លោក ហ៊ុន សែន ប្រកាសលាលែងអរគុណអាជីវករលក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ។
លោក ហ៊ុន សែន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកចុះផ្សាយនៅថ្ងៃនេះថា «លោកសូមអរគុណដល់បងប្អូនអាជីវករ លក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ស្រូវអង្ករ ក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃដើម្បីពលរដ្ឋមានភាពងាយស្រួល ក្នុងការទិញយកទៅទទួលទានជាពិសេសក្នុងស្ថានភាព ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩»។
លោកក៏បានអរគុណបងប្អូនអាជីវករទាំងអស់ ដែលមានការយល់ដឹងខ្ពស់ ពីវិធីការពារមិនឲ្យឆ្លងរោគកូវីដ១៩ ពីម្នាក់ទៅម្នាក់ គឺពីអ្នកលក់ទៅអ្នកទិញ និងពីអ្នកទិញទៅអ្នកលក់ និងពីអ្នកទិញទៅអ្នកទិញ។
ជាងនេះទៅទៀតលោកក៏បានអំពាវនាវដល់ពលរដ្ឋសហការ និងបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពទាំងអស់គ្នា ដូចជាការឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ និងពាក់ម៉ាសការពារឲ្យបានគ្រប់ៗគ្នា។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សារឿន បានប្រាប់សាព័ត៌មាន The Cambodia Daily ថា ស្ថានភាពនេះគឺពលរដ្ឋគួរតែចេះចែកគ្នារស់ ហើយថានៅពេលដែលតម្លៃស្រូវអង្ករមានតម្លៃថេរដូច្នេះ បានន័យថា ពលរដ្ឋខ្មែរចាប់ផ្តើមមានការយល់ដឹងខ្ពស់នៃអំពីតម្លៃនៃគុណធម៌។
លោកសង្កេតឃើញថាពលរដ្ឋខ្មែរមិនត្រឹមតែលក់ម្ហូបអាហារ ឬស្បៀងក្នុងតម្លៃធម្មតា តែពួកគាត់ចេះដាក់ទាន និងប្រើគុណធម៌ដល់អ្នកអត់ឃ្លានដ៏ទៃទៀត។
លោក ថេង សាវឿន បន្តថា អ្នកនយោបាយគួនាំគ្នារៀនសូត្រតាមទឹកចិត្តរបស់ពលរដ្ឋដែលមានចិត្តសណ្តោសប្រណីដល់គ្នាទោះពួកគេមាននិន្នាការនយោបាយខុសគ្នាក៏ដោយ។ ហើយអ្នកនយោបាយគួរនាំគ្នាផ្សះផ្សារជាតិដើម្បីដោះស្រាយបញ្ហាកូវីដ១៩ចំពោះមុខ ដែលប្រទេសខ្មែរទាំងមូលកំពុងជួបប្រទះ៕