហើយបុរស៨២នាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១១៤នាក់ អ្នកជំងឺចំនួន៥៣នាក់ ហើយដែលត្រូវបានព្យាបាលឱ្យជាសះស្បើយ ។ ដោយឡែកអ្នកជំងឺចំនួន៦១នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស