36 C
Phnom Penh

អ្នកវិភាគចាស់វស្សាស្នើឱ្យរដ្ឋាភិបាលកែប្រែចំណុចមួយចំនួន នៃសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយចាស់វស្សាមួយរូប បានស្នើឱ្យមានការកែលម្អចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នត្បិតជាចំណុចចែងមិនច្បាស់លាស់ មានភាពទូលំទូលាយពេក និងចំណុចខ្លះគប្បីលុបចោលតែម្តងព្រោះប្រើអារម្មណ៍ច្រើនពេក។

អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយស្នើឱ្យរដ្ឋាភិបាលកែលម្អចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងគ្រាអាសន្ន ខណៈច្បាប់នេះកំពុងស្ថិតក្នុងដៃរដ្ឋសភានៅឡើយ។

សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចាកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និងមាន១១ មាត្រា។

ច្បាប់នេះមាត្រា ២ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។

មាត្រា៣ចែងថា នៅពេលប្រជាជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ។

ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយ ព្រះរាជក្រឹត្យ ហើយការដាក់នោះធ្វើឡើងសម្រាប់ថិរវេលាមានកំណត់ឬ មិនកំណត់ ប៉ុន្តែការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់ថិរវេសាមិនកំណត់ ត្រូវបញ្ចប់ទៅវិញដោយព្រះរាជក្រឹត្យនៅពេលសភាពការណ៍អនុញ្ញាត។

លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថាត្រង់នេះ ហាក់បានប្រគល់អំណាចលើសលប់បន្ថែមលើអំណាចកំណត់ក្នុងរដ្ឋធម្មនុញ្ញ សម្រាប់ប្រឈមនឹងកាល:ទេស:ពិសេសណាមួយ។ ដូច្នេះត្រូវមានព្រំដែនភូមិសាស្ត្រនិងរយ:ពេល ដែលមានកាល:ទេស:ពិសេសនោះ ចៀសវាងកុំឲ្យមានការប្រើប្រាស់ផ្តាច់មុខយូរ ឬប្រើជារៀងរហូត ។ លោកថា ការមិនកំណត់រយ:ពេលនៃភាពអាសន្ន និងការបញ្ចប់ភាពអាសន្នដោយព្រះរាជក្រឹត្យ គឺបើកចំហឲ្យរដ្ឋាភិបាលគ្រប់គ្រងដឹកនាំប្រទេសក្នុងភាពអាសន្នបានយូរឬ ដឹកនាំរហូតបាន។

ជំពូក៣ មាត្រា៥ បានចែងថានៅពេលប្រទេសជាតិត្រូបានប្រកាសដាក់ក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការចំនួន១២ចំណុច ដូចជា ហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។ ការហាមឃាត់ឬកម្រិតការសិទ្ធិសេរីភាពក្នុងការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ឬហាមឃាត់សកម្មភាពការងារឬមុខរបរជាដើម។

ចំណុច ៧ រដ្ឋអាចដាក់ចេញនូវវិធានការទាក់ទងកំណែនជម្លៀសពលរដ្ឋ ដកហូតគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ ឬសេវានានា ដែលចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន ហើយនីតិវិធីកំណែន ឬសំណងត្រូវកំណត់ដោយរដ្ឋជាដើម។

ជាងនេះទៀតចំណុច ១០នៃមាត្រា៥ ដដែល បន្ថែមថារដ្ឋអាចចេញវិធានការឃ្លាំមើល ឬតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាពព្រមទាំងហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានភាពភ័យខ្លាចដល់សាធារណជន ឬចលាចល ឬ នាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពអាសន្ន ព្រមទាំងវិធានការដទៃទៀត ដែលសមស្របនិងចាំបាច់ជាដើម។

ចំណុចទាំង១២ ដែលចែងក្នុងមាត្រា៥នេះ សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ ផ្តល់ជាយោបល់ថាគួរកែប្រែចំណុចខ្លះដូចជាចំណុច ៧ស្តីពីកំណែននិងសំណងកំណត់ដោយរដ្ឋាភិបាល។ លោកថា ចំណុចនេះគួរមានជំពូកមួយដាច់ដោយឡែកស្តីពីគោលការណ៍នៃការទទួលខុសត្រូវ កំណែន និងសំណង ក្នុងការអនុវត្តវិធានការក្នុងមាត្រា ៥ ដែលរួមមានទាំងឧទ្ធរណ៍ទៅតុលាការទៀតផង ។

ដោយឡែកចំណុច ១០ ដែលកំណត់ឃ្លាំមើលនិងតាមដានពលរដ្ឋនោះ លោកថាមិនត្រូវមានទេ ក្នុងករណីភាពអាសន្នសុខាភិបាល សាធារណ: ។

រីឯចំណុច ១១គឺការហាមឃាត់ ការកម្រិតការចែកចាយឬផ្សព្វផ្សាយ ពត៌មានដែលបង្កឲ្យមានចលាចល ឬធ្វើឲ្យមានការភាន់ច្រឡំ ក៏មិនត្រូវមាននោះដែរ ព្រោះថាពាក្យ ចលាចល និងភាន់ច្រឡំ មាននិយមន័យមិនច្បាស់ យល់មិនច្បាស់ គិតទុកមុនអត់កើត ព្រោះតាមអារម្មណ៍ច្រើនពេកហើយ ។ អ្នកវិភាគរូបនេះ ថាជាបទល្មើស ត្រូវកំណត់ឲ្យជាក់លាក់ តាមគោលការណ៍អត់ច្បាប់ អត់ឧក្រិដ្ឋកម្មឬ គ្មានបទល្មើស។

លើសពីនេះ ចំណុច ១២ ដែលកំណត់ដាក់ថាវិធានការផ្សេងទៀតដែលសមស្រប ក៏មិនត្រូវមាននោះដែរ ព្រោះមិនដឹងជាអ្វី គិតទុកមុនអត់កើត ធ្វើតាមអត់កើត ។

ចំណែកកថាខណ្ឌទី២ ពីក្រោមមាត្រា៤ រដ្ឋាភិបាលអាចប្រើប្រាស់កម្លាំងប្រដាប់អាវុធ ហើយចំណុចនេះ បើសំដៅទៅកងទ័ព មិនត្រូវមាននោះទេ ។

លោកបញ្ជាក់ថា រដ្ឋាភិបាលមានសិទ្ធិអំណាចប្រើប្រាស់កងទ័ពឲ្យធ្វើអន្តរាគមន៍ជួយអាជ្ញាធរឯទៀតបើចាំបាច់ តាមច្បាប់គណរដ្ឋមន្ត្រី និងច្បាប់លក្ខន្តិក:យោធិន ។ លោកថាការប្រើប្រាស់យោធាតែម្តង អាចធ្វើឲ្យរបបដឹកនាំមួយក្លាយទៅជារបបយោធា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស