ជប៉ុនបានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ហើយក៏បានបញ្ចេញកញ្ចប់ថវិកា ១លាន លាន ឬ ១ (Trillion) ដុល្លារ ដើម្បីគាំទ្រសេដ្ឋកិច្ចដែលកំពុងជួបអាសន្នដោយកូវិដ។
ជប៉ុនជាប្រទេស ប្រជាធិបតេយ្យ ជឿនលឿនមួយនៅអាស៊ី។ ប្រទេសនេះ មានប្រជាជនជាង ១២៦លាននាក់។ ប្រទេសសេដ្ឋកិច្ចធំទី៣ នេះ បានធ្លាក់ក្នុងស្ថានភាពឆ្លងរាលដាល់ជំងឺកូវិដ១៩ តាំងពីចុងខែកុម្ភៈ ដោយមានអ្នកឆ្លង ៤ពាន់ ១១១ករណី អ្នកស្លាប់ ៩៧ករណី ហើយអ្នកជាសះស្បើយមានចំនួន ៥១៤ ករណី។
តាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo និង NHK នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្សិនហ្សូអាបេ បានប្រកាសថា ការដាក់ភាពអាសន្នដោយផ្នែក ដែលមានរយៈពេលមួយខែគត់ ប៉ុន្តែមិនមែនដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងស្រុងនោះទេ។
តំបន់ ដែលស្ថិតក្នុងភាពអាសន្ននេះ រួមមានទីក្រុងតូក្យូ ទីក្រុងអូសាកា និង ខេត្តចំនួន ៥ផ្សេងទៀត។ បើធៀបទៅនឹងចំនួនប្រជាជនជប៉ុនសរុប គឺស្មើនឹង ៤៤%ឬ ៣៥លាននាក់។
នេះគឺជាការប្រកាសអាសន្នលើកទីមួយរបស់ជប៉ុន ដែលអាចរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជនក្រោយពីសង្រ្គាមលោកលើកទី២។
ប្រភពដដែលឲ្យដឹងទៀតថា ការប្រកាសភាពអាសន្ននេះ គឺមិនតឹងរឹងដូច អាមេរិក ឥណ្ឌា ថៃ ចិន និងបារាំងនោះទេ។ ច្បាប់គ្រាមាន អាសន្ននេះ គឺក្នុងផ្នែកសុខភាព ហើយក៏គ្មានការដាក់ពិន័យ ឬទោសទណ្ឌទៅលើប្រជាពលរដ្ឋនោះដែរ ។ រដ្ឋាភិបាលបានត្រឹមតែប្រើសិទ្ធិតិចតួចប៉ុណ្ណោះដូចជាការ អំពាវនាវឲ្យប្រជាជនស្នាក់នៅតាមផ្ទះ ហើយមុខ ជំនួញមួយចំនួន ត្រូវស្នើអោយបិទបណ្តោះអាសន្ន។
នៅក្នុងរដ្ឋសភា លោកនាយករដ្ឋមន្ត្រីអាបេ បានថ្លែងថា ការសម្រេចប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននេះ ដោយសារជប៉ុនឈានដល់ចំណុច មួយដែលជំងឺឆ្លងបានរាតត្បាតលឿន និងសាយភាយនៅទូទាំងប្រទេស ហើយកំពុងគំរាមកំហែងជីវិតមនុស្ស និងសេដ្ឋកិច្ច ហេតុដូច្នេះហើយទើបត្រូវឲ្យមានការចាប់បង្ខំឲ្យមានស្ថានការណ៍អន្តរកាលដូចនេះ។
ក្នុងស្ថានភាពបែបនេះ លោកអាបេបានប្រាប់សមាជិកសភាថា រដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិការគាំទ្រសេដ្ឋកិច្ច ៩៩០ពាន់លានដុល្លារ គឺស្មើនឹង ២០% នៃទំហំសេដ្ឋកិច្ចសរុបរបស់ជប៉ុន។
នៅចំពោះមុខសមាជិកសភា លោកអាបេអោយដឹងថាច្បាប់នេះមិនមានការដាក់ពិន័យទេសម្រាប់អ្នកមិនគោរព តែលោកសុំឱ្យមានការពិចារណាគោរពទាំងអស់គ្នា និងទទួលយកសម្ពាធពីរដ្ឋាភិបាលដើម្បីសេចក្ដីសុខទាំងអស់គ្នា។
តែនៅមុនការដាក់ប្រទេសក្នុងស្ថានភាពគ្រាមានអាសន្ននេះគឺរដ្ឋាភិបាល បានចុះស្រង់មតិរបស់ពលរដ្ឋ ហើយលទ្ធផលបង្ហាញថាសាធារណជន៨០% បានគាំទ្រការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន រីឯចំនួន១២% ទៀតមិនគាំទ្រដោយឆ្លើយថាមិនមានការចាំបាច់ទេនៅពេលនេះ។
តែយ៉ាងណាអ្នកស្រាវជ្រាវម្នាក់នៃ សកលវិទ្យាល័យ King ខាងផ្នែកសុខភាពសាធារណៈនៃចក្រភពអង់គ្លេស បែរជាមើលឃើញថា ការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ជប៉ុននេះ គឺយឺតពេកហើយក្រោយពីមានការផ្ទុះករណីឆ្លងខ្លាំងនៅរដ្ឋធានីតូក្យូ។ លោកសាស្រ្ដាចារ្យ Kenji Shibuya និយាយថា ជប៉ុនគួរតែត្រូវបានប្រកាសតាំងពីថ្ងៃទី១ មេសាមក ម្ល៉េះ។ បើតាមច្បាប់ជប៉ុន ករណីកូវីដនេះនាយករដ្ឋមន្រ្ដីអាចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នម្ដងទៀត បើសិនជំងឺនេះនាំមកនូវមហន្ដរាយធ្ងន់ធ្ងរដល់ជីវិតមនុស្ស ហើយមានការឆ្លងកាន់តែធ្ងន់ធ្ងរឡើងៗនោះ៕