28 C
Phnom Penh

អ្នកវិភាគមើលឃើញថាច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន គឺជារឿងល្អ ប្រសិនបើច្បាប់នោះមិនស្ថិតនៅក្រោមជនផ្តាច់ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម និងនយោយបាយ លោក គឹម សុខ បានលើកឡើងថា ការដាក់ប្រទេសស្ថិតក្នុងគ្រាគ្រោះអាសន្នមានចំណុចល្អតែមួយគត់ សម្រាប់ជាតិ និងរាស្ត្រ គឺករណីប្រទេសជាតិ ជាប្រទេសប្រកាន់ភ្ជាប់នីតិរដ្ឋ និងប្រជាធិបតេយ្យសេរី ពុំមែនជាប្រទេសដែលស្ថិតក្រោមជនផ្ដាច់ការនោះឡើយ ពីព្រោះអំណាចផ្ដាច់ការតែងតែប្រើអាជ្ញាធរតាមទំនើងចិត្តដើម្បីសម្លាប់ចរន្តប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្ដីអំពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដែលលោក ហ៊ុន សែន កំពុងជំរុញឱ្យចេញជាផ្លូវការតាមការចង់បានរបស់ខ្លួនពេលនេះវិញ មានចន្លោះប្រហោងជាច្រើន ជាពិសេសមានចរិត ពុតត្បុត នយោបាយ ឱកាសនិយម លាយឡំនឹងផែនការអំណាច និងប្រយោជន៍បុគ្គលបក្ខពួករបស់ខ្លួនប៉ុណ្ណោះ។

លើសពីនេះ សេចក្តីព្រាងច្បាប់នេះ ក៏បានចងព្រះមហាក្សត្រក្នុងមាត្រា៣ ដែលចែងថាព្រះអង្គជាអ្នកព្រះរាជទានដំណឹងដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែត្រូវមានការយល់ព្រមពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដែលសុទ្ធតែជាមនុស្សមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់។

ចំណែកអ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុនថា បើតាមរដ្ឋធម្មនុញ្ញមាត្រា ២២ ថ្មី គឺមានតែព្រះមហាក្សត្រប៉ុណ្ណោះដែលអាចប្រកាសប្រទានដំណឹងជាសាធារណ:ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នបាន។ ហើយមាត្រ២៨ថ្មីនៃរដ្ឋធម្មនុញចែងថា ប្រមុខរដ្ឋស្តីទី អាចចុះហត្ថលេខានៅលើព្រះរាជក្រម ឬព្រះរាជក្រិត្យជំនួសព្រះមហាក្សត្រដោយព្រះរាជសារប្រគល់សិទ្ធិតែប៉ុណ្ណោះ។

លោកបន្តថារដ្ឋាភិបាលគួរធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះតាំងពីយូរណាស់មកហើយ ហើយពេលណាមានភាពអាសន្នក្នុងប្រទេស រដ្ឋាភិបាលអាចប្រកាសច្បាប់នេះនៅពេលណាដែលចាំបាច់ត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់ជាតិ។ លោកបន្តថាស្ថាប័នដែលត្រូវពិនិត្យស្ថានភាពចាំបាច់នោះ គឺឧត្តមក្រុមប្រឹក្សាការពារជាតិដែលមានព្រះមហាក្សត្រជាព្រះប្រធាន ។

រីឯលោក គឹម សុខ វិញ និយាយថាច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ បានប្រគល់អំណាចទៅក្នុងដៃលោក ហ៊ុន សែន ទូលំទូលាយពេក ដែលធ្វើឱ្យក្រុមអ្នកប្រឆាំង អង្គការសង្គមស៊ីវិល នឹងក្លាយជាគោលដៅសំខាន់សម្រាប់កម្ចាត់មុនគេ ដើម្បីអំណាចផ្ទាល់ខ្លួន ក្រោមលេសនៃការអនុវត្តច្បាប់ជាដើម។

ដោយឡែកចំណុចខ្លះទៀតចែងឲ្យល្អមើលប៉ុណ្ណោះ ពីព្រោះលោកថាកម្ពុជានៅក្រោមនីតិមាត់ មិនមែននីតិរដ្ឋឡើយ ដោយរស់ក្នុងវប្បធម៌និទ្ទណ្ឌភាព ឬនិរទណ្ឌភាព យុត្តិធម៌ក្រោមបទដ្ឋានអ្នកមានអំណាចឬមានប្រាក់ប៉ុណ្ណោះ។

ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចាកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ  មាន៥ ជំពូក និងមាន១១ មាត្រា។ ប៉ុន្តែខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ បានបង្ហាញពីការដកហូតសិទ្ធិសេរីភាពពលរដ្ឋ និងអនុវត្តការដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់ពលរដ្ឋ និងនីតិបុគ្គលថែមទៀតផង។

ខ្លឹមសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងគ្រាអាសន្នក្នុងមាត្រា៥ បានចែងថានៅពេលប្រទេសជាតិត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការចំនួន១២ចំណុច ដូចជា ហាមឃាត់ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ។ ហាមឃាត់ ឬកម្រិតការសិទ្ធិសេរីភាពក្នុងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស។

លើសពីនេះ រដ្ឋអាចចេញវិធានការឃ្លាំមើល ឬ តាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ព្រមទាំងហាមឃាត់ឬ កម្រិតការចែកចាយឬ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានភាពភ័យខ្លាចដល់សាធារណជនឬចលាជល ឬ នាំឱ្យខូចខាតដល់សន្តិសុខជាតិឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពអាសន្ន ព្រមទាំងវិធានការដទៃទៀត ដែលសមស្របនិងចាំបាច់ជាដើម។

យ៉ាងនេះក្តី កាលពីថ្ងៃទី ៣១ មីនា លោក ហ៊ុន សែន បានប្រាប់ដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្នបានដល់ដៃរដ្ឋសភា ដើម្បីត្រៀមប្រជុំពិភាក្សា និងអនុម័ត ខណៈកាលពីថ្ងៃទី ៣ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅប្រធានព្រឹទ្ធសភាបើកការប្រជុំពិសេស ដើម្បីប្រញាប់ពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយបញ្ជាក់ថា ច្បាប់នេះជាតម្រូវការចាំបាច់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស