34 C
Phnom Penh

សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងចាងហ្វាងកាសែតអនឡាញម្នាក់ទៅតុលាការ ដោយចោទពីបទបង្ហោះព័ត៌មានញុះញង់បង្កឱ្យមានភាពវឹកវរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច បានឱ្យដឹងថា ខ្លួនបានបញ្ជូនសំណុំរឿងរបស់ចាងហ្វាងកាសែតអនឡាញ TVFB ម្នាក់ គឺលោក សុវណ្ណ រិទ្ធី ទៅតុលាការនៅរសៀលថ្ងៃទី០៨ ខែមេសា ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានឱ្យដឹងថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួនកាលពីយប់មិញ ដោយចោទពីបទបង្ហោះពត៌មានញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ការចាប់ខ្លួន និងចោទប្រកាន់នេះ បន្ទាប់ពីលោកបានបង្ហោះជាសំណេរផង និងជាវីដេអូផង នៅលើបណ្តាញសង្គមហ្វេសប៊ុកស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ របស់រដ្ឋាភិបាល ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ពីខ្លឹមសារលម្អិតនោះឡើយ។

ប្រភពដដែល អះអាងថាតាមការបំភ្លឺ និងសារភាពដោយផ្អែកលើចម្លើយបំភ្លឺរបស់ឈ្មោះ អែល ស្រីនាង ភេទស្រី អាយុ ២២ឆ្នាំ ជាបុគ្គលិករបស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី និងផ្អែកលើការទទួលស្គាល់ភស្តុតាងវីដេអូឃ្លីបរយៈពេល ៦នាទី៥៤វិនាទី និងសារជាអក្សដែលបានបង្ហោះ ផ្សព្វផ្សាយលើផេកហ្វេសបុក របស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តថា លោក សុវណ្ណ រិទ្ធី ពិតជាបានប្រព្រឹត្តអំពើញុះញុងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមប្រាកដមែន។ 

យ៉ាងនេះក្តី សំណេរ និងវីដេអូ នៅលើទំព័រហ្វេសប៊ុកឈ្មោះ សុវណ្ណ រិទ្ធី ដែលត្រូវបានគេថតបន្ត និងចែករំលែកមុនពេលសំណេរ និងវីដេអូត្រូវបានលុបនោះ បានសរសេរនៅលើវីដេអូថា សម្ដេចហ៊ុន សែន និយាយថា បើអ្នកម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ ព្រោះរដ្ឋាភិបាលគ្មានលទ្ធភាពជួយទេ។

ការលើកឡើងនេះ បន្ទាប់ពីលោកហ៊ុន សែន បាននិយាយពីព្រឹកថ្ងៃម្សិលមិញថារដ្ឋាភិបាលលោកគ្មានលទ្ធភាពជួយដល់ក្រុមពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប អ្នករត់ឡានឈ្នួលជាដើម។ លោកថាក្នុងស្ថានភាពនេះ ពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធទាំងនោះអាចលក់ម៉ូតូចាយសិន ឬយកទិញអង្ករហូបសិន ព្រោះរដ្ឋាភិបាលលោកគ្មានលទ្ធភាពជួយនោះឡើយ។

ក្រោយសមត្ថកិច្ចចាប់លោក សុវណ្ណ រិទ្ធី មិនបានមួយថ្ងៃផង រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានចេញប្រកាសមួយនៅថ្ងៃនេះ ដោយលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ដែលជាឪពុករបស់លោក សុវណ្ណ រិទ្ធី ជាម្ចាស់ចាប់ពីថ្ងៃនេះតទៅ។

ការសម្រេចលុបចោលស្ថាប័នសារព័ត៌មានអនឡាញមួយនេះ ក្រោមហេតុផលថា បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

កាលពីខែមីនា អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Right Watch បានជំរុញឱ្យអាជ្ញាធរកម្ពុជា គួរតែបញ្ឈប់ការចាប់ខ្លួនមនុស្សចំពោះការសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្រោមលេសថាជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬញុះញង់បន្តទៀត ។ ការជំរុញរបស់ Human Right Watch នោះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររបស់ លោក ហ៊ុន សែន បានចាប់ខ្លួនមនុស្សជិត២០នាក់ តាំងពីចុងខែមករា ដោយគ្រាន់តែពួកគេបង្ហាញនូវក្តីបារម្ភឬ ព័ត៌មានពាក់ព័ន្ធនឹងវីរុសកូរ៉ូណានៅកម្ពុជា។

ក្រោយការចាប់ខ្លួនអាជ្ញាធរបានដោះលែងមនុស្សជាង១០នាក់វិញ ដោយភ្ជាប់ការធ្វើកិច្ចសន្យាបញ្ឈប់ការផ្សាយព័ត៌មានមិនពិតបន្តទៀត  ប៉ុន្តែមនុស្ស៤នាក់ ដែលជាអតីតសមាជិក ឬ អ្នកគាំទ្រគណបក្សប្រឆាំង ត្រូវបានបញ្ជូនទៅតុលាការ និងឃុំខ្លួនបន្ត។

នាយករងអង្គការHuman Right Watch ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុនមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនពេលនោះថា រដ្ឋាភិបាលគួរតែបញ្ឈប់ការរំលោភបំពានលើសិទ្ធិសេរីភាពក្នុងការនិយាយស្តីរបស់ប្រជាជនបន្តទៀត។ ផ្ទុយទៅវិញ រដ្ឋាភិបាលគប្បីផ្តោតលើការផ្តល់ជូនសាធារណៈជន ពិសេសព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាអំពីជំងឺកូរ៉ូណាទៅកាន់ពលរដ្ឋវិញជាការប្រសើរជាង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស