29 C
Phnom Penh

អ្នកវិភាគមើលឃើញថា ថវិកាបម្រុង៨០០លានទៅ២០០០លានដុល្លារអាមេរិក ជាតួលេខលោក ហ៊ុន សែន និយាយចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយ និងសង្គម ដែលត្រូវបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសដោយសារការធ្វើទុក្ខបុកម្នេញរបស់រដ្ឋការលោកហ៊ុន សែន បានឱ្យដឹងថាបុរសខ្លាំងនៅកម្ពុជា និយាយអំពីរឿងលុយបម្រុងទប់សភាពការណ៍អំឡុងពេលវិបត្តិជំងឺកូវីដ១៩នោះ ជាសម្តីបោកប្រាស់។

កាលពីពេលកន្លងមកលោក ហ៊ុន សែន ធ្លាប់បញ្ជាក់ថារដ្ឋបានត្រៀមកញ្ចប់ថវិកាពី៨រយលាន ទៅ ២ពាន់លានដុល្លារ ដើម្បីទប់ទល់បញ្ហាសេដ្ឋកិច្ច និងបញ្ហាចំពោះស្ថានការជំងឺកូវីដ១៩។

នៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ អ្នកវិភាគនយោបាយនិងសង្គម លោក គឹម សុខ មើលឃើញថា ស្ថានភាពសព្វថ្ងៃប្រឈមខ្លាំងរឿងប៉ះពាល់ជីវភាពពលរដ្ឋទូទៅ ជាពិសេសកម្មករ អាជីវករតូចតាច ពលករ អ្នករត់ម៉ូតូឌុប រ៉ឺម៉ក់កង់បីជាដើម  ប៉ុន្តែផែនការទាំងមូលរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន មកដល់ពេលនេះ មានត្រឹមតែពាក្យ«ផែនការបម្រុង»ប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើងទៀតថា តួលេខដែលលោកហ៊ុន សែន ធ្លាប់ប្រកាសប្រាប់ពលរដ្ឋថា រដ្ឋាភិបាលបានត្រៀមថវិកាចន្លោះពី៨០០លាន ទៅ២ពាន់លានដុល្លារអាមេរិកដើម្បីទប់ទល់សេដ្ឋកិច្ច ទៅនឹងស្ថានភាពជំងឺកូវីដ១៩ គឺជាការនិយាយចោល និយាយអួត និងបង្ហាញពីភាពមិនច្បាស់លាស់ប៉ុណ្ណោះ។

កាលពីម្សិលមិញ និងនៅថ្ងៃនេះលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានសន្សំសំចៃថវិកាបន្ថែមដែលមានចំនួនជិត១ពាន់លានដុល្លារអាមេរិក(៩១៨) ។ លោកថា ថវិកាទាំងនោះបានកាត់បន្ថយការចំណាយពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកបន្តថា ទោះបីជាអត្រានៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតទាប ហើយការព្យាបាលបានជាច្រើនឡើងជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែជំងឺនេះគឺនៅតែជាជំងឺឆ្លងដ៏កាចសាហាវបំផុត។

ដូច្នេះលោកថា កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយវិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមបម្រុងថវិកាសម្រាប់ទិញសម្ភារៈនិងបរិក្ខាពេទ្យ ព្រមទាំងស្បៀងអាហារស្តុកទុក សម្រាប់ជួយប្រជាពលរដ្ឋក្នុងស្ថានភាពមិនអាចមើលឃើញណាមួយកើតឡើង។

លោកបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាសមូលនិធិពីសប្បុរសជន និងពីមន្រ្តីរាជការសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺបានទទួលជាង១១លានដុល្លារអាមេរិករួចហើយ។

សម្រាប់លោក គឹម សុខ មើលឃើញថាការបន្ថយការចំណាយរបស់ស្ថាប័នរដ្ឋ ហើយសន្សំបានប្រាក់ជិត១ពាន់លានដុល្លារនេះ នឹងយកទៅបញ្ចូលខ្ទង់ទឹកប្រាក់ក្នុងបញ្ជីដែលគាត់និយាយកន្លងមក ដែលថា មានថវិកាបម្រុងពី៨០០លាន ទៅ២០០០លានដុល្លារ អាមេរិកនោះ។

កាលពីម្សិលមិញលោក ហ៊ុន សែន ក៏បានលើកឡើងថា រដ្ឋាភិបាលគ្មានលទ្ធភាពដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ក្រុមពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធនោះឡើយ រហូតប្រាប់ឱ្យអ្នករត់ម៉ូតូឌុបលក់ម៉ូតូខ្លួនចាយដើម្បីដោះស្រាយជីវភាព ឬយកប្រាក់ទៅទិញអង្ករហូបក្នុងស្ថានភាពនេះទៀតផង។

យ៉ាងនេះក្តី អ្នកវិភាគលោក គឹម សុខ អះអាងថា កម្ពុជានឹងមានផ្លូវដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះ  ប្រសិនបើមេដឹកនាំដែលមានអំណាចក្នុងដៃបច្ចុប្បន្ន ពិតជាមានបេះដូងស្មោះនឹងជាតិទោះស្ថិតក្នុងកាលៈទេសៈណា ក៏អាចដោះស្រាយរួចដែរ។

ប៉ុន្តែប្រសិនបើប្រើជាតិ ជាឧបករណ៍អំណាចរបស់បុគ្គលហើយ ពេលនោះក៏គ្មានវិធីដោះស្រាយបញ្ហាជាតិដែរ ហើយជាតិនឹងលិចលង់ទៅតាមនយោបាយអំណាចនិយមនោះឯង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស